អានតួអត្ថបទ
ថៃ

តុលាការ​ធម្មនុញ្ញថៃ​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​របស់​បក្ស​ឈ្នះ​ឆ្នោត

នៅ​ថ្ងៃពុធ​នេះ តុលាការ​ធម្មនុញ្ញ​ថៃ​បាន​ច្រានចោល​​បណ្តឹង​ឧទ្ធរណ៍​ចង់​​​ក្លាយ​ជា​នាយករដ្ឋមន្ត្រីរបស់​លោក ភិថា លឹមចៈរើនរ៉ាត់ ប្រធាន​គណបក្ស​កាវក្លៃ​អ្នក​ឈ្នះ​​ឆ្នោត​។ ការបដិសេធនេះ​បាន​បើក​ផ្លូវឱ្យ​សភា​អាចបន្ត​​សកម្មភាព​ជា​ថ្មី​​​ ក្នុង​ការ​ជ្រើសរើស​ប្រមុខ​រដ្ឋាភិបាល។ សភា​អាច​នឹង​ផ្តើម​បោះឆ្នោត​អនុម័ត​បេក្ខភាព​នាយករដ្ឋមន្ត្រី​ចាប់​ពី​ថ្ងៃ​សុក្រ​ទី ១៨​សីហាទៅ។

តុលាការ​ធម្មនុញ្ញថៃ​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក​ភីថា លឹមចៈរ៉ុងរ៉ាត់ ប្រធាន​បក្ស​ឈ្នះ​ឆ្នោត
តុលាការ​ធម្មនុញ្ញថៃ​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក​ភីថា លឹមចៈរ៉ុងរ៉ាត់ ប្រធាន​បក្ស​ឈ្នះ​ឆ្នោត REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

​ភាព​ទ័លច្រក​នយោបាយក្រោយ​ការ​បោះឆ្នោត​សភា​​ថ្ងៃទី ១៤​ឧសភា ទំនង​ជា​ត្រូវ​ធ្លាយ​និង​ឈាន​ដល់​ទី​​បញ្ចប់។ នៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍​ តុលាការ​ធម្មនុញ្ញ​ថៃ​បានប្រកាស​សម្រេចជា​ឯកច្ឆន្ទ​​បដិសេធ​មិន​ទទួល​ត្រួត​ពិនិត្យ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក​ភិថា លឹមចៈរើនរ៉ាត់​ ប្រធាន​គណបក្ស​កំណែទម្រង់​និយម​កាវក្លៃ​ទេ។

គណបក្ស​កាវក្លៃ​បាន​ឈ្នះ​ឆ្នោត​នាំ​មុខ​គេ​នៅក្នុង​ថ្ងៃ​សម័យ​បោះឆ្នោត​សភា ដោយ​សារ​សំឡេង​គាំទ្រ​របស់​ក្រុម​យុវជន​ដែល​ស្រែក​ឃ្លាន​ការ​ប្តូរផ្លាស់។​ ប៉ុន្តែដោយហេតុ​ឆន្ទៈ​នយោបាយ​ចង់​ធ្វើ​កំណែទម្រង់​ច្បាប់​រាជានិយមថៃ​​ដ៏​តឹង​តែង​បំផុត​មួយ​នៅលើ​ពិភពលោក សភា​និង​ព្រឹទ្ធសភា​ មិន​​ផ្តល់​ការ​គាំទ្រដល់​ប្រមុខ​បក្ស​វ័យ​៤២​ឆ្នាំ​ដែល​ជា​​អតីត​និស្សិត​នៃ​សកលវិទ្យាល័យ​Harvardអាមេរិក​ដ៏​ល្បីល្បាញ ​​​ឱ្យ​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ឡើយ។ លោក​ភិថា​ បាន​ដក​ខ្លួន​ពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​ បន្ទាប់ពីបរាជ័យ​នៅក្នុង​សភា​ជា​លើ​កទីពីរ។ តែ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ថៃ ក្រោយ​​បរាជ័យពីរ​​លើក​នៅក្នុង​សភា ​ទើប​​បេក្ខជន​មាន​សិទ្ធិ​ធ្វើ​ប្តឹង​ទៅ​តុលាការធម្មនុញ្ញ។

ប៉ុន្តែ​ថ្ងៃ​នេះ តុលាការ​ធម្មនុញ្ញ​បាន​មក​បិទ​បញ្ចប់​ក្តី​សង្ឃឹម​ចុងក្រោយ​របស់​លោកភិថា និង​បើក​លទ្ធភាព​ឱ្យ​សភាអាច​​រៀប​ចំ​ការ​ជ្រើសរើស​ប្រមុខ​​រដ្ឋាភិបាល​ជា​ថ្មី។ ការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​តែម្តង។

គណបក្ស​ភឿ​ថៃ ឈ្នះ​ឆ្នោត​លំដាប់​ទីពីរ មាន​ភារៈបង្កើត​រដ្ឋាភិបាល​ថ្មី ដោយ​មាន​លោក​សេដ្ឋា​ថាវីស៊ីន​ជា​​​បេក្ខជននាយករដ្ឋមន្ត្រី។ ​មាន​ទម្ងន់​នយោបាយ​ខ្លាំង​ ​ដឹកនាំ​ដោយ​​គ្រួសារ​ត្រកូលថាក់ស៊ីន គណបក្ស​ភឿ​ថៃ​បាន​ទាក់ទង​ចរចា​ជាមួយ​គ្រប់​គណបក្ស​នយោបាយ​ថៃ រាប់​ទាំង​គណបក្ស​មានពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​ឆ្នាំ​២០១៤ផង ក្នុង​ដំណើរ​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ គណបក្សជឿ​ជាក់​ថា​សភា​នឹង​ផ្តល់​ទំនុក​ឱ្យនិង​​ត្រៀម​លក្ខណៈដឹកនាំ​ប្រទេស​ដោយ​គ្មាន​គណបក្ស​កាវក្លៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ