អានតួអត្ថបទ
ថៃ-ថាក់ស៊ីន

ព្រះមហាក្សត្រ​ថៃ​សម្រាល​ទោស​លោក​ថាក់ស៊ីន​មក​នៅ​ត្រឹម​មួយ​ឆ្នាំ

លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ មាន​ជាប់​ទោសជាប់​ពន្ធនាគារ​​ក្នុង​សំណុំ​រឿង​ពុករលួយ​ជា​ច្រើន​ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ព្រះ​មហាក្សត្រ​ថៃ ព្រះបាទ មហាវិជ្ជរ៉ាឡុងកន បាន​សម្រេច​បន្ថយ​ទោស​ របស់​លោក​អតីត​នាយករដ្ឋមន្ត្រី​ ពី​៨​ឆ្នាំ​មក​នៅ​ត្រឹម​តែ​មួយ​ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ថៃ​ នា​ថ្ងៃ​សុក្រ​ទី ១ កញ្ញា​២០២៣។

លោក​ថាក់ស៊ីន​អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​កូនស្រី
លោក​ថាក់ស៊ីន​អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​កូនស្រី REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​នា​ថ្ងៃ​សុក្រ​ទី​១​កញ្ញា​ បាន​បញ្ជាក់​ថាលោក​ថាក់ស៊ីន​ជា​អតីត​នាយករដ្ឋមន្ត្រី​ដែល​បាន​នាំ​ប្រយោជន៍​ដល់​​ប្រទេស​ជាតិ​និង​ប្រជាជន។ លោក​ថាក់ស៊ីន​មាន​ភក្តីភាព​​នឹង​ស្ថាប័ន​រាជានិយម គោរព​ដំណើរបែបបទ​តុលាការ​ ​ព្រម​ទទួល​ស្គាល់​កំហុស​ និង​ព្រមទទួល​ទោស។ លោក​មាន​អាយុ​ច្រើន និង​មាន​​បញ្ហា​សុខភាព​ដែល​ទាមទារ​ការសម្រាក​​ព្យាបាល​នៅក្នុង​​មន្ទីរ​ពេទ្យ​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ។ ព្រះ​មហាក្សត្រ​​សម្រេច​បន្ថយ​ទោស​លោក​ថាក់​ស៊ីន ពីការ​ជាប់​ពន្ធនាគារ​៨​ឆ្នាំ​មក​នៅ​ត្រឹម​តែមួយ​ឆ្នាំ ដើម្បី​ឱ្យ​លោក​ថាក់ស៊ីន​ចែក​រំលែក​ជំនាញ​និង​​បទពិសោធន៍ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។ នេះ​ជា​អ្វី​

សូម​រំលឹក​ថា​ តុលាការថៃ​បាន​ផ្តន្ទា​ទោស​លោក​ថាក់ស៊ីន ដោយ​កំបាំង​មុខ ឱ្យ​ជាប់​ពន្ធនាគារ​៨​ឆ្នាំ ពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ក្នុង​សំណុំ​រឿង​បី​​និង​ពី​បទ​រំលោភ​អំណាច។ តែ​លោក​បាន​រត់​ចេញ​ប្រទេស​ដើម្បី​គេច​ពី​ទោស​ដែល​លោក​យល់​ថា​មាន​លក្ខណៈនយោបាយ។ បន្ទាប់​ពីនិរទេស​ខ្លួន​អស់​ពេល​ជាង​១៥​ឆ្នាំ​ លោក​ថាក់ស៊ីន អតីត​នាយករដ្ឋមន្ត្រី​ថៃ​ពី​ឆ្នាំ​២០០១​ដល់​ថ្ងៃ​រដ្ឋប្រហារ​២០០៦ បាន​ត្រលប់​ចូល​មាតុប្រទេស​វិញ​នៅថ្ងៃ​ទី ២២​សីហា​២០២៣ ចំថ្ងៃ​ដែលសភា​ថៃអនុម័ត​ជ្រើសតាំង​លោក សេដ្ឋា ថៈវីស៊ីន នៃ​បក្ស​ភឿថៃ​ ជាប្រមុខ​រដ្ឋាភិបាល​ថ្មី។

ក្នុង​​វ័យ​៧៤​ឆ្នាំ ពេលចូល​ជាន់​​ទឹកដី​កំណើត​ភ្លាម​ លោក​ថាក់ស៊ីន​បានចូល​ពន្ធនាគារ​ប៉ុន្មាន​ម៉ោង មុន​នឹង​​បាន​គេ​បញ្ជូន​ទៅ​​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរ​ពេទ្យ ក្រុង​បាងកក​ ក្រោមការ​ឃ្លាំមើល​របស់​ប៉ូលិស។ លោក​ថាក់ស៊ីន បាន​សរសេរ​លិខិត​ទៅ​សុំ​ការលើក​លែង​ទោស​​ពី​ព្រះ​មហាក្សត្រ​ នៅ​​ថ្ងៃ​ព្រហស្បតិ៍​ទី ៣១​សីហា។ បើ​តាម​​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ពន្ធនាគារ ព្រះ​មហាក្សត្រ​អាច​ប្រើពេល​ដល់​មួយ​ខែ​ឬ​ពីរ​ខែ ក្នុង​ការ​សិក្សា​សំណុំ​រឿង​សុំ​ការ​អនុគ្រោះ​ទោស​។ ប៉ុន្តែ​សម្រាប់​លោក​ថាក់ស៊ីន ដំណើរ​បែប​បទ​ប្រើ​ពេលខ្លី។ សេចក្តី​សម្រេចដ៏​លឿន​ បាន​មក​ពង្រឹង​បន្ថែម​នូវ​ពាក្យ​ចចាម​អារាម ជា​ច្រើន​សប្តាហ៍​មកហើយ​ ​​ជុំ​វិញការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​រវាងក្រុម​​ថាក់ស៊ីន​និង​ក្រុម​យោធា​ ដែល​ជា​អតីត​គូប្រជែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ