អានតួអត្ថបទ
វៀតណាម-តុលាការ

តុលាការវៀតណាម​ផ្តន្ទាទោស​សកម្មជនបរិស្ថានម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​៣ឆ្នាំ

ស្រ្តីសកម្មជនបរិស្ថាន​របស់វៀតណាម្នាក់ ត្រូវ​តុលាការ​ក្រុង​ហាណូយ​កាត់ទោស​ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ក្នុងបទចោទប្រកាន់​គេចវេស​មិន​បង់ពន្ធរដ្ឋ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋ​វៀតណាម ហ័ង ធិមិញហ៊ុង  ឆ្លើយសារភាព ទទួលកំហុស និង​យល់ព្រមបង់ប្រាក់ ជាង ១សែនដុល្លារ​ដើម្បីបាន​ទទួលការសម្រួលទោស។ ប៉ុន្តែ សម្រាប់អង្គការការពារ​សិទ្ធិមនុស្ស​ឈ្មោះ The 88 project លោកស្រី​ហ័ង ធិមិញហ៊ុង​ជាសកម្មជនការពារ​បរិស្ថានវៀតណាម​ម្នាក់​ទៀត ដែល​ត្រូវ​របបកុម្មុយនិស្តវៀតណាម​តាមកម្ចាត់ ដោយ​ការប្រើប្រព័ន្ធ​តុលាការ​ជា​អាវុធ។

តុលាការ​ក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍​បាន​កាត់ទោស​លោកស្រី ហ័ង ធិមិញហ៊ុង​ឲ្យជាប់ពន្ធនាគារ​៣ឆ្នាំ​ក្នុង​បទចោទប្រកាន់​លួចគេចពន្ធរដ្
តុលាការ​ក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍​បាន​កាត់ទោស​លោកស្រី ហ័ង ធិមិញហ៊ុង​ឲ្យជាប់ពន្ធនាគារ​៣ឆ្នាំ​ក្នុង​បទចោទប្រកាន់​លួចគេចពន្ធរដ្ © world bank
ផ្សាយពាណិជ្ជកម្ម

តុលាការ​ក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍​បាន​កាត់ទោស​លោកស្រី ហ័ង ធិមិញហ៊ុង​ឲ្យជាប់ពន្ធនាគារ​៣ឆ្នាំ​ក្នុង​បទចោទប្រកាន់​លួចគេចពន្ធរដ្ឋ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋវៀតណាម លោកស្រី ហ័ង ធិមិញហ៊ុង​ដែលគេស្គាល់ថា ជា​ប្រធាន​អង្គការ​ការពារ​បរិស្ថាន​Change បានលួចគេចវេស មិនបង់ពន្ធរដ្ឋ​ប្រមាណ ២៧៥ ០០០ដុល្លារ ដែលមានជាប់ទាក់ទងនឹង​សកម្មភាព​របស់​អង្គការ​របស់​លោកស្រី។

លោកស្រី​ហ័ង ធិមិញហ៊ុងត្រូវ​ប៉ូលិស​វៀតណាម​ចាប់ឃុំខ្លួន​តាំង​ពីខែ​ឧសភា ដើម្បីរង់ចាំ​ការជំនុំជម្រះ​របស់​តុលាការ។ ប្តីរបស់​លោកស្រី​ហ័ង ធិមិញហ៊ុង​បាន​និយាយ​ប្រាប់ទីភ្នាក់ងារ​បារាំង AFP ថា លោកខកចិត្តខ្លាំង ដែល​លោកស្រី​ហ័ង ធិមិញហ៊ុង​ត្រូវ​តុលាការ​កាត់ទោស ដោយ​អយុត្តិធម៌។

លោកស្រី ហ័ង ធិមិញហ៊ុង​ជា​ស្ថាបនិក​ បង្កើត​អង្គការ​បរិស្ថាន​Change ដែលធ្វើការទៅលើ​ការជំរុញ​យុវជន​ឲ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការជួញដូរ​សត្វព្រៃ។ នៅ​ឆ្នាំ ២០១៨ លោកស្រី​ហ័ង ធិមិញហ៊ុង​ធ្លាប់​បានទទួល​ការកោតសរសើរ ពី​លោកប្រធានាធិបតី​អូបាម៉ា ដែលបាន​ផ្តល់​រង្វាន់ជាអាហារូបករណ៍ឲ្យ​លោកស្រី​ទៅ​សិក្សា​នៅសកលវិទ្យាល័យកូឡុំបៀរ​នៅឆ្នាំ​ដដែល។

អង្គការ​ Change របស់​លោកស្រី ហ័ង ធិមិញហ៊ុង​បាន​បិទទ្វារ​ទៅវិញ នៅ​ឆ្នាំ ២០២២ បន្ទាប់ពី​អាជ្ញាធរវៀតណាម ចាប់ខ្លួន​សកម្មជនបរិស្ថាន​សំខាន់ៗ​៤រូប ក្នុង​បទចោទប្រកាន់​គេចមិនបង់ពន្ធរដ្ឋ។

សម្រាប់លោក Ben Swanton មកពីអង្គការ​ការពារសិទ្ធិមនុស្ស The 88 project ជាថ្មីម្តងទៀត របបកុម្មុយនិស្ត​វៀតណាម​បាន​ប្រើ​ប្រព័ន្ធតុលាការ​ជាអាវុធ​សម្រាប់​បំបិទមាត់​អ្នកប្រឆាំង ដូចជា​សកម្មជនការពារ​បរិស្ថាន ដែល​អាជ្ញាធរ​វៀតណាម​ចាត់ទុក​ជា​ឆ្អឹងទទឹងក សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច។

ជាក់ស្តែង លោកស្រី ងុយ ធិខាញ់ ស្ថាបនិក​របស់​អង្គការ​Green ID ដែល​ល្បីឈ្មោះនៅ​វៀតណាម​ខាង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បោះបង់​ចោល​ការប្រើថាមពលធ្យូងថ្ម ត្រូវជាប់ពន្ធនាគារ មួយឆ្នាំ ពីបទគេចមិនបង់ពន្ធរដ្ឋ មុន​នឹងត្រូវ​ដោះលែង​ឲ្យមានសេរីវិញ នៅខែ​ឧសភាកន្លងទៅ។ សម្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស ការបង្ក្រាប​សកម្មជនការពារ​បរិស្ថាន នឹង​ទៅបន្ទុចបង្អាក់​ការប្រឹងប្រែង​របស់​រដ្ឋាភិបាលវៀតណាម​ក្នុងការប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ។ ត្រូវ​ប្រឈមរងគ្រោះ​ដោយសារ​ការឡើងកំពស់ទឹកសមុទ្រ​ដែលគំរាម​ពន្លិច​តំបន់ឆ្នេរ​ភាគខាងត្បូង​វៀតណាម រដ្ឋាភិបាល​វៀតណាមធ្លាប់​សន្យាអនុវត្ត​ឲ្យបាន​អព្យាក្រឹត​កាបូន​នៅឆ្នាំ ២០៥០។ ប៉ុន្តែ នយោបាយ​ជំរុញ​សេដ្ឋកិច្ច​របស់រដ្ឋាភិបាល​ជាញឹកញយ​បានទៅ​ប៉ះជល់​ទង្គិច​ជាមួយ មហិច្ឆតា​អាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ