អានតួអត្ថបទ
បំលាស់ទីកុមារ

កុមារ​ជាង​៤៣​លាន​នាក់ត្រូវ​ខ្ចាត់ព្រាត់​និង​បាក់​ស្បាត​ដោយគ្រោះ​មហន្តរាយ​អាកាសធាតុ

ទឹក​ជំនន់ ព្យុះ​ភ្លៀង​កំណាច ភាព​រាំងស្ងួត ភ្លើង​ឆេះ​ព្រៃ ... គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​ជា​ផលវិបាក​នៃ​​ការ​ប្រែប្រួល​អាកាសធាតុ បាន​បង្ក​ឱ្យ​កុមារ​ជាង​៤៣,១លាន​នាក់ធ្វើ​បំលាស់​ទី នៅ​រវាង​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២១។ នេះ​បើ​តាម​របាយការណ៍​អាសន្ន​របស់​អង្គការ​យូនីសេហ្វ ជា​មួយ​សំឡេង​ថ្ងូរថូរ​ថា​ក្មេង​ទាំង​នោះ​ជា​ជនគ្រោះ​ដែល​គេ​​មើល​រំលង។

កុមារ​ជាង​៤៣​លាន​នាក់ត្រូវ​ផ្លាស់​ទី​ និង​បាក់​ស្បាត​ដោយ​មហន្តរាយនៃការ​ប្រែប្រួល​អាកាសធាតុ
កុមារ​ជាង​៤៣​លាន​នាក់ត្រូវ​ផ្លាស់​ទី​ និង​បាក់​ស្បាត​ដោយ​មហន្តរាយនៃការ​ប្រែប្រួល​អាកាសធាតុ AFP/Ho/Save the children
ផ្សាយពាណិជ្ជកម្ម

ចេញ​ផ្សាយ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៥​តុលា២០២៣ របាយការណ៍របស់​អង្គការ​យូនីសេហ្វបាន​​​រៀប​រាប់​អំពី​ភាព​បាក់​ស្បាត​របស់​កុមារ​រស់​នៅ​ប្រទេស​ក្វាតេម៉ាឡាដែលបង្ខំ​ចិត្ត​​រត់​គេច​ពី​ការ​លង់​លិច​ក្រុង អំពី​ក្មេង​អាមេរិករត់​ពីគ្រោះ​ភ្លើង​ឆេះ​ព្រៃ​នៅ​កាលីហ្វ័រញ៉ា ឬអំពី​ភាពតក់​ស្លុត​របស់​កុមារ​ស៊ូដង់​ក្នុង​គ្រោះ​ទឹក​ជំនន់ ។ល។ និង​។ល។

ជា​សរុប​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២១ គ្រោះ​មហន្តរាយ ​​បួន​មុខ​គឺ ទឹក​ជំនន់ ព្យុះ​កំណាច​ ភាព​រាំងស្ងួត និង​ភ្លើង​ឆេះ​ព្រៃ ដែល​កើត​មាន​កាន់​តែ​ញយ និង​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗដោយ​សារ​ការ​ឡើង​កម្តៅ​នៃភព​ផែនដី បាន​ជំរុញ​ឱ្យ​ក្មេង​ជាង​៤៣,១លាន​នាក់​ក្នុង​៤៤​ប្រទេស​ធ្វើ​បំលាស់​ទី​នៅ​ផ្ទៃ​ក្នុង​ប្រទេស ក្នុងនោះ​៩៥%​បណ្តាល​មក​ពី​ទឹក​ជំនន់​និង​ព្យុះ​កំណាច។ ពោល​គឺ​ក្នុង​មួយ​ថ្ងៃ​ៗមាន​ក្មេង​២ម៉ឺន​នាក់​ត្រូវ​ផ្លាស​ទី​។ នេះ​បើ​តាមការ​លម្អិត​របស់​អ្នក​ស្រី Laura Healy ម្ចាស់​សំណេ​រ​របាយការណ៍ម្នាក់​ ដែល​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា ដូច្នេះ​កុមារ​ទាំង​នេះ​ត្រូវ​ប្រឈម​នឹង​គ្រោះហានិភ័យ​ជា​ច្រើន​ផ្សេង​ទៀត រាប់​តាំងពី​​ការ​ព្រាត់​ប្រាស​គ្រួសារ​ ដល់​ការ​ធ្លាក់​ក្នុង​បណ្តាញ​ជួញ​ដូរ​កុមារ។

​​​​ទិន្នន័យនេះ​ជា​ការ​​រាប់​តែ​ចំនួន​បំលាស់ទី​របស់​កុមារ មិនមែន​ចំនួន​កុមារ​ធ្វើ​បំលាស់​ទី​ទេ។ កុមារ​តែ​ម្នាក់​អាច​ផ្លាស់​ទី​ច្រើន​ដង​។ ហើយពុំ​មាន​ការ​​បែង​ចែង​​រវាង​​ការ​ជម្លៀស​ដើម្បី​បង្ការ និងការ​ធ្វើ​បំលាស់​ទីក្រោយ​គ្រោះ​មហន្តរាយ​អាកាសធាតុ​ទេ។ តែ​របាយការណ៍​ហាក់​មើល​ស្រាល​ខ្លាំង​មែន​ទែន​ការ​ធ្វើ​បំលាស់​ទី​របស់​កុមារ​ដោយ​គ្រោះ​រាំងស្ងួត​ ដែល​ជា​មហន្តរាយ​អូស​បន្លាយ​យឺតៗ​ ពិបាក​តាមដាន​ និង​មិន​រាប់​បញ្ចូល​ករណី​​ធ្វើ​បំលាស់ទី។​​ ដូច្នេះ​ចំនួន​កុមារខ្ចាត់​ព្រាត់ពី​​​ទីកំណើត​ពិត​ជាក់ស្តែង​ទំនង​ជា​ច្រើនជាង​តួលេខ៤៣​លាន​នាក់​នេះឆ្ងាយណាស់ ប្រសិន​បើ​មានការត្រួតពិនិត្យ​ករណី​ធ្វើ​បំលាស់​ទី​ដោយ​​មហន្តរាយអាកាសធាតុ​​ ដែល​ជះ​ផលវិបាកយឺតៗ។

ជា​ចុងក្រោយ របាយការណ៍​បានប្រមើល​ឃើញ​​ថា នៅ​៣០ឆ្នាំ​ខាង​មុខ ទឹក​ជំនន់​​ទឹក​ស្ទឹង​ទន្លេ អាច​នឹង​បង្ក​ឱ្យ​មាន​បំលាស់ទីកុមារ​ប្រមាណ​៩៦​លាន​នាក់ ព្យុះ​ស៊ីក្លូន ១០,៣លាន​នាក់ និង​ការ​លង់​លិច​ដោយ​ព្យុះ​ភ្លៀង​៧,២​លាន​នាក់។ តួលេខ​នេះ​មិន​រាប់​បញ្ចូល​ចំនួនកុមារដែល​ត្រូវ​​ជម្លៀស​ជា​កិច្ចការពារ​មុន​គ្រោះ​ធម្មជាតិ​មក​ដល់​ទេ។

ការ​​រត់​គេច​ពី​គ្រោះមហន្តរាយ ​ការ​​​ភ័យ​ខ្លាច​និង​ការ​បាក់​ស្បាតជះ​ឥទ្ធិពល​អាក្រក់​សម្រាប់​កុមារ​ ដោយ​ត្រូវរស់​ក្នុង​ក្តី​បារម្ភ​ ក្នុង​ការ​រង់​ចាំ​ត្រលប់​ទៅ​ផ្ទះ​សម្បែង​វិញ​ ឬ​ចាប់​ផ្តើម​ជា​ថ្មី។ ​ ការ​ប្តូរ​ផ្លាស់​ទី​បាន​សង្គ្រោះ​ជីវិត​មែន តែ​បង្ក​អស្ថិរភាព​ដល់​ជីវិត​​ខ្លាំងណាស់​។ យូនីសេហ្វ​បាន​អំពាវនាវ​ឱ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទាំង​អស់យក​បញ្ហា​​ព្រាត់​ប្រាស​របស់​កុមារ​​ ទៅ​ជជែក​ពិភាក្សា​​​នៅ​ក្នុង​សន្និសីទអាកាសធាតុ​​អង្គការ​សហប្រជាជាតិ​CoP២៨​ផង។

ថ្វីបើ​ការ​ប្រែប្រួល​អាកាសធាតុ​ជះ​ផលវិបាក​នៅ​ទូទាំង​ពិភពលោក តែ​ហ្វីលីពីន ចិន ឥណ្ឌា ជា​ប្រទេស​មាន​​ជនគ្រោះ​ច្រើនជាង​គេ ដោយហេតុ​​ជាប្រទេសធំ​​មាន​ពលរដ្ឋ​ច្រើន​ បូក​ផ្សំ​​ទីតាំង​ភូមិសាស្ត្រ​និង​ផែនការ​ជម្លៀស​ប្រការ​ទុក​មិន​សូវ​ល្អ។ តែ​បើ​គិត​ជា​ភាគ​រយ​វិញ គឺ​អាហ្វ្រិក​និង​ក្រុមប្រទេស​កូន​កោះ​ ជា​អ្នក​រងគ្រោះខ្លាំង៖ នៅកោះ​ដូមីនិក ៧៦%​នៃ​កុមារ​បាន​ធ្វើ​បំលាស់​ទី​ក្នុង​រយៈ​ពេល​តែ​៦​ឆ្នាំ គុយបា​និង​សាំងម៉ាតាំង​ជាង​៣០% វានូទូ​២៥%​ហ្វីលីពីន​២៣%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ