អានតួអត្ថបទ
ផ្លូវសូត្រថ្មី

ទោះរងការរិះគន់ ចិន​អះអាងថា ទំហំវិនិយោគនៅក្នុង​គម្រោងផ្លូវសូត្រថ្មី កើនឡើងដល់ ២ទ្រីលានដុល្លារ

ចិន​ប្រារព្ធខួប​១០​ឆ្នាំ​នៃការបង្កើតគម្រោងផ្លូវសូត្រថ្មី ឬផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ ជាមួយ​នឹងការប្រកាសលទ្ធផលគួរជាទីមោទនៈសម្រាប់​ចិន។ តាម​សៀវភៅស ដែល​ប៉េកាំង​បង្ហាញជា​ផ្លូវការ នៅថ្ងៃអង្គារ​ទី ១៧ តុលា គម្រោង​វិនិយោគ​សម្រាប់​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ ដែលលោកប្រធានាធិបតី​ចិន ស៊ី ជីនពីង​បាន​ប្រកាស​បង្កើតឡើង​កាលពីឆ្នាំ ២០១៣ បានកើនឡើង​ដល់​ ២ទ្រីលាន​ដុល្លារ។

រទេះភ្លើងនៅកេនយ៉ា​កើតចេញមកពី​គម្រោងវិនិយោគដែលមួយភាគធំជា​ប្រាក់បំណុលខ្ចីពីធនាគារចិន
រទេះភ្លើងនៅកេនយ៉ា​កើតចេញមកពី​គម្រោងវិនិយោគដែលមួយភាគធំជា​ប្រាក់បំណុលខ្ចីពីធនាគារចិន AP - Khalil Senosi
ផ្សាយពាណិជ្ជកម្ម

ខណៈពេល​ដែល​ប្រធានាធិបតី លោក​ស៊ី ជីនពីង​ទទួល​ស្វាគម មេដឹកនាំ​បណ្តា​ប្រទេសជាង ១៣០ ដែលត្រូវ​ចូលរួម នៅក្នុង​វេទិកាផ្លូវសូត្រថ្មី នៅទីក្រុង​ប៉េកាំង នៅសប្តាហ៍នេះ ក្រុមប្រឹក្សារដ្ឋ​ចិន​បញ្ចេញ​សៀវភៅ​ស ដែល​និយាយ​ពី​លទ្ធផល​១០ឆ្នាំ នៃ​គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ​របស់​ចិន។

តាម​សៀវភៅស​របស់​ចិន គម្រោងផ្លូវសូត្រ​ថ្មី ដែលលោក ស៊ី ជីនពីង ប្រកាស​បង្កើតឡើង កាលពី​ឆ្នាំ ១០ឆ្នាំមុន ក្នុង​គោលដៅ​ជំរុញ​សេដ្ឋកិច្ច និង​មហិច្ឆតា ភូមិសាស្រ្តនយោបាយ​របស់​ចិន តាមរយៈ ការសាងសាង ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ តភ្ជាប់ពី​ចិន ទៅបណ្តាប្រទេស​នៅ​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប មានគម្រោង ជាង ៣០០០ ជាមួយ ទឹកប្រាក់​វិនិយោគ​សរុប ជិត​២ទ្រីលាន​ដុល្លារ ដែល​ស្មើនឹង​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​រុស្ស៊ី ឬ​កាណាដា។

ចូលរួម​ពី​ប្រទេស​ជាង ១៣០​នៅក្នុង​ពិភពលោក គម្រោង​ផ្លូវមួយខ្សែក្រវ៉ាត់​មួយ​បាន​កើនទំហំ​ទឹកប្រាក់​វិនិយោគ ជិត​២ទ្រីលាន​ដុល្លារ ប៉ុន្តែ ជាមួយគ្នានោះ វា​ក៏បាន​បង្កើត​បញ្ហា​ប្រាក់បំណុល​របស់​ប្រទេស​សមាជិក។

នៅ​ក្នុង​សៀវភៅ ស ក្រុមប្រឹក្សារដ្ឋ​ចិន​បញ្ជាក់ថា ដើម្បីចូលរួម​នៅក្នុង​គម្រោងផ្លូវសូត្រថ្មី​របស់​ចិន ដែលផ្តោតទៅលើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ ស្ពាន កំពង់ផែ ប្រទេស​ចំនួន​១៣០​បាន​ទៅ​ខ្ចីប្រាក់​ពី​ធនាគារ​រដ្ឋ​ចិន ឈ្មោះ Eximbank ក្នុង​ទំហំ​ទឹកប្រាក់​សរុប ជាង ៣០៧​ពាន់លាន​ដុល្លារ។ អាច​និយាយ​បានថា ប្រទេស​កូនបំណុលនីមួយៗ​ជំពាក់​ប្រាក់​ធនាគារចិន ជាមធ្យម ជាង ២៤០០លាន​ដុល្លារ។

ប៉ុន្តែ តាម​អ្នកជំនាញ ប្រទេស​ដែល​ចូលរួម​នៅក្នុង​គម្រោងផ្លូវសូត្រថ្មី​របស់​ចិន អាច​ជំពាក់បំណុល​ធនាគារ​ចិន​ច្រើនជាងនេះ រហូត​៦ពាន់លាន​ដុល្លារ ជាមធ្យម ព្រោះថា នៅមាន​បំណុលជាច្រើនទៀត ដែល​ចិន លាក់​មិនបង្ហាញជាផ្លូវការ។ ដោយសារ​វិបត្តិប្រាក់បំណុល​ដែល​កាន់តែធ្លាក់ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិកូវីដ និង​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន ចិន​ធ្លាប់សើរើប្រាក់បំណុល​របស់​ប្រទេស​មួយចំនួន​ដែល​គ្មាន​សមត្ថភាព​បង់​ទាន់​ពេលវេលា​អត្រាការប្រាក់ទៅធនាគារចិន។

អាមេរិក​ដែលជា​គូប្រជែង​របស់​ចិន​ធ្លាប់​បាន​ព្រមាន​ពី​ការធ្លាក់លង់ជ្រៅ ទៅ​ក្នុង​វិបត្តិប្រាក់បំណុល របស់​ប្រទេស​ដែលចូលរួម​នៅក្នុង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយរបស់ចិន។ សម្រាប់​អាមេរិក និងសហភាព​អឺរ៉ុប គម្រោងផ្លូវមួយខ្សែក្រវ៉ាត់​មួយ ជា​មធ្យោបាយ​ដែល​ចិន​ប្រើ​សម្រាប់​ផលប្រយោជន៍​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន និង​ដើម្បី​ពង្រីកដែន​ឥទ្ធិពល​របស់​ប៉េកាំង នៅ​ក្នុង​ពិភពលោក។ តាមការចោទប្រកាន់​របស់​អាមេរិក ចិន​ប្រើគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ ដើម្បី​បង្កើតមូលដ្ឋានទ័ព នៅទឹកដីបរទេស នៅក្នុងលេស​ការពារ​សន្តិសុខ​ឲ្យ​គម្រោងវិនិយោគរបស់​ចិន នៅក្នុង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ