អានតួអត្ថបទ

ចិន៖លោកស៊ី ជីនពីងថែមលុយជាង ១០០ ០០០លានដុល្លារទៅក្នុងគម្រោងផ្លូវ និងខ្សែក្រវ៉ាត់

នៅ​ក្នុង​ប្រទេស​ចិន ពិធី​ប្រារព្ធ​ខួប ១០ឆ្នាំ​នៃ​មហា​គម្រោង​ផ្លូវសូត្រ​ថ្មី​រយៈពេល ២ថ្ងៃ​ក្នុង​ក្រុង​ប៉េកាំង​បាន​បិទបញ្ចប់​នា​ថ្ងៃ​ពុធ ទី១៨ តុលា។ ថ្លែង​នៅ​ចំពោះ​វត្តមាន​ថ្នាក់ដឹកនាំ​ចូលរួម​ចំនួន ១៣០ប្រទេស ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​ប្រកាស​បន្ថែម​ប្រាក់​កម្ចី​ជាង ១០០ ០០០លានដុល្លារ​ទៅ​ក្នុង​មហាគម្រោង​មួយ​នេះ។

 ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង
ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង AFP - ANDREI GORDEYEV
ផ្សាយពាណិជ្ជកម្ម

លោក​ស៊ី ជីនពីង​បាន​លំអិត​ថា ប្រាក់​កម្ចី​ទាំង​ជាង ១០០ ០០០លានដុល្លារ​នឹង​ត្រូវ​ផ្តល់​ដោយ​ធនាគារ​ចិន​ចំនួន​ពីរ គឺ​ធនាគារ​អភិវឌ្ឃន៍ និង​ធនាគារ​នាំ​ចេញ នាំ​ចូល។ តាម​ប្រធានាធិបតី​ចិន​រូប​នេះ​ដដែល ប្រាក់កម្ចី​ទាំង​ជាង ១០០ ០០០លានដុល្លារ​នឹង​ត្រូវ​បែង​ចែក​ទៅ​តាម​គម្រោង​ផ្សេងៗ​គ្នា ក្នុង​នោះ មាន​ជិត ៤៨ ០០០លានដុល្លារ​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​ដាក់​បន្ថែម​ចំនួន ១១ ០០០លានដុល្លារ​ទៅ​ក្នុង​មូលនិធិ​ផ្លូវ និង​ខ្សែក្រវ៉ាត់។ គួរ​បញ្ជាក់​ថា មហា​គម្រោង​ផ្លូវសូត្រ​ថ្មី ឬ​ហៅ​ផ្លូវ និង​ខ្សែក្រវ៉ាត់​ជា​គំនិត​ផ្តួចផ្តើម​របស់​លោក​ស៊ី ជីនពីង​កាល​ពី​ឆ្នាំ ២០១៣។

កម្មវត្ថុ​នៃ​ការ​បង្កើត​ឲ្យ​មាន​មហាគម្រោង​មួយ​នេះ​ឡើង គឺ​ដើម្បី​តភ្ជាប់ ក្នុង​គោលដៅ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ី អឺរ៉ុប ឬ​អាហ្រ្វិក​តាម​រយៈ​ការ​សាងសង់​ហេដ្ឋារចនា​ដូច​ជា​កំពង់ផែ ផ្លូវ​រថភ្លើង ផ្លូវ​ថ្នល់ អាកាសយានដ្ឋាន ឬ​ឧទ្យានឧស្សាហកម្ម។ សម្រាប់​ចិន និង​ក្រុម​អ្នកគាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​លោក​ស៊ី មហាគម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់​ជា​មហាគម្រោង​ឈ្នះៗ​ដែល​នាំ​ការ​វិនិយោគ​ដល់​ក្រុម​ប្រទេស​ពាក់ព័ន្ធ ពិសេស​ក្រុម​ប្រទេស​នៅ​ប៉ែក​ខាងត្បូង។ តែ​ទន្ទឹម​គ្នា​នេះ មហាគម្រោង​របស់​ចិន​ក៏​ទទួល​បាន​ការ​រិះគន់​ចាស់​ដៃ​ដោយ​សារ​វា​បាន​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​ក្រីក្រ​ជំពាក់​បំណុល​ចិន​កាន់​តែ​ធ្ងន់ ក។

ចូរ​កុំ​ភ្លេច​ថា ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​ក្រុម​ប្រទេស​សមាជិក​ក្នុង​គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់​ដើម្បី​ឲ្យ​ពួក​គេ​យក​ទៅ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។ តាម​ក្រុង​ប៉េកាំង ប្រាក់កម្ចី​សរុប​ដែល​ចិន​បាន​ផ្តល់​ឲ្យ​មក​ទល់​ពេល​នេះ​មាន​ជាង ២ទ្រីលានដុល្លារ ឬ ២០០០ ០០០លានដុល្លារ។ ក្រៅ​ពី​រឿង​ប្រាក់​កម្ចី​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ខ្លះ ពិសេស​ប្រទេស​ក្រីក្រ​ជាប់​បំណុល​កាន់​តែ​វ័ន ចិន​ក៏​បាន​ទទួល​រង​ការ​រិះគន់​នៅ​ក្នុង​តម្លៃ​នៃ​គម្រោង​ខ្លះ​ដែល​ក្រុមហ៊ុន​ចិន​ជា​អ្នក​ចាត់ចែង។ ជាក់ស្តែង ប្រទេស​ម៉ាឡេស៊ី​ក៏​ដូច​ឥណ្ឌូណេស៊ី​បាន​បង្ខំ​ចិត្ត​សុំ​ចរចា​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​សាងសង់​មួយ​ចំនួន​ដើម្បី​បញ្ចុះ​តម្លៃ។ តែ​សម្រាប់​ចិន គ្រប់​ការ​រិះគន់​ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ​មិន​អាច​រារាំង​មហាគម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់​របស់​ខ្លួន​បាន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ