អានតួអត្ថបទ
ចិន-រ៉ែ-ទីបេ

ការ​សិក្សា៖ តម្រូវការ​រ៉ែ​លីចូម​កំពុង​គំរាមកំហែងបរិស្ថាន​និង​សិទ្ធិមនុស្ស​នៅ​​ទីបេ

ការ​រីក​ចម្រើន​ផ្នែក​ទីផ្សារ​រថយន្ត​អគ្គីសនី​ បាន​ជំរុញ​ឱ្យ​ចិន​សម្រុក​ទៅ​ជីករក​​រ៉ែ​លីចូម​នៅ​តំបន់​ខ្ពស់រាប​ទីបេ។ ប៉ុន្តែ​ការ​ជីក​យក​​រ៉ែ​លី​ចូម​នេះ​អាច​បង្ក​ឱ្យ​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ផង និង​បង្ក​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​កាន់​តែ​ខ្លាំង​ផង​។ នេះ​បើ​តាម​ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅថ្ងៃ​ពុធ​ទី ១​វិច្ឆកា២ឥ២៣។

ផលិតកម្ម​ទាញយក​រ៉ែ​លីចូម ដ៏ចាំបាច់​សម្រាប់​​ធ្វើ​ថ្ម​រថយន្ត​អគ្គិសនី
ផលិតកម្ម​ទាញយក​រ៉ែ​លីចូម ដ៏ចាំបាច់​សម្រាប់​​ធ្វើ​ថ្ម​រថយន្ត​អគ្គិសនី AP - John Locher
ផ្សាយពាណិជ្ជកម្ម

ចិន​ជា​ទីផ្សារ​រថយន្ត​អគ្គិសនី​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ ​រហូត​មក​ទល់​ពេលនេះ​​ចិន​តែង​រំពឹង​​លើការ​នាំ​ចូល​រ៉ែ​លីចូមដែល​ជា​លោហៈ​ដ៏​ចាំបាច់​បំផុត​សម្រាប់​ផលិត​ថ្ម (អាគុយ) មក​ពីបណ្តា​​​​ប្រទេស​ផ្សេងៗ​។ ហើយ​ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ ប៉េកាំង​ទើប​បាន​ចាប់​ផ្តើម​ធ្វើ​ផលិតកម្មរ៉ែនៅក្នុងស្រុក​ ត្រង់​​តំបន់​ខ្ពង់រាប​ទីបេ ដែលមានកប់​​រ៉ែ​​លីចូម​ក្រោម​ដី​ប្រមាណ​៨៥%​នៃ​ធនធានលីចូម​សរុប​របស់​ប្រទេស។ ការ​សិក្សា​ភូគព្ភសាស្ត្រ​ចិន​ប៉ាន់​ស្មាន​ថា​​តំបន់ខ្ពង់រាប​​ទីបេ ​​ខេត្ត​ស៊ីឈន់និង​ខេត្ត​ជីនហៃ ​​​មានកំណប់​​រ៉ែ​លីចូម​ប្រមាណ​​៣,៦​លាន​តោន​។

ប៉ុន្តែ​ការ​សម្រុក​ទៅរុក​រក​រ៉ែ​លី​ចូម​បានប៉ះពាល់​ដល់​​បរិស្ថាន​យ៉ាង​ខ្លាំង ព្រោះ​តែ​ចិន​បាន​ប្រើ​បច្ចេកវិទ្យា​ជីក​និង​ចម្រាញ់​រ៉ែ​ ដែល​លឿន​រហ័ស​ ថោក និង​ពុល​ខ្លាំង។ នេះ​បើ​តាម​របាយការណ៍របស់​​បណ្តាញ​អ្នក​ស្រាវជ្រាវ​ទីបេTurquois Roof ដែល​ប្រើ​​ទិន្នន័យ​ផ្កាយ​រណប​ និង​​​ប្រភព​សាធារណៈ​ ​បង្ហាញ​គំនូស​តាងស្តី​ពី​ផលប៉ះពាល់​នៃការ​ធ្វើ​ផលិតកម្ម​រ៉ែ​លីចូមនៅ​តំបន់​​ដាំដុះ​ទី​បេ។

ផលិត​កម្ម​រ៉ែ​លីចូម បង្ក​ឱ្យ​មាន​ការ​​បំពុលបរិស្ថាន​នៃ​តំបន់ទីបេ​ដ៏​ធំ​ទូលាយ​​ដែល​មាន​​ជីវចម្រុះច្រើន តែ​ងាយ​រងគ្រោះ​ដោយ​ការ​ប្រែប្រួលអាកាសធាតុ។ សម្រាប់​​របាយការណ៍​ដដែល​នេះ អណ្តូង​រ៉ែ​លីចូម​នៅ​ស៊ីឈន់​បាន​សម្លាប់​ត្រី​ក្នុង​ស្ទឹង​ និង​បង្ខូច​វាល​ស្មៅ​សម្រាប់​ចិញ្ចឹម​សត្វ​អស់​យ៉ាង​ច្រើន​ណាស់។ ក្រុមហ៊ុនផលិត​អាគុយ​CATL​ បាន​ទទួល​សិទ្ធិ​ធ្វើ​ផលិតកម្ម​ទាញយក​​​​រ៉ែ លើ​គ្រប់​ផ្ទៃ​ដី​មាន​លីចូម។ ​ឯ​ពលរដ្ឋ​មិន​បាន​ដឹង​ថា​ដី​ចិញ្ចឹម​សត្វ​របស់​ខ្លួន​ត្រូវ​បាន​រដ្ឋ​លក់​ឱ្យ​អាជីវកម្ម​រ៉ែ​ទេ។ ពលរដ្ឋ​ទីបេ​គ្មាន​សិទ្ធិ​សម្រេច​អ្វី​ទាំង​អស់​ទាក់​ទង​នឹង​ទាញ​យក​ធនធាន​ដ៏​សម្បូរ​បែប​របស់​ទីបេ។ នេះបើ​តាម​របាយការណ៍​ដដែល​។

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​រដ្ឋាភិបាល​លោក​ខាង​លិច ធ្លាប់​ចោទ​ប្រកាន់​គណបក្ស​កុម្មុយនិស្ត​ចិន​តាំងពី​យូរ​មក​ហើយ​ថា​បាន​រំលោភ​បំពាន​លើ​សិទ្ធិ​ពលរដ្ឋ​ទីបេ តែ​ប៉េកាំង​បដិសេធ។

​អ្នក​ស្រាវជ្រាវ​ទីបេ​ចេញ​របាយការណ៍​នេះ​ក្នុង​បរិបទ​ដែល​ចិន​កំពុង​ស្វះស្វែង​ពង្រឹង​ការ​ផ្គត់ផ្គង់​ធនធាន​រ៉ែយុទ្ធសាស្ត្រ​​ ដើម្បី​ទប់ទល់​​នឹង​ការ​លំបាក​​ពាណិជ្ជកម្ម​​ជាមួយ​បណ្តា​ប្រទេស​នាំ​ចេញ​​រ៉ែលោក​ខាង​លិច។ កាលពី​ថ្មីៗ​កន្លង​ទៅនេះ ប៉េកាំង​​​បាន​រឹត​បន្តឹង​​វិធានការ​នាំ​ចេញ​រ៉ែ​ក្រាហ្វីត​ ដ៏​ចាំបាច់​ដែរ​សម្រាប់​ផលិត​ថ្ម​រថយន្ត​អគ្គិសនី ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​បន្តឹង​ការ​លក់​បន្ទះ​សឺមីកុងឌុចទ័រ​ទៅ​ឱ្យ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ