អានតួអត្ថបទ

ជប៉ុន​-អាស៊ាន ពង្រឹង​កិច្ចសហ​ការ​សន្តិសុខ​និង​បរិស្ថាន​អាកាសធាតុ

ក្នុង​ឱកាសអបអរ​​រំឭក​ខួប​ទំនាក់ទំនង​ការទូត​ ៥០ឆ្នាំ ​ រដ្ឋាភិបា​ល​ក្រុង​តូក្យូ​ បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​អាស៊ាន​​ ចូលរួម​កិច្ច​ប្រជុំ​កំពូល​ជប៉ុន​-អាស៊ាន ដែល​ចាប់ផ្តើមបើក នៅ​​​ថ្ងៃសៅរ៍ ទី​១៦ ខែ​ធ្នូ។ ​​កិច្ច​ប្រជុំ​កំពូល​នេះ ផ្តោត​ជាសំខាន់​ទៅលើការ​ពង្រឹងកិច្ចសហប្រតិបត្តិការ«សន្តិសុខផ្លូវ​សមុទ្រ​» ខណៈ​ពេល​ដែល​បណ្តាប្រទេស​ក្នុង​តំបន់ កំពុង​ជួប​ភាព​តានតឹង​ជាមួយ​រដ្ឋអំណាច​ក្រុង​ប៉េកាំង ជុំវិញ​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រៅពី​បញ្ហា​សន្តិសុខ​ផ្លូវ​សមុទ្រ ក៏​មាន​ប្រធាន​បទ​បរិស្ថាន​អាកាសធាតុ​ដែរ។​

នៅតូក្យូ នាយករដ្ឋមន្ត្រីជប៉ុន ចាប់ដៃ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ជាប្រធាន​ផ្លាស់​វេន​អាស៊ាន។​
នៅតូក្យូ នាយករដ្ឋមន្ត្រីជប៉ុន ចាប់ដៃ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ជាប្រធាន​ផ្លាស់​វេន​អាស៊ាន។​ AP - Eugene Hoshiko
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​កំពូលជប៉ុន​- ​អាស៊ាន នេះ​បាន​យកចិត្តទុក​ដាក់អំពី​ការ​​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ រាប់​ទាំង​បញ្ហា​សន្តិសុខ​​​ផ្លូវ​សមុទ្រ​ ដែល​ជប៉ុន ចាត់ទុកថា​នេះ​ជា​​«បញ្ហា​រួម​»​​។ បើតាមរដ្ឋបាល​​រាជធានី​តូក្យូ ក្នុង​សេចក្តី​ប្រកាស១ ដែល​ទីភ្នាក់ងារព័ត៌មាន​បារាំង​AFP ទទួល​បាន គឺ​ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សំណុំរឿង​«សន្តិសុខ​​ផ្លូវ​សមុទ្រ»​ ជាក្តី​កង្វល់​រួមរបស់ក្រុង​តូក្យូ​ ពី​ព្រោះ​ ជប៉ុន ក៏​​មាន​បញ្ហា​ផ្លូវ​សមុទ្រ​ជាមួយ​ចិន។ ក្នុង​សំណុំរឿងជម្លោះសមុទ្រចិនខាងត្បូង គឺ មហាយក្ស​ចិនទាមទារដែនសមុទ្រ ដែលធ្វើឲ្យបង្កជម្លោះជាមួយសមាជិកអាស៊ាន ជាច្រើន​ ដូចជា​ ព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម ហើយនៅមាន តៃវ៉ាន់ ដែរ ក៏ប៉ះពាល់ក្នុងសំណុំបញ្ហានេះ​។

ជប៉ុន ​ជា​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋអាមេរិក ហើយ​បាន​ចូល​រួម​ក្នុង​«សម្ព័ន្ធ​ចតុភាគី Quad» ​ដែល​មាន​ សហ​រដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន។​​ពេល​នេះ ជប៉ុន ចង់​ពង្រឹង​វិស័យ​សន្តិសុខ​ជាមួយ​អាស៊ាន​ទៀត។  នេះក៏​​ដើម្បី​ទប់ទល់​ឥទ្ធិពលរបស់​មហាយក្ស​​ចិន​។​

នៅថ្ងៃ​សៅរ៍​ នាយករដ្ឋមន្ត្រីជប៉ុន លោក​ ហ្វូមីអូ គីស៊ីដា ​និង នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ​លោក អានវ៉ា អ៊ីប្រាហ៊ីម បាន​ពិភាក្សា​គ្នា ហើយ​យល់ព្រម​ព្រៀង​សហការការគ្នា ក្នុង​កម្រិត​ជា​ដៃ​គូ​សហការជាយុទ្ធសាស្ត្រ​។ ហើយ​ចំណែកហ្វីលីពីន ប្រធានាធិបតី​  ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ក៏​អញ្ជើញ​ទៅតូក្យូ​​ដោយ​ផ្ទាល់ ហើយ​បើតាម​កាសែត​ក្នុង​ស្រុក​ គឺ​ ជប៉ុន ​និង ​ហ្វីលីពីន ក៏​ត្រៀម​នឹង​ជជែក​គ្នា​បន្ថែមទៀត ជុំវិញ​កិច្ចព្រមព្រៀង​វិស័យ​សន្តិសុខ ដែល​អនុញ្ញាត​អាច​ឲ្យ រដ្ឋបាល​តូក្យូ និង​ម៉ានីល ​បោះទីតាំង​មូលដ្ឋាន​​យោធា នៅ​ក្នុង​ប្រទេស​ទាំងពីរ​ទៅវិញទៅមក។​

កិច្ចប្រជុំ​កំពូលជប៉ុន-​អាស៊ាន​ មិន​រំលង​ពីក្រសែភ្នែក​ចិន​ឡើយ។ រដ្ឋអំណាច​ចិន​ប៉េកាំង ជឿថា រាល់​កិច្ចសហការ​គ្នា គឺត្រូវ​ឈរលើ​ទំនុក​ទុក​ចិត្ត​គ្នា និង​ដើម្បី​ផលប្រយោជន៍​រួម ដែល​មិន​ប៉ះពាល់​ដល់​ សន្តិភាព និង ស្ថិរភាព​ ក្នុង​តំបន់។ នេះបើតាម​​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន អ្នកស្រី ម៉ៅ នីង ដែល​ថ្លែ​ង​នៅថ្ងៃសុក្រ ក្នុង​ពេល​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ។​

ចំពោះភាគីអាស៊ាន គ្មាន​អ្វី​ភ្ញាក់​ផ្អើលទេ! ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន​ ជំរុញ​អំពាវនាវ​ឲ្យ​តំបន់សមុទ្រ​​អាស៊ីប៉ាស៊ីហ្វិក ​មានភាព​«សេរី និង​បើកចំហ» ​និង​ គោរព​បទដ្ឋានច្បាប់​សមុទ្រ​អន្តរជាតិ​ ហើយ​និង​ដោះស្រាយ​ជម្លោះ​ដោយ​ប្រកាន់​ស្មារតី​សន្តិភាព​និយម​។​

សូ​ម​ជ្រាបថា សមាជិក​អាស៊ាន​ ១ ​គឺ ភូមា គ្មាន​​ការ​អញ្ជើញ​ផ្លូវការ​ទេ។ ដ្បិតថា ថ្នាក់ដឹកនាំ​កំពូល​របប​សឹក​ភូមា ​មិន​គោរព​តាម​កិច្ចព្រមព្រៀងគ្នា​​ជាឯកច្ឆន្ទៈ​ ទាំង ​៥ ចំណុច ដែល​បាន​សន្យា​ជាមួយ​ អង្គការ​សហ​ប្រជាជាតិ​។

តាម​គម្រោង ថ្ងៃច័ន្ទ ទី​១៨ធ្នូ​​​ នាយករដ្ឋមន្ត្រី​អូស្ត្រាលី អង់តូនី អាល់បានីស៊ី (Anthony Albanese) នឹង​ចូល​រួម​ប្រជុំ​ដែរ ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​បរិស្ថាន​អាកាសធាតុ ពិសេស​មធ្យោបាយ​កាត់​បន្ថយ​ធ្យូងថ្ម ដែលជាប្រភព​ផ្សែងពុល និង​កម្តៅផែនដី​​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ