អានតួអត្ថបទ

តៃវ៉ាន់ផ្តើម​កាត់ទោស​ជនជាប់​សង្ស័យ​ករណី​​ជ្រៀតជ្រែក​​ក្នុងការ​បោះឆ្នោត

ដើមសប្តាហ៍នេះ ​ តុលាការ​ក្រុង​តៃប៉ិ បាន​ប្រកាស​​កាត់​ក្តី​​បុរសម្នាក់ ដែល​ជាប់​បទចោទប្រកាន់​ករណី​​លួង​លោម​ទិញ​ទឹកចិត្ត​និងសូក​លុយម្ចាស់​ឆ្នោត​ ដើម្បីឲ្យ​បោះឆ្នោត​​គាំទ្រ ​បេក្ខជន ដែលមាន​ជំហរនិន្នាការ​ផ្អៀង​ទៅ​រដ្ឋអំណាច​ចិនប៉េកាំង។ បុរសជនសង្ស័យ​ម្នាក់​នេះ មាន​សញ្ជាតិ​តៃវ៉ាន់ និងដែល​តុលាការ​ឲ្យស្គាល់​ត្រឹមឈ្មោះថា ចេង។ ចេង ត្រូវ​ជាប់ចោទប្រកាន់​ជាច្រើន​ករណី ជារួម បទល្មើស​រារាំង​រំខាន និង​​ជ្រៀតជ្រែក​​​ក្នុងការ​បោះឆ្នោត​។ ​រូប​គេនេះបាន​ផល​ចំណេញ​កម្រៃ​ជើង​សាផ្ទាល់ខ្លួន តាម​រយៈ​ការ​ទិញ​ទឹកចិត្ត​ម្ចាស់​ឆ្នោត​តៃវ៉ាន់​។​ នេះបើ​តាម​សេចក្តីប្រកាស​ដំណឹង​របស់​ក្រុម​អយ្យការ 

ការ​ថ្លែងសារ​ឃោសនា​បោះឆ្នោត របស់​បក្ស​ពលរដ្ឋតៃវ៉ាន់ នៅថ្ងៃទី២៣ធ្នូ។
ការ​ថ្លែងសារ​ឃោសនា​បោះឆ្នោត របស់​បក្ស​ពលរដ្ឋតៃវ៉ាន់ នៅថ្ងៃទី២៣ធ្នូ។ REUTERS - ANN WANG
ផ្សាយពាណិជ្ជកម្ម

រដ្ឋអាជ្ញាតៃវ៉ាន់ បាន​បញ្ជាក់ដែរថា ជនជាប់​ឈ្មោះ ចេង គឺ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ចំនួន ប្រមាណ ៦០ អឺរ៉ូ ប្រសិន​បើរូប​​គេអូសទាញ​បញ្ចុះ​បញ្ចូល​ម្ចាស់​ឆ្នោតម្នាក់។​ ហើយ​​ក្នុងពេល​​ដំណើរ​​និងការ​ស្នាក់​នៅសម្រាប់​បំពេញ​សកម្មភាព​នេះ រូបគេ​ក៏​បាន​ទទួល​ការ​ឧបត្ថម្ភ​ផ្គត់​ផ្គង់​អំពី​សំណាក់​ រដ្ឋបាល​ថ្នាក់តំបន់​​របស់​ចិន​ដីគោក។ បើតាម​រដ្ឋអាជ្ញាតៃវ៉ាន់ បុគ្គល ​ចេង នេះ ជា​មនុស្ស​នៅក្រុម​អ្នកគាំទ្រ​កាន់​ជើង​ចិនប៉េកាំង​ ដែល​ជាក្រុម​អ្នក​អំពាវនាវ​ឲ្យ​បង្គ្រួប​បង្គ្រួមកោះតៃវ៉ាន់​និង​ចិន​ដីគោក។​

ជាការ​កត់សម្គាល់ ​តុលាការ​តៃវ៉ាន់​ប្រកាស​ផ្តើម​ដំណើរ​ការ​ជនុំជម្រះក្តី​សំណុំ​រឿងនេះ និង​នៅក្នុង​វេលា​នេះ គឺត្រូវ​ធ្វើ​ឡើង​​ក្នុង​​កាលៈ​ទេសៈ​មួយ​ ដែល​ការបោះឆ្នោត​ជាតិ​តៃវ៉ាន់ កាន់តែ​កៀក​ខិត​ជិត​ចូលមកដល់។ ពោលគឺ​​នៅ​ថ្ងៃទី​​១៣មករាខាងមុខ។ នេះជាការបោះឆ្នោះដ៏សំខាន់ ព្រោះដើម្បីជ្រើសរើស ប្រធានាធិបតី​តៃវ៉ាន់ ផង និង​ប្រធាន​សភា ផង។ សំខាន់​មួយ​បែបទៀត គឺ អនាគត​បេក្ខជន ដែល​​ជាប់ឈ្មោះឈ្នះ​សំឡេង​ឆ្នោត បាន​​​ដឹកនាំតៃវ៉ាន់ ក៏​ជាកត្តា​កំណត់​អំពីទំនាក់ទំនង​​ ល្អ​ឬមិនល្អ រវាង​មហាយក្សចិន សហរដ្ឋអាមេរិក និង​ កោះ​តៃវ៉ាន់។ ហេតុនេះ ក្នុងដំណើរការ​បោះឆ្នោត ដែល​កាន់តែ​ជិត​ចូល​មកដល់ ក្នុង​ពីរបី​សប្តាហ៍ទៀត គឺ​វា​ឋិត​ក្រោម​ក្រសែភ្នែក​ឃ្លាំមើល​យ៉ាង​ដិតដល់​ជាទីបំផុត របស់​រដ្ឋបាល​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន។​ ក្នុង​ដំណាក់​កាលនេះដែរ ក្តីបារម្ភ​ធំ​បំផុត​របស់​ក្រុង​តៃប៉ិ គឺ​ព្រួយ​​ខ្លាច​ក្រែង​មានការ​លូក​ដៃ​ជ្រៀត​ជ្រែត​ពីសំណាក់​​រដ្ឋអំណាច​ចិន​ នាំឲ្យ​ជះឥទ្ធិពល​លើលទ្ធផល​បោះឆ្នោត។​

ជាការរំឭក ករណី១ទៀត ​ដើមខែធ្នូ រដ្ឋអាជ្ញាក្រុង​តៃប៉ិ បាន​ប្រកាសឲ្យដឹង​ថា​ កំពុងតែ​ស៊ើប​អង្កេត​លើ​បុរស​ ៥ នាក់ ជាប់​​សង្ស័យ​ថា​ត្រូវ​រដ្ឋអំណាច​ចិន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​ការ​ធ្វើ​ដំណើរ​របស់ពួក​គេ​ ដើម្បី​ទៅបញ្ចុះ​បញ្ជូល​ម្ចាស់​ឆ្នោត ចំនួន ៦០នាក់។​ មេខ្លោង​នៃ​ជន​សង្ស័យ​ទាំង៥ ឈ្មោះ ជូ ក៏​បាន​រៀបចំ​ឃុបឃិត​ ធ្វើ​ស្ទង់​មតិ​មុន​បោះឆ្នោត ដើម្បី​ឲ្យ​រំលេច​ឥទ្ធិពល​ទៅលើស្មារតី​ម្ចាស់​ឆ្នោត​តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ