អានតួអត្ថបទ
ជប៉ុន

គ្រោះថ្នាក់យន្តហោះប៉ះគ្នា​នៅតូក្យូ៖ អាជ្ញាធរ​ជប៉ុនសន្យា​​បើកការស៊ើបអង្កេតស៊ីជម្រៅ​​ រកមូលហេតុ

មិនទាន់​មាន​ការបញ្ជាក់ពីមូលហេតុច្បាស់​លាស់ណាមួយ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ​យន្តហោះ២ប៉ះគ្នា ផ្ទុះឆេះនៅ​ឯព្រលានយន្តហោះHaneda ក្រុងតូក្យូទេ។ ថ្ងៃពុធទី​៣មករា អាជ្ញាធរជប៉ុន សន្យាបើកការស៊ើបអង្កេតឲ្យ​បានស៊ីជម្រៅបំផុត​​ ដើម្បី​រកមូលហេតុ មិនថាវាមានលក្ខណៈជា​កំហុសបច្ចេកទេស ឬជាការធ្វេសប្រហែស។ សូមបញ្ជាក់ថា គ្រោះថ្នាក់យន្តហោះ​ដែលបានកើតឡើង កាលពីក្បាលព្រលប់ថ្ងៃអង្គារនេះ​​ បានបណ្តាល​ឲ្យស្លាប់​មនុស្ស៥នាក់ ស្របពេលដែល​ជប៉ុន​ ទើបតែបាន​ជួបគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ​ ស្លាប់​មនុស្សជាង​៦០នាក់ កាលពីថ្ងៃចន្ទ​។

រូបថតពីលើ បង្ហាញឲ្យ​ឃើញ យន្តហោះ Airbus A350 របស់​Japan Airlines ឆេះអស់សល់តែស្លាបនិងកន្ទុយបន្តិច នៅព្រលានយន្តហោះ Haneda ក្រុងតូក្យូ ព្រឹកថ្ងៃពុធ ទី​៣មករា២០២៤
រូបថតពីលើ បង្ហាញឲ្យ​ឃើញ យន្តហោះ Airbus A350 របស់​Japan Airlines ឆេះអស់សល់តែស្លាបនិងកន្ទុយបន្តិច នៅព្រលានយន្តហោះ Haneda ក្រុងតូក្យូ ព្រឹកថ្ងៃពុធ ទី​៣មករា២០២៤ AP
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរជប៉ុន​បានឲ្យដឹង នៅថ្ងៃពុធទី​៣មករា ថាមូលហេតុដែលបណ្តាល​ឲ្យ​មានគ្រោះថ្នាក់យន្តហោះប៉ះគ្នា ផ្ទុះឆេះ កើតឡើងកាលពី​ថ្ងៃ​​អង្គារទី២មករា គឺគេមិនទាន់ដឹងច្បាស់នោះទេ។ ការស៊ើបអង្កេតចំនួន​២ផ្សេងគ្នា ត្រូវបានគេចាប់ផ្តើម​បើក ទីមួយធ្វើឡើងដោយនគរបាល​ជប៉ុន និងមួយទៀត ធ្វើឡើងដោយ​ការិយាល័យ​សន្តិសុខ​ដឹក​ជញ្ជូនជប៉ុន​ (JTSB)។ បន្ថែមពីនេះ ការិយាល័យ​ស្រាវជ្រាវនិង​វិភាគដើម្បីសន្តិសុខផ្លូវអាកាសបារាំង បានបញ្ជូន​អ្នកស៊ើបអង្កេត៤នាក់ ព្រមទាំងអ្នកជំនាញបច្ចេកទេស របស់ក្រុមហ៊ុនAirbus ៥នាក់ទៀត ដើម្បីជួយ​ដល់​ក្រុមការងារស៊ើបអង្កេតជប៉ុន ព្រោះថាយន្តហោះដែលបានផ្ទុះឆេះ គឺជាយន្តហោះ Airbus A350។

សូមបញ្ជាក់ថា ហេតុការណ៍​យន្តហោះប៉ះគ្នា​ផ្ទុះឆេះនេះ បានកើតឡើង កាលពីក្បាលព្រលប់ថ្ងៃអង្គារទី​២មករា នៅព្រលានយន្តហោះ Haneda ក្រុងតូក្យូ។ យន្តហោះ Airbus A350 របស់ក្រុមហ៊ុន​ Japan Airlines ផ្ទុកមនុស្ស​សរុប​៣៧៩នាក់មកពី​ក្រុងសាប៉ូរ៉ូ កោះហុកកៃដូ កំពុងតែចុះចតដល់ដី ស្រាប់តែបានផ្ទុះឆេះ បន្ទាប់ពីបានប៉ះទង្គិចជាមួយ​យន្តហោះមួយទៀត ប្រភេទ Dush 8 របស់​កងឆ្មាំសមុទ្រជប៉ុន​។

មនុស្ស​ទាំង​៣៧៩នាក់​ក្នុងយន្តហោះ Japan Airlines ត្រូវបាន​ជម្លៀសចេញ​ដោយសុវត្ថិភាព មុននឹងយន្តហោះ ត្រូងអណ្តាត​ភ្លើង​ឆាប​ឆេះអស់សល់តែគ្រោងឆ្អឹង​។ ​មានមនុស្សរបួសស្រាល ចំនួន​១៤នាក់។ លោក Doug Drury អ្នកជំនាញសន្តិសុខអាកាសចរណ៍ នៅសកលវិទ្យាល័យ Queensland អូស្ត្រាលី បាន​កោតសរសើរដល់​ក្រុមការងារបម្រើការលើយន្តហោះ របស់ក្រុមហ៊ុន​Japan Airlines ដែល​បានអនុវត្តនីតិវិធីជម្លៀសអ្នកដំណើរយ៉ាងល្អឥតខ្ចោះ ក្នុងពេល​មិន​ឲ្យ​លើសពី​៩០វិនាទី​ ដោយគោរពទៅតាម​ក្រិត្យ​ក្រមសន្តិសុខ។

ដោយឡែក ជាអកុសល យន្តហោះរបស់កងឆ្មាំសមុទ្រជប៉ុន ដែលមានផ្ទុកមនុស្ស​៦នាក់ គឺត្រូវបាន​ផ្ទុះឆេះអស់ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស៥នាក់។ មានតែអ្នកបើក​បរយន្តហោះ១នាក់ប៉ុណ្ណោះ ដែល​នៅរស់ តែរងរបួសធ្ងន់​។ ក្នុងពេល​មានគ្រោះថ្នាក់ យន្តហោះនេះ ហៀបនឹងចេញដំណើរឆ្ពោះទៅកាន់តំបន់រងគ្រោះរញ្ជួយដី នៅភាគខាងលិចជប៉ុន ដើម្បីដឹកជញ្ជូនស្បៀងនិង​សម្ភារៈទៅជួយ​ប្រជាជនរងគ្រោះ។

ក្រុមការងារស៊ើបអង្កេត កំពុងពិនិត្យ​បំណែកយន្តហោះ Dush 8 របស់​ឆ្មាំសមុទ្រជប៉ុន ដែល​ផ្ទុះឆេះខ្លោចអស់​ នៅព្រលានយន្តហោះ​ Haneda ។ ថ្ងៃពុធ ទី​៣ មករា ២០២៤
ក្រុមការងារស៊ើបអង្កេត កំពុងពិនិត្យ​បំណែកយន្តហោះ Dush 8 របស់​ឆ្មាំសមុទ្រជប៉ុន ដែល​ផ្ទុះឆេះខ្លោចអស់​ នៅព្រលានយន្តហោះ​ Haneda ។ ថ្ងៃពុធ ទី​៣ មករា ២០២៤ AP

នៅក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃអង្គារ តំណាង​ក្រុមហ៊ុនJapan Airlines បានអះអាងថា មុនពេលកើតហេតុ​ យន្តហោះ JAL516 របស់ខ្លួនបានទទួលការអនុញ្ញាតឲ្យ​ចុះចត ពីសំណាក់បុគ្គលិកគ្រប់គ្រង​ការចុះចតនិង​ហោះឡើង​​នៃព្រលានយន្តហោះ។ យ៉ាងណាមិញ​ ការ​ផ្ទៀងផ្ទាត់​ស្តាប់សំឡេង​ឆ្លងឆ្លើយគ្នាតាមរលក​សញ្ញា​វិទ្យុ ដែល​មាននៅ​លើគេហទំព័រ ​LiveATC.net គឺពិតជាបញ្ជាក់ដូចអ្វីដែលដែល​ក្រុមហ៊ុន Japan Airlines អះអាងមែន​។ សំឡេងអនុញ្ញាតឲ្យចុះចតចុងក្រោយ​បង្អស់ នៅម៉ោង​៥និង​៤៣នាទី​ល្ងាច ពោល​គឺ​ប្រមាណ​៤នាទី​មុនគ្រោះថ្នាក់​កើតឡើង។

ដោយឡែក ផ្អែកតាម​ការផ្សាយ​របស់ទូរទស្សន៍NHK ដែលស្រង់ប្រភពពីមន្ត្រីក្រសួងដឹកជញ្ជូនជប៉ុន គឺមុនពេល​កើតហេតុ មាន​​បុគ្គលិក​បញ្ជាការហោះឡើង​ម្នាក់ បានប្រាប់ទៅយន្តហោះឆ្មាំសមុទ្រ ឲ្យ​រងចាំនៅឆ្ងាយ​ពី​ផ្លូវហោះ​ចុះឡើង​បន្តិចសិន។ ក៏ប៉ុន្តែ​​យោងតាមទូរទស្សន៍NHKដដែល ​អ្នកបើកយន្តហោះឆ្មាំសមុទ្រដែលនៅរស់មានជីវិត បាន​អះអាងប្រាប់ ថាខ្លួនបានទទួលការអនុញ្ញាតឲ្យ​ហោះឡើង។

យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ ទាំងក្រុមហ៊ុន Japan Airlines ទាំងអាជ្ញាធរឆ្មាំសមុទ្រ​ និងទាំងក្រសួងដឹកជញ្ជូនជប៉ុន បានបដិសេធមិនឆ្លើយលំអិតវែងឆ្ងាយ​ទេ​​ ទាក់ទិន​នឹងមូលហេតុនៃគ្រោះថ្នាក់នេះ ដោយ​គ្រាន់តែលើកឡើងថា ការស៊ើបអង្កេតស៊ីជំរៅ​​កំពុងតែ​ដំណើរការ​។ ផ្អែកតាម​ទីភ្នាក់ងារព័ត៌មាន Kyodo អ្នកជំនាញ​ជប៉ុន​បាន​យកប្រអប់ថតសំឡេងរបស់យន្តហោះឆ្មាំសមុទ្រទៅពិនិត្យហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ