អានតួអត្ថបទ
គ្រោះរញ្ជួយដីនៅជប៉ុន

ជប៉ុនរងអង្រួនដោយគ្រោះរញ្ជួយដីជាង​២០​ នៅថ្ងៃទី១ឆ្នាំ២០២៤

នៅ​ថ្ងៃទី​១​មករា ឆ្នាំ ២០២៤ ឆ្នេរភាគខាងកើត និងកណ្តាល​នៃ​ប្រទេស​ជប៉ុន​រងគ្រោះ​ដោយការរញ្ជួយដី​ប្រមាណ ២១ ដែលនៅក្នុង​នោះ ខ្លាំងបំផុត មានកម្រិត ៧,៤រ៉ិចទ័រ។ ដោយសារ​កម្លាំងរញ្ជួយដីដ៏ខ្លាំង អាជ្ញាធរ​ជប៉ុនបាន​ព្រមានពីគ្រោះរលកយក្សស៊ូណាមី និង​អំពាវនាវ​ឲ្យប្រជាជន​ភៀសខ្លួនជាបន្ទាន់ ​ទៅនៅ​ទីទួលខ្ពស់ៗ។

ផ្លូវប្រេះស្រាំដោយសារ​ការរញ្ជួយដី​កម្រិត ៧,៥មាត្រដ្ឋានរ៉ិចទ័រ​នៅថ្ងៃ​ចន្ទទី​១​មករា ២០២៤ នៅក្រុង​កំពង់ផែ Wajima​ភាគខាងលិច​ប្រទេស​ជប៉ុន
ផ្លូវប្រេះស្រាំដោយសារ​ការរញ្ជួយដី​កម្រិត ៧,៥មាត្រដ្ឋានរ៉ិចទ័រ​នៅថ្ងៃ​ចន្ទទី​១​មករា ២០២៤ នៅក្រុង​កំពង់ផែ Wajima​ភាគខាងលិច​ប្រទេស​ជប៉ុន AP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទ ថ្ងៃទី១ដើមឆ្នាំ​២០២៤ ឆ្នេរខាងលិចដែលស្ថិតតំបន់​ភាគ​កណ្តាល​ប្រទេស​ជប៉ុន​បាន​រងអង្រួន​ដោយ​គ្រោះរញ្ជួយដី​ដែល​មាន​កម្រិត​ខ្លាំង​ជាងគេ ៧,៥រ៉ិចទ័រ នៅ​វេលា​ម៉ោង ៤រសៀល ម៉ោង​នៅ​ប្រទេស​ជប៉ុន។ យោងតាម​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បន្ទាប់ពី​ការរញ្ជួយដី​ដ៏​ធំ​ដែល​មាន​ចំណុច​រញ្ជួយ នៅ​តំបន់​Noto ភាគកណ្តាល និង​ខាងលិច​ប្រទេស​ជប៉ុន ការរញ្ជួយដីតូចៗ​ជាង​២០ បានកើតឡើង​នៅជុំវិញ ចំណុចរញ្ជួយ​ក្នុងរយៈពេល​១ម៉ោងកន្លះ។

ទីភ្នាក់ងារ​ឧតុនិយមជប៉ុន​បាន​ព្រមានពី​គ្រោះ​រលកយក្ស​ស៊ូណាមី ដែល​អាច​មានកំពស់​ដល់​៥ម៉ែត្រ បន្ទាប់ពី​កំពង់ផែ Wajima នៃឧបទ្វីប​Noto​ចាប់​រង​បោកបក់​ដោយ​រលក​កំពស់​ជាង​១ម៉ែត្រ នៅក្រោយ​ការញ្ជួយដី។ មជ្ឈមណ្ឌល​ប្រកាសអាសន្នស្តីពីស៊ូណាមី​នៅ មហាសមុទ្រ​ប៉ាស៊ីហ្វិក ក៏បាន​ព្រមាន​ពី​រលក​យក្សស៊ូណាមី​ដ៏គ្រោះថ្នាក់​ដែល​អាច​កើតឡើង​នៅ​ក្នុង​រង្វង់​៣០០គីឡូម៉ែត្រ​ពីចំណុចរញ្ជួយ។ កូរ៉េខាងត្បូង និង​រុស្ស៊ី ដែលស្ថិតនៅសមុទ្រជប៉ុន បាន​ប្រកាស​អាសន្ន នៅ​តាម​បណ្តាកោះ និង​ក្រុងជាប់មាត់សមុទ្រ ដែល​ស្ថិតនៅមិនឆ្ងាយប៉ុន្មាន​ពីកន្លែងរញ្ជួយ។

រូបភាព​របស់​ទូរទស្សន៍ជប៉ុន​បាន​បង្ហាញវីដេអូ អគ្គិភ័យ ឬ​ដីហ៊ុយទ្រលោម ដោយសារ​ការរញ្ជួយដី​លើកនេះ។ ចំណែក​វីដេអូ​បង្ហោះតាម​បណ្តាញសង្គម បង្ហាញ​ហាងទំនិញរញ្ជួយ មនុស្សភ័យស្លន់ស្លោ​នៅ​ផ្លូវរថភ្លើងក្រោមដី។ ទូរទស្សន៍​ជាតិ​ជប៉ុន NHK ដែលផ្សាយ​ព័ត៌មាន​ផ្ទាល់​ពិសេស នៅថ្ងៃចន្ទនេះ បាន​ប្រកាស​ប្រាប់​ប្រជាជនឲ្យ​រត់ភៀសខ្លួន​ជាបន្ទាន់ ​ទៅនៅ​ទីទួល​ខ្ពស់ៗ។ "ផ្ទះ និងទ្រព្យសម្បត្តិសំខាន់ណាស់សម្រាប់អ្នក ប៉ុន្តែ អាយុជីវិត​របស់អ្នកសំខាន់ជាងអ្វីៗទាំងអស់។ សូមរត់ទៅកាន់តំបន់​ដែលមានទីទួលខ្ពស់បំផុត"។ នេះជា​សារដាស់តឿន​របស់​ពិធីករម្នាក់​របស់ទូរទស្សន៍​ជប៉ុន​NHK។

ផ្ទះជាង ៣ម៉ឺនខ្នង​នៅ​ក្នុងខេត្ត​បី នៅ​តាមមាត់សមុទ្រ ដែល​ស្ថិតនៅ​ជិត​ចំណុច​រញ្ជួយ ត្រូវ​ដាច់ចរន្ត​អគ្គិសនី ចំណែក ផ្លូវ និង​រថភ្លើងល្បឿនលឿន ត្រូវ​ផ្អាក បិទ​មិនដំណើរការ។ នៅក្នុង​សន្និសីទកាសែត នៅថ្ងៃ​ចន្ទ អ្នកនាំពាក្យ​របស់រដ្ឋាភិបាល លោក Yoshimasa Hayashi អះអាងថា មជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅក្នុង​តំបន់​ជួប​គ្រោះរញ្ជួយដី នៅ​ដំណើរការធម្មតា គ្មានបញ្ហាគួរ​ឲ្យ​កត់សំគាល់ ប៉ុន្តែ លោក​អំពាវនាវ​ឲ្យ​ប្រជាជន​រត់ភៀសខ្លួន​ទៅកាន់កន្លែងសុវត្ថិភាព។

ស្ថិតនៅ​លើ​ខ្សែ​ក្រវាត់​ភ្នំភ្លើង​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជប៉ុន​ជាប្រទេស​ដែល​ជួបគ្រោះរញ្ជួយដី ញឹកញាប់ជាងគេ នៅក្នុង​ពិភពលោក។ ជប៉ុន​រឹតបន្តឹងខ្លាំង​ក្រឹតក្រម​នៅ​ក្នុងវិស័យ សំណង់ ដូចជា​អគារផ្ទះសម្បែងត្រូវ​សង់យ៉ាងណា​ដើម្បីអាច​ធន់​នឹង​ការរង្គើរញ្ជួយដី ចំណែកប្រជាជន​គ្រប់វ័យត្រូវ​ហាត់សម ជាអចិន្ត្រៃយ៍​ដើម្បី​ត្រៀមលក្ខណៈ នៅពេល​មានគ្រោះរញ្ជួយដីកើតឡើង។ ប៉ុន្តែ យ៉ាងណាក៏ដោយ ជប៉ុន​នៅតែ​ដិតដាម តក់ស្លុត ជានិច្ច​នឹង​គ្រោះរញ្ជួយក្នុងកម្រិតខ្ពស់បំផុត​មិនធ្លាប់​មាន កាលពី​ឆ្នាំ ២០១១​ដែលបាន​បណ្តាល​ឲ្យ​គ្រោះមហន្តរាយ​រលកយក្ស​ស៊ូណាមី នៅ​ហ្វូគូស៊្ហីម៉ា ដែលបាន​សម្លាប់ និងធ្វើ​ឲ្យមនុស្ស​បាត់ខ្លួន ជាង ២ម៉ឺននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ