អានតួអត្ថបទ
កូរ៉េខាងជើង-កូរ៉េខាង​ត្បូង

សេអ៊ូល​ថា​កូរ៉េខាង​ជើង​អាច​នឹង​បង្ក​ហេតុច្រើន​ពេលមុន​​បោះឆ្នោតសភា​នៅកូរ៉េខាង​ត្បូង

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យ៉ូន សុកយោល​ បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី ៣១​មករា​នេះ​ថា កូរ៉េខាង​ជើង​អាច​នឹង​ធ្វើ​សកម្មភាព​បង្ក​ហេតុ​នៅមុន​ការ​បោះឆ្នោតទូទៅ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​នាខែ​មេសា​ខាង​មុខ។ សកម្មភាពបង្ក​ហេតុ​ហេតុ​មាន​ដូច​ជា​ ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត និង​ការ​វាយប្រហារដោយ​ដ្រូន។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ក្នុង​ជំនួប​ក្រុមប្រឹក្សា​ការពារជាតិ​ ថ្ងៃទី ៣១ មករា​២០២៤
ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ក្នុង​ជំនួប​ក្រុមប្រឹក្សា​ការពារជាតិ​ ថ្ងៃទី ៣១ មករា​២០២៤ via REUTERS - YONHAP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ប្រជុំ​ក្រុមប្រឹក្សាការពារ​ជាតិ​ប្រចាំ​ឆ្នាំ ដោយ​មាន​តំណាង​នគរបាល និង​ភ្នាក់ងារ​ចារកិច្ច​ចូលរួម​ផង លោកប្រធានាធិបតី​កូរ៉េខាង​ត្បូង យ៉ូន សុកយោល​បាន​ប្រកាស​ថា “កូរ៉េខាង​ជើង​ជា​ប្រទេស​តែ​មួយ​គត់​នៅ​លើ​លោក មាន​ចែង​​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ជា​កិច្ចការពារ​ខ្លួន​ក្នុង​រដ្ឋធម្មនុញ្ញ។ ហើយ​នៅ​ឆ្នាំ​នេះ កូរ៉េ​ខាង​ត្បូង​ច្បាស់​ជា​នឹង​រង​សកម្មភាព​ញុះ​ញង់​​បង្ក​ហេតុ​ជាច្រើន​​មក​ពី​ខាង​កូរ៉េខាង​ជើង ក្នុង​បំណង​រំខាន​ដំណើរ​ការ​បោះឆ្នោត​សភា​ជាតិ។ ទង្វើ​​បង្ក​ហេតុ​អាចកើត​មាន​ឡើង​នៅ​តាម​ព្រំដែន ក្នុង​​ទម្រង់​ជា​ច្រើន​ដូច​ជា ការ​លួច​បង្ហោះ​ដ្រូន​ជ្រៀត​ចូល​ ផ្សព្វផ្សាយបំពុល​​ព័ត៌មាន​មិន​ពិត​ ឬ​អាច​ជាការ​វាយប្រហារ​តាម​អ៊ីនធ័រនែត។ នេះ​បើ​តាម​ការ​រៀប​រាប់​លម្អិត​របស់​លោក​យ៉ូន សុកយោល។

សម្រាប់​លោក​ប្រធានាធិបតី​ ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត អាច​នឹង​ធ្វើ​ឱ្យ​សេវា​ជាតិ​ ​និង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​កូរ៉េខាង​ត្បូង គាំង ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក។ ហើយ​សង្គម​ជាតិ​ទាំង​មូល​អាច​នឹងធ្លាក់​លង់​ក្នុង​ភាព​ស្រពិចស្រពិល​​ដោយ​ហេតុ​តែ​ការ​បំពុលបំភ្លៃ​ព័ត៌មាន​។

បើ​តាម​សេអ៊ូល​ តូក្យូ​ និង​វ៉ាស៊ីនតោន ទង្វើ​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីនធ័រនែត​ជា​​ចំណែក​មួយ​ដែល​បាន​ជួយ​​ទ្រទ្រង់ព្យុងយ៉ាង​ក្នុង​ការអភិវឌ្ឍ​​​កម្មវិធីបំពាក់​​អាវុធ​​ហាមឃាត់។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ខែ​ធ្នូ ភ្នាក់ងារចារកិច្ច​កូរ៉េខាង​ត្បូង បាន​ព្រលយ​ឱ្យ​ដឹង​រួច​ហើយ​ថា​ព្យុងយ៉ាង​នឹង​បញ្ចេញ​សកម្មភាព​អុកឡុកតាម​បែប​​យោធា និង​តាម​ព័ត៌មាន​វិទ្យា​ នៅ​ឆ្នាំ​២០២៤  ដើម្បី​ដៅ​រំខាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​កូរ៉េខាង​ត្បូង និង​នៅសហរដ្ឋ​អាមេរិក ដែល​ក៏​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ផង​នៅ​ដំណាច់​ឆ្នាំ។ ប្រភព​ដដែល​បាន​អះអាង​ទៀត​ថា ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​គីមជុងអ៊ុន​ បាន​ស្នើ​សុំ​ឱ្យ​សហការី​សម្រេច​សម្រួច​វិធានការបង្ក​រឿង​​ដើម្បី​ធ្វើ​យ៉ាងណាឱ្យមាន​ជ្រើបជ្រួល​ខ្លាំង​នៅដើម​​ឆ្នាំ​២០២៤​​ នៅ​កូរ៉េខាង​ត្បូង។

កូរ៉េខា​ង​ត្បូង​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​​ទូទៅ​នៅថ្ងៃទី ១០​មេសា​២០២៤​ខាង​មុខ និង​ ជា​ការ​បោះឆ្នោត​ដ៏​សំខាន់។ ចូល​កាន់​តំណែង​នៅ​ឆ្នាំ​២០២២ លោក​​​ប្រធានាធិបតី​យ៉ូន សុកយោល​ដែលមាន​ជំហរ​តឹង​តែង​ដាច់​ខាត​ប្រឆាំង​នឹង​កូរ៉េខាង​ជើង ប្រាថ្នា​ចង់ឱ្យ​បក្ស​កាន់​អំណាច​ បាន​​ឈ្នះឆ្នោត​​ដណ្តើម​​យក​សំឡេងភាគច្រើននៅ​ក្នុង​សភា ពី​បក្ស​ប្រឆាំង​វិញ។

ចំណែក​ខាង​យោធា​វិញ​ តាំងពី​ចូល​ឆ្នាំ២០២៤​មក កូរ៉េខាង​ជើង​បាន​បង្កើន​ការ​បាញ់​សាកល្បង​អាវុធ​ឥតឈប់។ នៅថ្ងៃអង្គារ​ទី ៣០​មករា​ម្សិលមិញ ជា​គម្រប់​លើកទីបី​ក្នុង​ពេល​តែមួយសប្តាហ៍ ព្យុងយ៉ាង​បាន​បាញ់​បង្ហោះ​មីស៊ីល​បណ្តែត​យុទ្ធសាស្ត្រ​Hwasal-2 ដែល​សម្រាប់​លក់​ឱ្យ​រុស្ស៊ី​យក​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែនផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ