អានតួអត្ថបទ

អាមេរិកនិងជប៉ុនធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រហ្វីលីពីន

​កងទ័ព​ជើង​ទឹកសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តជប៉ុន​ ​ធ្វើ​សមយុទ្ធ​រួម​គ្នា នៅសមុទ្រហ្វីលីពីន។ នេះគឺជាការ​បង្ហាញ«​ក​ម្លាំងសាច់ដុំ»បន្ថែមទៀត ចំពោះមុខ​ស្ថានការណ៍​ដ៏​តាន​តឹង​​ជាមួយ​ចិន នៅក្នុង​សំណុំរឿង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ សមយុទ្ធ​យោធា​​អាមេរិ​ក-ជប៉ុន​ រៀបចំ​ឡើង​២ថ្ងៃក្រោយ ដែល​សម្ព័ន្ធមិត្ត​ហ្វីលីពីននិង​វៀតណាម បានចុះកិច្ចព្រមព្រៀង​​សហការគ្នា​ទប់​ទល់​នឹង​ចិន​ នៅក្នុង​សំណុំ​បញ្ហា​ដដែលនេះ។

អាមេរិកនិងជប៉ុនធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រហ្វីលីពីន
អាមេរិកនិងជប៉ុនធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រហ្វីលីពីន AP - Aaron Favila
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​ និង ជប៉ុន​ សុទ្ធ​តែ​មានបញ្ហា​ជាមួយ​ ចិន។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោននិង​ក្រុង​ប៉េកាំង មាន​សំណុំ​រឿង​មិន​ត្រូវ​គ្នា​ជាច្រើនករណី​ រាប់ចាប់ពីបញ្ហា​តៃវ៉ាន់ បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម ប្រព័ន្ធ​ចោរ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា។ល។​ ចំណែក​ជប៉ុន​វិញ រាជរដ្ឋាភិបាល​ក្រុង​​តូក្យូ ក៏​ឈ្លោះ​នឹង​ចិន​ ក្នុង​សំណុំរឿង​ដណ្តើម​ដែនទឹក​ប្រជុំ​​កោះ​ សេនកាគូ ហៅតាមជប៉ុន ឬ ទាវយូ ហៅ​តាម​ចិន។

​នៅ​ពេលនេះ ​​កងទ័ព​ជើង​ទឹកសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តជប៉ុន​ បាន​សម្រេច​​​ធ្វើ​សមយុទ្ធ​រួម​គ្នា។​ ឧត្តមនាវីទោអាមេរិក​ ការឡូស សារឌីយែលឡូ បាន​បញ្ជាក់​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអេហ្វប៉េ ថា​ វេលានេះ ជា​ឱកាស​សក្តិសមល្អ​ ដែលត្រូវ​រំឭករៀបចំ​ធ្វើសមយុទ្ធយោធា​រួមជាមួយ​ជប៉ុន​​​ នៅ​សមុទ្រ​ហ្វីលីពីន។ ភាគីយោធា​អាមេរិក​ ​បញ្ចូន​នាវា​ ចំនួន​ជាង​១០គ្រឿង​​ ចូលរួមសមយុទ្ធផ្លូវ​សមុទ្រ​នេះ​​ ដែលក្នុងនោះ មាន​​នាវា២​ អាច​ផ្ទុក​យន្តហោះ​ចម្បាំង​ផង។ មន្ត្រី​ជាន់ខ្ពស់អាមេរិក​ខាង​ទ័ព​ជើង​ទឹក ​រូបនេះ ក៏​សង្កត់ធ្ងន់​ប្រាប់អ្នក​កាសែត​ដែរ ថា​ប្រតិបត្តិ​ការ​សមយុទ្ធ​នេះចង់​បញ្ជាក់​អះអាង​ជាថ្មីទៀត​អំពី​សិទ្ធិសេរីភាពធ្វើ​​នាវាចរ​ និង​សិទ្ធិហោះហើរលើសមុទ្រ ​របស់​គ្រប់​ប្រទេស​ទាំងអស់ ដែល​ស្រប​ទៅនឹង​ច្បាប់​អន្តរជាតិ​។​

ការប្រកាស​សមយុទ្ធរបស់អាមេរិក​និងជប៉ុន ​ស្របពេល​នឹង​​ស្ថានការណ៍​ដ៏​តាន​តឹង នៅ​ក្នុង​តំបន់​ ពិសេស​​​​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ម្យ៉ាង ​សម្ព័ន្ធមិត្តរបស់​អាមេរិក ​ហ្វីលីពីននិង​វៀតណាម បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​សហការគ្នា​ទប់​ទល់​នឹង​ចិន​ នៅក្នុង​សំណុំ​បញ្ហានេះ។ ម្យ៉ាងទៀត ​ចិន​ចេះ​តែ​កំញើញ​ដាក់​តៃវ៉ាន់ ដោយ​ធ្វើ​សមយុទ្ធនៅក្បែរៗកោះ​តៃវ៉ាន់​ ហើយជាច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា​​ កូរ៉េខាងជើង ស្និទ្ធនឹងចិន​​ ក៏​ពឺតប្រឹង​បាញ់​សាកល្បង​មីស៊ីល គំរាម​កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក។ មួយរយៈ​មកនេះ​ អាជ្ញាធរ​កូរ៉េ​ខាងត្បូង និង​ជប៉ុន​ បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋខ្លួន​ដែលរស់នៅ​ក្បែរ​ព្រំដែន​កូរ៉េខាងជើង​ ឲ្យ​ប្រុង​ប្រយ័ត្ន​ និង​រក​កន្លែង​មាន​សុវត្ថិភាព។​

ប្រឈម​នឹង​ស្ថានការណ៍​ក្នុង​តំបន់​និងអន្តរជាតិ ​ជំរុញ​ចិន​និង​រុស្ស៊ី កាន់តែខិត​​ជិត​គ្នា​ ហើយ​ប្រទេសទាំង២ រឹងរឹតតែ​ត្រូវការ​គ្នា​ខ្លាំង តាំងពី​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន។ នៅថ្ងៃ​ទី១កុម្ភៈ រដ្ឋមន្ត្រីក្រសួង​ការពាតិជាតិ​ចិន បាន​ស្នើ​ទៅ​សមភាគីរុស្ស៊ី ដោយ​បង្ហាញ​ចេតនា​ចង់​ពង្រី​ក​ទំនាក់ទំនង​យោធា​របស់​ប្រទេសទាំ​ង​ពីរ​ឲ្យកាន់​តែ​ខ្លាំង​​ថែមទៀត​​​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ