អានតួអត្ថបទ
កូរ៉េខាងជើង-កូរ៉េខាង​ត្បូង

កូរ៉េខាង​ត្បូងប្រើ​គោលការណ៍​តបតយ៉ាង​ខ្លាំងភ្លាមនឹង​ទង្វើ​បង្ក​ហេតុ​របស់​សត្រូវ​ខាង​ជើង

ក្នុងឱកាស​ចុះ​ទៅត្រួត​​ពិនិត្យ​​កងនាវា​ជើង​ទឹក នា​ថ្ងៃ​សៅរ៍ទី​១០​កុម្ភៈ​២០២៤​ លោក យ៉ូន សុកយោល ប្រធានាធិបតី​កូរ៉េខាង​ត្បូង​​បាន​អំពាវនាវ​ឱ្យ​​ក្រុម​យោធា​​បញ្ចេញ​ប្រតិកម្មខ្លាំង​ក្លា​ ​​ទ្រង់ទ្រាយ​ធំ និង​ដោយ​គ្មាន​បង្អង់​ តបនឹង​រាល់​គ្រប់​ទង្វើ​បង្ក​ហេតុ​របស់​សត្រូវ​ខាង​ជើង។

ប្រធានាធិបតី​កូរ៉េខាង​ត្បូងប្រកាស​ប្រើ​គោលការណ៍​តបតយ៉ាង​ខ្លាំងភ្លាមនឹង​ទង្វើ​បង្ក​ហេតុ​របស់​សត្រូវ​ខាង​ជើង
ប្រធានាធិបតី​កូរ៉េខាង​ត្បូងប្រកាស​ប្រើ​គោលការណ៍​តបតយ៉ាង​ខ្លាំងភ្លាមនឹង​ទង្វើ​បង្ក​ហេតុ​របស់​សត្រូវ​ខាង​ជើង AP
ផ្សាយពាណិជ្ជកម្ម

“ប្រសិនបើ​សត្រូវ​មក​បង្ក​រឿង​ សូម​អនុវត្តគោលការណ៍​ +ធ្វើ​សកម្មភាព​មុន​ចាំ​របាយការណ៍​តាម​ក្រោយ+ ហើយ​ជា​ប្រតិកម្ម​តបត​យ៉ាង​ មុត ខ្លាំង​ក្លា ក្នុង​ទ្រង់ទ្រាយ​ធំ​ និង​ដោយ​គ្មាន​ស្ទាក់ស្ទើរ ដើម្បី​បំផ្លាញ​ឆន្ទៈ​របស់​សត្រូវ​ទាំង​ស្រុង​តែ​ម្តង”។ នេះ​ជា​សេចក្តី​ប្រកាស​របស់​លោកប្រធានាធិបតី​កូរ៉េខាង​ត្បូង​ យ៉ូន សុកយោល នៅ​ចំពោះ​មុខក្រុម​​នាវិក នៃ​​កងពល​ទ័ព​ជើង​ទឹក ឈរ​ជើង​នៅ​ព្រំដែន​ជាមួយ​កូរ៉េខាង​ជើង។

ក្នុង​ថ្ងៃ​​សៅរ៍​ទី​១០​កុម្ភៈ ​​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​​ថ្មី​ជា​ប្រពៃណី​របស់ពលរដ្ឋ​អាស៊ី​ជា​ច្រើន ដដែល​នោះ លោក​យ៉ូន សុកយោល​ ក៏​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​បាញ់​បង្ហោះ​ពហុមីស៊ីល​ និង​បាន​ប្រកាស​ថា​កូរ៉េខាង​ត្បូង​ត្រៀម​ជា​ស្រេច​នឹង​វាយ​បក​វិញ​​ក្នុង​ករណី​សត្រូវ​ហ៊ាន​បង្ក​ហេតុ។

នេះ​មិនមែន​ជា​​​លើក​ទី​មួយទេ ដែល​​​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ប្រើ​សំដី​ធ្ងន់ៗយ៉ាង​នេះ។ ​ លោក យ៉ូន សុកយោល ធ្លាប់ចេញ​សេចក្តី​ថ្លែងការណ៍​ដូច​ថ្ងៃ​សៅរ៍​​នេះ ​ពេល​ចុះ​ទៅ​ជួប​កងពលនៅ​សមរភូមិ​ជួរ​មុខ​កាលពី​ខែ​មុនម្តង និង​កាលពី​ខែ​ធ្នូម្តង។ ល្បី​ខាង​មាន​ជំហរជា​​អ្ន​កយុទ្ធនិយម និង​តឹង​តែង​ដាក់​ព្យុងយ៉ាង លោក យ៉ូន សុកយោល បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅឆ្នាំ​២០២២ ដោយ​ផ្តើម​​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយសហរដ្ឋ​អាមេរិក​និង​ជប៉ុន ព្រមទាំង​​ដឹកនាំ​ធ្វើ​សមយុទ្ធ​កាន់​តែ​ធំឡើងៗ​ ដើម្បី​បំបាក់​ការ​គំរាមកំហែង​របស់​កូរ៉េខាង​ជើង។

ចំណែក​កូរ៉េខាង​ជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរវិញ ក៏​កាន់​តែ​ឡើង​ចាង។ ថ្មីៗ​នេះ​ ព្យុង​យ៉ាង​បាន​ប្រកាស​ចាត់​ទុក​កូរ៉េខាង​ត្បូង ជា​សត្រូវ​ដ៏​ចម្បង​របស់​ខ្លួន​ និង​បាន​ផ្តាច់​រាល់​គ្រប់​​បណ្តាញ​ទាក់ទង​សម្រាប់​ផ្សះផ្សា​បង្រួបបង្រួម​កូរ៉េ ឬ​សម្រួល​ទំនាក់ទំនង​អន្តរកូរ៉េ និង​គំរាម​បញ្ឆេះ​សង្គ្រាមតែម្តង ​បើ​សេអ៊ូល​ហ៊ាន​រំលោភ​ដីតែ​មួយ​ចំអាម។ នៅថ្ងៃ​សុក្រ​ទី​៩កុម្ភៈ​ម្សិលម្ង៉ៃនេះ​ទៀត ប្រមុខ​គីមជុងអ៊ុន បាន​ប្រើ​ពាក្យ​​ដដែល​ ថា​កូរ៉េខាង​ត្បូង​ជា​សត្រូវ​ដ៏​គ្រោះថ្នាក់និង​ដំបូង​គេ​របស់​ខ្លួន ដែល​ព្យុងយ៉ាង​មិន​រារែក​នឹង​បញ្ចប់​ឡើយ បើ​កូរ៉េខាង​ជើង​រង​ការ​វាយប្រហារ។

ក្រៅ​អំពី​ពាក្យ​កំញើញ​ដាក់​គ្នា​កាន់​តែ​ខ្លាំងឡើងៗ ​បង​ប្អូន​បង្កើត​ជា​គូសត្រូវ​កូរ៉េទាំងពីរ​ បាន​ពង្រឹង​កម្លាំង​ការពារ​សន្តិសុខ​តាម​ព្រំដែន​ផង និង​បាន​ធ្វើ​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិតតាម​បណ្តោយ​ព្រំដែនគ្នា​​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ