អានតួអត្ថបទ

អ៊ីរ៉ង់​ រងការវាយប្រហារភេរវកម្ម​ជាថ្មី ស្លាប់​​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ ១០ នាក់

ថ្ងៃ​ព្រហស្បតិ៍ ទី​៤មេសា​ កម្លាំង​យោធា​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ យ៉ាង​ហោច ១០ នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​ការ​វាយប្រហារ​ពីសំណាក់​ក្រុម​ភេរវជន​​អ៊ីស្លាម​និកាយ​ស៊ូនីត​ នៅប៉ែក​អាគ្នេយ៍​នៃផ្ទៃប្រទេស។ ចំណែក​ក្រុម​​ភេរវជន ចំនួន ១៨ នាក់ ក៏​ត្រូវ​ស្លាប់​ដែរ។ ថ្នាក់ដឹកនាំ​អ៊ីរ៉ង់ ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិកនិងអ៊ីស្រាអែល ជាអ្នក​នៅ​​ពីក្រោយ​​ខ្នង និង​ដែល​ចង់​បង្ក​អស្ថិរភាព​នៅលើទឹក​ដី​អ៊ីរ៉ង។​ ​

វិហារអ៊ីស្លាម ក្នុងតំបន់ Sistan-Baloutchistan ចន្លោះ​ប្រទល់​ដែន ប៉ាគីស្ថាន និង អាហ្វហ្កានីស្ថាន:
វិហារអ៊ីស្លាម ក្នុងតំបន់ Sistan-Baloutchistan ចន្លោះ​ប្រទល់​ដែន ប៉ាគីស្ថាន និង អាហ្វហ្កានីស្ថាន: AFP - ATTA KENARE
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រដាប់​អាវុធ មាន​គ្នីគ្នា យ៉ាងហោច​ជាង ​២០ នាក់ បាន​បើក​ការ​វាយប្រហារសំដៅ​លើ អង្គភាព ២ កន្លែង​ របស់​ ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក្នុង​សប្តាហ៍​នេះ​។ អង្គភាព​១ ខាង​​ទ័ព​ជើងទឹក ហើយ​​ ១​ទៀត ជា​អធិការដ្ឋាន​ប៉ុស្តិ៍​ប៉ូលិស​។​ នេះបើតាម​អ្នក​ទទួល​ខុសត្រូវអ៊ីរ៉ង់ ដែលត្រូវ​ស្រង់​ព័ត៌មាន​ដោយ លោក​ Siavosh Ghazi អ្នក​ឆ្លើយឆ្លង​វិទ្យុ​បារាំង​ RFI ប្រចាំរដ្ឋធានី​តេហេរ៉ង់។​

ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​​តេហេរ៉ង់ បាន​ចោទប្រកាន់​ក្រុម​ផ្តាច់​ខ្លួន​និយម ពួក​ហ្សាអ៊ីស្ហ អាល-អាដល (Jaïsh al-Adl ជាភាសា​អ៊ីស្លាម​ មានន័យថា​ កងទាហាន​ដើម្បីយុត្តិធម៌) ជាអ្នក​បង្ក​ការ​វាយប្រហារ​ភេរវកម្ម ​​​ជាបន្តបន្ទាប់​ ទាំង​នៅ​ពេល​នេះ និង​ទាំង​កាលពី​ខែ​ធ្នូ​កន្លងទៅ។ កាលណោះ កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ជាង​១០នាក់ ​​បាន​បាត់​បង់ជីវិត​ ក្នុង​ខេត្ត​ស៊ីស្តង់-បាលូស៊ីស្ថាន។​ ខេត្ត​ស៊ីស្តង់បាលូស៊ីស្ថាន ជាខេត្ត​ក្រីក្រ​មួយ​ និងជាទី​ដែល​មាន​ក្រុមសហគមន៍​​អ៊ីស្លាម​និកាយ​ស៊ូនីត​រស់​នៅ​យ៉ាង​ច្រើន ​​ប្រមាណ​ ១០ លាន​នាក់ ហើយ​ពួក​គេ​​ក៏មាន​រស់នៅ​រាយប៉ាយ តាម​ព្រំដែន​អ៊ីរ៉ង់ជាមួយ​ប៉ាគីស្ថាន និងព្រំ​ដែន​ជាមួយ​អាហ្វហ្កានីស្ថាន។

ពួក​ស៊ូនីត​ទាំងនោះ​ ​ច្រើន​តែ​មិន​សូវ​ត្រូវគ្នា​នឹង​រដ្ឋអំណាច​អ៊ីរ៉ង់​ប្រកាន់​​សាសនាអ៊ីស្លាម​និកាយ​ស៊ីអ៊ីត។​ ថ្នាក់ដឹកនាំ​រដ្ឋអំណាចអ៊ីរ៉ង់ បាន​​​ចាត់ទុកថា ពួកចលនាប្រដាប់អាវុធ​​​ហ្សាអ៊ីស្ហ អាល-អាដល​ ជា​​ក្រុមពួក​ភេរវជន ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០១២​ និងបាន​​ចូល​ដៃ​ជាមួយ​ក្រុម​រដ្ឋអ៊ីស្លាម​ជីហាត​។ អ៊ីរ៉ង់ធ្លាប់បាន​វាយប្រហារ​មូលដ្ឋាន​ពួក​នេះ ២ កន្លែង ​​ក្នុង​ទឹកដី​ប៉ាគីស្ថាន​ ហើយ​នាំឲ្យ​ដៃជើង​គ្នីគ្នា​របស់​គេ វាយប្រហារ​បក​មកវិញ នៅលើ​ទឹកដី​អ៊ីរ៉ង់ ព្រមទាំង​បង្ក​ទំនាស់​រវាង​ប្រទេស​ទាំង​២​ទៀត​ផង។

ពេល​កន្លងទៅ អ៊ីរ៉ង់ធ្លាប់បាន​ស្តីបន្ទោស​​ប៉ាគីស្ថាន ថា​អសកម្ម ឬមិនអើពើ​ជួយ​បង្ក្រាប​ក្រុម​ប្រដាប់​អាវុធ​ភេរវនិយម​ពួក​ហ្សាអ៊ីស្ហ អាល-អាដល ដែល​ជ្រក​កោន​ក្នុងទឹកដី​របស់ប៉ាគីស្ថាន​។ មិនតែប៉ុណ្ណោះ រដ្ឋបាល​ក្រុង​តេហេរ៉ង់ ក៏​ថែមទាំង​ចោទប្រកាន់​ថា ក្រុម​កម្លាំង​ចារកម្ម​អាមេរិកនិងអ៊ីស្រាអែល ប្រើប្រាស់​ពួក​គេ​ទាំងនោះ ដើម្បីបង្ក​អស្ថិរភាព​ នៅ​អ៊ីរ៉ង់​​៕

ផែនទី​ប្រទេសទាំង​៣ អ៊ីរ៉ង ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន។​
ផែនទី​ប្រទេសទាំង​៣ អ៊ីរ៉ង ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន។​ © Studio graphique FMM

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ