អានតួអត្ថបទ
ឥណ្ឌា-ចារកម្ម

កាសែតអង់គ្លេស៖ រដ្ឋាភិបាល​​​ឥណ្ឌា​​បញ្ជាឲ្យ​តាម​សម្លាប់​ក្រុមអ្នក​​ប្រឆាំង​នៅបរទេស

នៅលើទឹកដីប៉ាគីស្ថាន ក្រុមសកម្មជន​​ប្រឆាំង​ជាង​ ២០នាក់ បាន​ស្លាប់​បាត់​បង់ជីវិត ព្រោះតែ​រដ្ឋាភិបាល​ឥណ្ឌា​ចេញ​បញ្ជា​ឲ្យ​ ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់ឥណ្ឌា​ តាម​សម្លាប់​។ ពួក​គេ​ទាំង​នោះ សុទ្ធសឹងតែ​ជាក្រុម​អ្នក​ផ្តាច់​ខ្លួន​ទាមទារ​ឯករាជ្យ​និងជា​​​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ឥណ្ឌា។ ការ​សម្លាប់​មនុស្ស​នៅក្រៅប្រទេស​ឥណ្ឌា មិន​មែន​មាន​តែនៅ​ទឹកដី​ប៉ាគីស្ថាន​ទេ។ ដ្បិត​ថា អាជ្ញាធរ​អាមេរិក​និង​កាណាដា ក៏​បញ្ជាក់ថា ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់ឥណ្ឌា ​​សម្លាប់​មនុស្ស​នៅលើ​ទឹក​ដី​បច្ឆិមលោកដែរ​​​។​ ផ្ទុយទៅវិញ ក្រសួង​ការបរទេស​ឥណ្ឌាបាន​ទាត់​ចោល​ព័ត៌មាន​នេះទាំងស្រុង។​

ទាហានឥណ្ឌា ល្បាត​នៅ​ចន្លោះ​ព្រំដែន​ ឥណ្ឌា និង ប៉ាគីស្ថាន នាឆ្នាំ២០២៣។ រូប​ភាព​តំណាង
ទាហានឥណ្ឌា ល្បាត​នៅ​ចន្លោះ​ព្រំដែន​ ឥណ្ឌា និង ប៉ាគីស្ថាន នាឆ្នាំ២០២៣។ រូប​ភាព​តំណាង REUTERS/Mukesh Gupta/Files
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌារៀន​យកគំរូ​តាម​ក្រុម​ម៉ូស្សាដ​ចារកិច្ច​អ៊ីស្រាអែល (សម្ព័ន្ធមិត្ត​របស់​ ស៊ីអាយអេ អាមេរិក)​ និងក្រុម​កាហ្សេបេចារកិច្ច​រុស្ស៊ី​ ដែល​មាន​ជំនាញ​ល្បីល្បាញ​​ខ្លាំង​ ក្នុងការ​រៀបចំ​គម្រោង​ផែនការ​​កម្ចាត់​កម្ទេច​អ្នក​ប្រឆាំង​នឹង​ខ្លួន ឬ​សម្លាប់​គូ​សត្រូវ​នៅ​ទឹកដីបរទេស​។​ គិត​ចាប់ពីឆ្នាំ២០២០មក​ ក្រុម​ប្រឆាំង​ឥណ្ឌា ជា​សកម្មជន​ចលនា​ផ្តាច់​ខ្លួន​ទាមទារ​ឯករាជ្យ​ ក្រុម​សិក្ហ យ៉ាងហោច ជាង​ ២០ នាក់ ត្រូវ​រដ្ឋាភិបាល​ឥណ្ឌា បញ្ជា​ឲ្យ​សម្លាប់ នៅក្នុងទឹកដី​ប៉ាគីស្ថាន។ នេះបើតាម​ការបញ្ជាក់​នៅក្នុង​របាយការណ៍ព័ត៌មាន​​ស៊ើប​អង្កេតរបស់​ក្រុម​អ្នក​កាសែត​អង់គ្លេស​​​ The Guardian ដែល​បាន​ចុះក្នុង​សប្តាហ៍​នេះ។ កាសែត​អង់គ្លេសបាន​​​សម្ភាសប្រភព​ព័ត៌មាន ពី​បណ្តាចារបុរសនិង​​​មន្ត្រីជាច្រើន ដែល​​ធ្វើការ​ឲ្យ​ ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​ ទាំង​នៅ​ប្រទេស​ឥណ្ឌា​ផង និងនៅ ប៉ាគីស្ថាន​ ផង​។​​

ក្នុង​ក្របខណ្ឌ​មិន​បញ្ចេញឈ្មោះ ​ចារបុរស​ម្នាក់ ​ បាន​ប្រាប់​កាសែត​អង់គ្លេស​ The Guardian ថា ភ្នាក់ងារ​ស៊ើបការ​សម្ងាត់ឥណ្ឌា​ RAW ឋិត​នៅក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​នាយករដ្ឋមន្ត្រី​ឥណ្ឌា ហើយ​ក្រុម​ស៊ើប​ការ​សម្ងាត់មិនធ្វើ​សកម្មភាព​អ្វី​មួយ​ទេ បើ​គ្មាន​បញ្ជា​ពី​ប្រមុខ​រដ្ឋាភិបាល​ទេនោះ។

សហរដ្ឋ​អាមេរិក​និង​កាណាដា ក៏​អះអាង​បញ្ជាក់​​អំពី​ទង្វើ​ឧក្រិដ្ឋ​របស់​ឥណ្ឌា​នៅ​ទឹកដី​បស្ចិម​ប្រទេស​ដែរ។ ក្នុង​ខែ​កញ្ញា​ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រី​កាណាដា​ ​លោក ​ហ្សូសស្តាំង ទ្រុយដូ បាន​ថ្លែង​ប្រាប់​សភាថា ​ក្រុមភ្នាក់ងារ​​ស៊ើប​ការ​សម្ងាត់​ឥណ្ឌា ជាអ្នក​​រៀបចំ​ធ្វើ​ឃាត​សកម្មជន​ប្រឆាំង​ឥណ្ឌាម្នាក់​ នៅជិតក្រុង​ Vancouver ក្នុង​ទឹកដី​កាណាដា​។ បន្តិច​ក្រោយ​មក នៅសហរដ្ឋអាមេរិកវិញ​ ក្រសួង​យុត្តិធម៌​អាមេរិក ក៏​បាន​ប្រកាសបញ្ជាក់​​ដែរថា ក្រុមភ្នាក់ងារ​​ស៊ើប​ការ​សម្ងាត់​ឥណ្ឌា បា​នបាញ់​សម្លាប់​សកម្មជន​ប្រឆាំងឥណ្ឌា​​ម្នាក់​ នៅ​ក្រុង​ញូវយ៉ក។ ក្នុង​ស​ប្តាហ៍​នេះទៀត​ កាណាដា​បាន​ចោទប្រកាន់​ឥណ្ឌា​​ថា​បាន​លូក​ដៃ​ចូល​ក្នុង​ដំណើរ​ការ​បោះឆ្នោត​កាណាដា ដោយ​ធ្វើ​យ៉ាងណា​កុំឲ្យ​បេក្ខជនដែល​មាន​ជំនោរ​គាំទ្រ​សកម្មជនប្រឆាំង​ឥណ្ឌា កុំ​ឲ្យ​ទទួល​បាន​សំឡេង​ឆ្នោត​។

ទោះបី​ជា​យ៉ាងនេះក្តី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌា​ លោក Subrahmanyam Jaishankar បាន​បដិសេធរបាយការណ៍​ស៊ើប​អង្កេត​ ​និងបាន​​ការពារ​រដ្ឋាភិបាល​ក្រុង​ញូវដេលី​ ​ថា«ការ​សម្លាប់​មនុស្ស​នៅ​បរទេស ពុំ​មែន​ជា​គោលនយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​ឥណ្ឌា​ទេ»។​

បើតាម​ប្រភព​ព័ត៌មាន​ស៊ើប​អង្កេត​របស់​អង់គ្លេស, ​ឥណ្ឌា​បា​នផ្តើម​រៀបចំ​គម្រោង​សម្លាប់​ក្រុម​ប្រឆាំង​នឹង​រដ្ឋអំណាច​ខ្លួន​នៅបរទេស ​ចាប់ពី​ឆ្នាំ​២០១៨ ពេល​ដែល​ អារ៉ាប៊ី​សាអូឌីត បានបញ្ជា​សម្លាប់​អ្នក​កាសែត​ប្រឆាំង លោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី នៅ​ប្រទេស​គួកគី។​ ព្រឹត្តិការណ៍​នេះ នាំឲ្យ​ថ្នាក់ដឹកនាំ​ឥណ្ឌា​គិតគូរ​​រៀបចំ​គម្រោង​ផែន​ការ​​តាម​កម្ទេច​ពួក​ក្រុម​ប្រឆាំង​នឹងខ្លួន ​ដែល​សម្ងំ​នៅ​បរទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ