អានតួអត្ថបទ
ឥណ្ឌា-ហ្សេ២០-ជម្លោះព្រំដែន

ឥណ្ឌា បើ​ក​ជំនួប​កំពូល​G២០ ស្តីពី​ទេសចរណ៍ នៅ​តំបន់​ជាប់​ជម្លោះ​ កាស្មៀរ

ជំនួប​ហ្សេ​២០ ស្តីពី​ទេសចរណ៍​ ត្រូវ​ចាប់​បើកនៅ​​ថ្ងៃ​ចន្ទ​ទី ២២​ឧសភា​ សម្រាប់​រយៈ​ពេល​បី​ថ្ងៃ នៅ​តំបន់​កាស្មៀរ ប្រទេស​ឥណ្ឌា​ ដែល​ជាប់​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង។ ក្រៅអំពី​ពាក្យ​​តវ៉ា និង​ថ្កោល​ទោស​យ៉ាង​ខ្លាំង ពី​សំណាក់ភាគី​ជាប់​ជម្លោះ​ព្រំដែន​ដោយ​ផ្ទាល់។ ​ចិន បាន​ប្រកាស​មិន​ចូល​រួម​ប្រជុំ​នេះ​ទេ។

ឥណ្ឌា បើ​ក​ជំនួប​កំពូល​G២០ ស្តីពី​ទេសចរណ៍ នៅ​តំបន់​ជាប់​ជម្លោះ​កាស្មៀរ ក្រោម​ការការពារ​យ៉ាង​តឹង​តែង
ឥណ្ឌា បើ​ក​ជំនួប​កំពូល​G២០ ស្តីពី​ទេសចរណ៍ នៅ​តំបន់​ជាប់​ជម្លោះ​កាស្មៀរ ក្រោម​ការការពារ​យ៉ាង​តឹង​តែង AP - Dar Yasin
ផ្សាយពាណិជ្ជកម្ម

ជំនួប​ប្រជុំ​នៅ​តំបន់​មាត់​បឹង​Dal នៃ​ដែនដី​​Srinagar របស់​តំបន់​កាស្មៀរឥណ្ឌា​ស្ថិត​ក្រោម​ការ​ការពារ​សន្តិសុខ​ខ្លាំងណាស់ ព្រោះធ្លាប់​ជា​តំបន់ស្វ័យត​ ដែល​ស្គាល់​​​ភាព​តានតឹង​ហិង្សា​អស់​ជាង​បី​ទសវត្សរ៍ មក​ហើយ និង​ទើប​ដាក់​ឱ្យ​ស្ថិត​នៅក្រោម​អំណាច​ផ្ទាល់​របស់​រដ្ឋាភិបាល​ឥណ្ឌា។ ​

ក្នុង​នាម​ជា​ប្រធាន​ហ្សេ​២០ ប្រចាំ​ឆ្នាំ​២០២៣ ឥណ្ឌា​ចង់​ផ្តល់​សន្ទុះ​ទេសចរណ៍​ដល់​តំបន់​កាស្មៀរ ដែល​ទាក់ទាញ​មនុស្ស​ទស្សនា​ជាង​មួយ​លាន​នាក់​កាលពី​ឆ្នាំទៅ​ និង​មាន​គម្រោង​រៀប​ចំ​ប្រជុំ​ជាង​១០០​ទៀត នៅ​តាម​តំបន់​ផ្សេងៗ​របស់​ប្រទេស។ ប៉ុន្តែ​ជំនួប​ប្រជុំ​ទេសចរណ៍ ត្រូវ​រងការ​តវ៉ា ​និង​ថ្កោល​ទោស​ យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រទេស​ជិត​ខាងដូច​យ៉ាង​ ​ប៉ាគីស្ថាន និងចិន​ ដែល​ប្រកាស​មិន​មក​ចូល​រួម​ប្រជុំ​ទេ។

ចិន​ បាន​ព្រមាន​ជា​ស្រេច​មិនបង្ហាញ​វត្តមាន​ ​ក្នុង​គ្រប់​ព្រឹត្តិការណ៍​រៀប​ចំ​នៅតំបន់​ជាប់​ជម្លោះ មិន​ថា​​នៅ ​Ladakh ឬ Arunachal Pradesh ទេ ហើយ​ក៏មិនទៅ​ប្រជុំ​​នៅSrinagar ដែរ។ មាន​ព្រំដែន​រួម​គ្នា​ដ៏​វែង ​ចិន​និង​ឥណ្ឌាកំពុង​ជាប់​គាំង​ក្នុង​ជម្លោះយោធា​តាម​បណ្តោយ​ព្រំដែន​នៅ​តំបន់​Ladakh។ ប៉េកាំង​ទាមទារ​​រដ្ឋArunachal Pradesh ថា​ជា​ផ្នែក​មួយ​នៃ​តំបន់​ទីបេ និង​ចាត់ទុក​តំបន់​កាស្មៀរ ជា​ដែន​ដី​ជាប់​ជម្លោះ។

ចំណែក​ប៉ាគីស្ថាន​ ដែល​មិនមែន​ជា​សមាជិក​ហ្សេ​២០ ប៉ុន្តែ​គ្រប់គ្រង​តំបន់​កាស្មៀរ​មួយភាគ​ បាន​ប្រកាស​ថ្កោល​ទោស​​ឥណ្ឌាថា​ព្រហើន​ដាក់​ពិភពលោក។​ ការ​រៀប​ចំ​ជំនួប​នៅកាស្មៀរ​នេះ ជា​ការ​រំលោភ​សិទ្ធិ​អន្តរជាតិ រំលោភ​សេចក្តីសម្រេចរបស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​រំលោភ​កិច្ចព្រមព្រៀង​ទ្វេ​ភាគី។ ​តាំងពី​បាន​ទទួល​បាន​​ឯករាជ្យ​នៅឆ្នាំ​១៩៤៧មក ឥណ្ឌា​និ​ងប៉ាគីស្ថានបន្ត​ទាមទារ​គ្រប់គ្រង​បូរណភាព​ដែនដីកាស្មៀរ​ទាំងស្រុង​។ តំបន់​កាស្មៀរដែល​មានពលរដ្ឋ​ភាគ​ច្រើន​កាន់សាសនា​ឥស្លាមនេះ ​ក៏​ជា​ដើម​ហេតុ​នាំឱ្យ​ប្រទេស​ជិតខាង​ទាំងពីរ​ផ្ទុះ​សង្គ្រាមនឹង​គ្នា​​ដល់​ទៅពីរ​លើក​ទៀត។

កាលពី​សប្តាហ៍​មុន​ ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ជុំ​វិញ​បញ្ហា​ជនជាតិ​ភាគ​តិច​ យល់​ថា​ឥណ្ឌា​យក​ជំនួប​ហ្សេ២០ជា​ឧបករណ៍​សម្រាប់​ឱ្យ​អន្តរជាតិ​ទទួល​ស្គាល់​ស្ថានភាព​ដែល​គេ​ថ្កោលទោស។ ជាពាក្យ​ចោទ​ប្រកាន់​ដែល​ឥណ្ឌា​ច្រាន​ចោល​ទាំងស្រុង។

បើ​តាម​សារព័ត៌មាន​ តួកគី អារ៉ាប៊ីសាអូឌីត និង​ឥណ្ឌូណេស៊ី ក៏​មិន​មក​ចូល​រួម​ក្នុង​ជំនួប​ប្រជុំ​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ