អានតួអត្ថបទ
សមុទ្ទចិន​ខាង​ត្បូង

ចិន​​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្ទ​ចិនខាង​ត្បូង​ទន្ទឹម​នឹងសមយុទ្ធ​ហ្វីលីពីនជាមួយសម្ព័ន្ធមិត្ត

ចិន​មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំងអស់​ នៅ​ពេល​ឃើញ​សេចក្តី​ថ្លែងការណ៍​រួម របស់​ហ្វីលីពីន សហរដ្ឋ​អាមេរិក ជប៉ុន​និង​អូស្ត្រាលី ​ជូន​ដំណឹង​នៅថ្ងៃ​សៅរ៍​៦មេសា​ម្សិលមិញ ​អំពី​ការ​រៀប​ចំ​​ធ្វើ​សមយុទ្ធ​​បួន​ប្រទេស​ នៅថ្ងៃ​៧មេសា។ ប៉ុន្តែ​ចូល​​ដល់​ថ្ងៃអាទិត្យ​ភ្លាម ​ចិន​បាន​ប្រកាស​បើក​ធ្វើ​សមយុទ្ធដែរ នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ​ដែល​​​ជាប់​ជម្លោះជា​មួយ​ប្រទេស​ជិត​ខាង​និង ​​​ធ្លាប់​មាន​ការ​ប៉ះទង្គិចជាពិសេស​​​ជាមួយ​ហ្វីលីពីន ដោយ​ដាក់​រហ័សនាម​ថា​​ ​“​ការ​ត្បាត​ប្រយុទ្ធ”។

ចិន​​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្ទ​ចិនខាង​ត្បូង​ទន្ទឹម​នឹងសមយុទ្ធ​ហ្វីលីពីនជាមួយសម្ព័ន្ធមិត្ត
ចិន​​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្ទ​ចិនខាង​ត្បូង​ទន្ទឹម​នឹងសមយុទ្ធ​ហ្វីលីពីនជាមួយសម្ព័ន្ធមិត្ត AP - Joseph Calabrese
ផ្សាយពាណិជ្ជកម្ម

កងពល​ភូមិភាគ​ខាង​ត្បូង​នៃកងកម្លាំង​យោធា​ប្រជាមានិត​ចិន រៀប​ចំ​ធ្វើ​សមយុទ្ធ ដោយ​​ចេញ​​​ត្បាត​ត្រៀម​ប្រយុទ្ធ​​តាម​ផ្លូវ​ទឹក​ និង​ផ្លូវ​អាកាសរួម​គ្នា​ ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​សេចក្តី​ការណ៍​របស់​យោធា​ចិន ដោយ​មិន​បញ្ជាក់​លម្អិត​ទេថាតើ​សមយុទ្ធ​នោះ​មាន​ទំហំ​ប៉ុណ្ណា និង​ប្រព្រឹត្ត​ទៅ​នៅត្រង់​​ចំណុចណា​​ឱ្យ​ប្រាកដឡើយ។ ប៉ុន្តែ​អាជ្ញាធរ​យោធា​ចិន បាន​បន្ថែម​ថា គ្រប់​សកម្មភាព​យោធា​ដែល​រំខាន​ស្ថានភាព​នៅ​សមុទ្ទចិន​ខាង​ត្បូង និង​ដែល​បង្ក​បង្កើត​ឱ្យ​មាន​តំបន់​ក្តៅហិង្សា ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​គ្រង​បាន​ទាំងអស់។ ពាក្យ​ថា​“សកម្មភាព​យោធារំខាន”នោះ​ គឺ​ទំនង​ចង់​សំដៅ​លើ​សមយុទ្ធ​របស់​ហ្វីលីពីន​ជាមួយ​សម្ព័ន្ធមិត្ត​ ដែល​កំពុង​ធ្វើ​សមយុទ្ធ​ក្នុង​ផ្ទៃ​សមុទ្ទ​នេះដែរ។

នៅ​ថ្ងៃសៅរ៍ម្សិលមិញ ហ្វីលីពីន សហរដ្ឋ​អាមេរិក ជប៉ុន​និង​អូស្ត្រាលី បាន​ប្រកាស​រៀប​ចំ​ធ្វើ​លំហាត់​សឹក​រួម​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ទី​៧មេសា ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ហ្វីលីពីន ពោល​គឺ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ​ដែល​​ជាប់​ជម្លោះ​ជាមួយ​ចិន។

បើ​តាម​សេចក្តី​ថ្លែងការណ៍រួម​​​​​ ​សមយុទ្ធ​​​ជើង​ទឹក​និងជើង​អាកាស​រួម​បួន​ប្រទេស ជា​សារ​​បង្ហាញ​ឱ្យ​ឃើញ​អំពីឆន្ទៈរួមរបស់​សម្ព័ន្ធមិត្តក្នុង​​​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការតំបន់​និងអន្តរជាតិ ដើម្បី​ធានា​សេរីភាព​និង​ការ​បើក​ចំហ​ឱ្យ​​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ តែ​នេះ​​ជា​លើក​ទីមួយហើយ​ដែល​​ហ្វីលីពីន​​បាន​ចូល​រួម​ធ្វើ​សមយុទ្ធ​ក្នុង​ទម្រង់​យ៉ាង​ដូច្នេះ។ ត្រូវការ​ដំឡើង​សមត្ថភាព​ការពារ​ខ្លួន ដោយខ្លួន​ឯងផង និងជា​ក្រុម​​ផង ហ្វីលីពីនជា​ប្រទេស​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ជម្លោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង និង​កំពុង​ប្រឈមយ៉ាង​​តាន​តឹង​បំផុត​មិន​ធ្លាប់​មាន​នា​រយៈ​ពេល​ប៉ុន្មាន​ខែចុងក្រោយ​មកនេះ​ជាមួយ​ចិន​ តាម​រយៈ​​​ឧប្បត្តិហេតុផ្សេងៗ ដូច​ជា​ការ​​​ប៉ះទង្គិចរវាងនាវា​ឆ្មាំ​សមុទ្ទចិននិង​នាវា​យោធា​ហ្វីលីពីន ​ឬ​ការ​​ដេញ​បាញ់​នាវា​នាយោធា​ហ្វីលីពីន ដោយ​ប្រើ​កាណុង​​ទឹក នៅ​តំបន់​កូនកោះ​ថ្ម​ប៉ប្រះ​ទឹក​Second Thomas ។ល។

​ហេតុដូច្នេះ​ហើយ​បាន​ជា​ហ្វីលីពីន​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​សម្ព័ន្ធមិត្ត​ជាពិសេស​ជាមួយ​សហរដ្ឋ​អាមេរិក។ បន្ទាប់​ពី​សមយុទ្ធ​ថ្ងៃ​នេះ ប្រធានាធិបតី​ហ្វីលីពីន នឹង​ចូល​រួម​ក្នុង​ជំនួប​កំពូល​ត្រីភាគី​ រវាង​ប្រធានាធិបតី​អាមេរិក នាយករដ្ឋមន្ត្រី​ជប៉ុន នៅទីក្រុង​វ៉ាស៊ីនតោន​ ថ្ងៃទី​១១​មេសា​សប្តាហ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ