អានតួអត្ថបទ
តួកគី-អឺរ៉ុប

ប្រធានាធិបតីតួកគី​គំរាមជាថ្មី​ថា នឹង​មាន​ជនអន្តោប្រវេសន៍​រាប់​លាន​នាក់ សំដៅ​ទឹកដី​អឺរ៉ុប

ប្រមុខការបរទេស​អឺរ៉ុប លោក​Josep Borrell ធ្វើ​ដំណើរ ទៅ​ទីក្រុង​អង់ការ៉ា នៅថ្ងៃ​អង្គារ ទី ៣មីនា​ដើម្បី ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​តួកគី ពី​វិបត្តិ​នៅ​ទឹកដី​ភាគខាងជើង​ស៊ីរី ជាទី ដែល​កងទ័ព​តួកគី កំពុង​មាន​វត្តមាន និងកំពុង​ប្រយុទ្ធ​តទល់​នឹង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី។ វត្តមាន​របស់​ប្រមុខការ​បរទេស​អឺរ៉ុប នៅ​តួកគី ធ្វើឡើង នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ដែល​ប្រធានាធិបតី តួកគី បាន​ប្រកាស​បើកភ្លើងខៀវ បញ្ចេញ​ជនភៀសខ្លួន និង​ជនអន្តោរប្រវេសន៍ សំដៅ ទឹកដី​អឺរ៉ុប។

ក្រោយ​ភ្លើងខៀវ​របស់​ប្រធានាធិបតី តួកគី ជនអន្តោប្រវេសន៍សម្រុក​ទៅ​ព្រំដែន​ក្រិក តួកគី សំដៅ​ចង់​ឆ្លងចូល​ទៅទឹកដី​អឺរ៉ុប នៅថ្ងៃទី ២ មីនា ២០២០​
ក្រោយ​ភ្លើងខៀវ​របស់​ប្រធានាធិបតី តួកគី ជនអន្តោប្រវេសន៍សម្រុក​ទៅ​ព្រំដែន​ក្រិក តួកគី សំដៅ​ចង់​ឆ្លងចូល​ទៅទឹកដី​អឺរ៉ុប នៅថ្ងៃទី ២ មីនា ២០២០​ ©REUTERS/Alexandros Avramidis
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តីថ្លែងការណ៍​របស់សហភាពអឺរ៉ុប ប្រមុខការបរទេស​អឺរ៉ុប លោក​Joseph Borrell នឹង​ជួប​ពិភាក្សា​ជាមួយ​អ្នកទទួលខុសត្រូវជាន់ខ្ពស់​របស់​តួកគី ពី​ផលវិបាក​មនុស្សធម៌ ដោយសារ​ការប្រយុទ្ធគ្នា នៅ​ខេត្ត​អ៊ីដឡិប ទឹកដី​ភាគខាងជើង​ស៊ីរី ហើយ​និង​ស្ថានភាព​ជាទូទៅ​របស់​ជនភៀសខ្លួន​ស៊ីរី ក្នុង​ទឹកដីតួកគី។

នៅ​ថ្ងៃ​ចន្ទម្សិលមិញ ប្រធានាធិបតី តួកគី​បាន​គំរាម សា​ជាថ្មី សហភាពអឺរ៉ុប​ពីលំហូរ​ជនភៀសខ្លួន ជន​អន្តោប្រវេសន៍ រាប់​លាន​នាក់​សំដៅ​ទឹកដី​អឺរ៉ុប។ កាលពី ថ្ងៃ​សុក្រ ប្រមុខ​រដ្ឋាភិបាល​តួកគី ដែល​បានចោទប្រកាន់​អឺរ៉ុប​ថា មិន​បាន​គោរព​តាមការសន្យា ឆ្នាំ ២០១៦ បាន​ប្រកាស​បើកភ្លើងខៀវ អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន ស៊ីរី អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់ ធ្វើដំណើរ​សំដៅ​ទឹកដី អឺរ៉ុប។ តាំង​ពី​ថ្ងៃ​សុក្រ ជនភៀសខ្លួន រាប់ពាន់​នាក់​បានសម្រុក​ធ្វើដំណើរ​ទៅដល់​ព្រំដែន​តួកគី ក្រិក ជាទី​ដែល​ទាហាន​ក្រិក​ត្រូវ​បាន​ដាក់ពង្រាយ ដើម្បី ទប់ស្កាត់ កុំ​ឲ្យ​ជនអន្តោប្រវេសន៍ ឆ្លង​ចូល​ក្នុង​ទឹកដីក្រិក។

ទៅ​តាម​កិច្ចព្រមព្រៀង ឆ្នាំ ២០១៦ អឺរ៉ុប​បាន​សន្យា​ផ្តល់​ថវិកា ៦ពាន់​លាន​អឺរ៉ូ ទៅ​ឲ្យ​រដ្ឋាភិបាល​តួកគី ក្នុង​ការខិតខំប្រឹងប្រែង​ទប់​កុំ​ឲ្យ​ជនភៀសខ្លួន ធ្វើដំណើរ​បន្ត​ចូល​ទឹកដីអឺរ៉ុប។ ប៉ុន្តែ តួកគី ដែល​ទទួល​ឲ្យ​តាំង​មាន​ជំរំ​ដាក់ជនភៀសខ្លួន ជាង ៤លាននាក់ ដែល​ភាគច្រើន ជា​ជនជាតិ​ស៊ីរី បាន​ចោទប្រកាន់​អឺរ៉ុប ថា មិន​បាន​ផ្តល់​ថវិកា​គ្រប់ចំនួន តាម​ការសន្យា។ ការចោទប្រកាន់​ដែល​ភាគី​អឺរ៉ុប​បាន​បដិសេធ​ទាត់ចោល។

នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី តួកគី លោក​រេស៊ីប អ៊ែរដូហ្កាន បានលើកឡើង​ដែរថា តួកគី​បាន​បដិសេធ​មិន​ទទួល​យក ប្រាក់​១ពាន់​លាន​អឺរ៉ូ ដែល​អឺរ៉ុប បាន​សន្យា​ផ្តល់​បន្ថែម​ពីលើ​កិច្ចព្រមព្រៀង។

សម្រាប់​ប្រធានាធិបតី តួកគី តួកគី លែង​ចង់​បាន​ប្រាក់​ពីអឺរ៉ុប​ទៀតហើយ។ គេ​វាយតម្លៃថា រដ្ឋាភិបាល​តួកគី សម្រេច​បើករ៉ូប៊ីនេ បញ្ចេញ​ជនភៀសខ្លួន សំដៅ​ទឹកដី​អឺរ៉ុប ក្នុង​គោលដៅ ទាមទារ​ចង់បាន​ជំនួយ​គាំទ្រ​ពីប្រទេស​លោកខាងលិច សហភាពអឺរ៉ុប សម្រាប់​ប្រតិបត្តិការ​យោធា​របស់​តួកគី នៅ​ទឹកដី​ស៊ីរី។

ប៉ុន្តែ នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោកស្រី អង់ហ្គេឡា មេរកិល បាន​និយាយ​រិះគន់ ជំហរ​របស់​តួកគី ដែល​កេង​ចំណេញ យក​បញ្ហា​ជនភៀសខ្លួន ទៅ​ដាក់​សម្ពាធ​លើ​សហភាព​អឺរ៉ុប៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ