អានតួអត្ថបទ
អ៊ីរ៉ង់-អ៊ុយក្រែន-អាកាសចរណ៍

អ៊ីរ៉ង់​ថា​យោធា​ខ្លួន​បាញ់​យន្តហោះ​អ៊ុយក្រែន​ធ្លាក់​ដោយសារ​កំហុស​បច្ចេកទេស​នៃ​ប្រព័ន្ធ​រ៉ាដា

ប្រទេស​អ៊ីរ៉ង់​ បាន​ចេញ​មុខ​ទទួលស្គាល់​កាលពី​ថ្ងៃ​ទី​១១​ កក្កដា​ថា​ កំហុស​បច្ចេកទេស​ក្នុង​ការ​តម្រង់​ប្រព័ន្ធរ៉ាដា​របស់​មនុស្ស​ បាន​បណ្តាល​ឲ្យ​យោធាអ៊ីរ៉ង់​ភាន់ច្រឡំ​ និងបាន​បាញ់​យន្តហោះ​ប៊ូអ៊ីង​៧៣៧​ របស់​អ៊ុយក្រែន​ឲ្យធ្លាក់​កាលពី​ខែ​មករា​ ដើមឆ្នាំ​២០២០​នេះ​។

vol 752 d'Ukraine International Airlines
vol 752 d'Ukraine International Airlines © TASNIM
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​យប់ថ្ងៃ​សៅរ៍​ ទី​១១​ កក្កដា​ អង្គភាព​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់​ (CAO) បាន​ប្រកាស​ប្រាប់​ឲ្យដឹងថា​ យោធា​អ៊ីរ៉ង់​ បាន​បាញ់​យន្តហោះ​អ៊ុយក្រែន​ឲ្យ​ធ្លាក់​ ដោយសារ​កំហុស​មនុស្ស​ដែល​តម្រង់​រ៉ាដា​ខុស​ចំនួន​ ១០៧​ដឺក្រេ​នៅក្នុង​ប្រព័ន្ធ​បច្ចេកទេស​។

អង្គភាព​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់​ បាន​លើកឡើង​ទៀតថា​ ទោះបីជា​​​ប្រព័ន្ធរ៉ាដាបានបញ្ជូន​​ព័ត៌មាន​នៅលើ​គន្លង​របស់​យន្តហោះមិនត្រឹមត្រូវ​​ក៏ដោយ​ ក៏ប្រតិបត្តិករ​គួរតែ​អាច​កំណត់ថា​នោះគឺជា​យន្តហោះ​ដឹក​អ្នកដំណើរ​ដែរ​។ ក៏ប៉ុន្តែ​ ដោយសារ​តែ​ការ​ភាន់ច្រឡំ​ នៅទីបំផុតទៅ​ យោធាអ៊ីរ៉ង់​ ក៏បាន​បាញ់​យន្តហោះ​របស់​អ៊ុយក្រែន​ដោយ​អចេតនា ព្រោះតែ​កំណត់​អត្តសញ្ញាណ​ខុស​។

ជាមួយគ្នានេះ​ របាយការណ៍​ខាងលើ​ក៏បាន​កត់សម្គាល់​ដែរថា​ គ្រាប់​មីស៊ីល​ដំបូង​ ដែល​បាញ់​ទៅលើ​យន្តហោះ​អ៊ុយក្រែន​ ត្រូវបាន​បាញ់​ដោយ​អង្គភាព​ការពារ​ជាតិ​អ៊ីរ៉ង់​ ដោយ​មិន​បាន​ទទួល​ការឆ្លើយតប​ណាមួយ​ពី​មជ្ឈមណ្ឌល​សម្រប​សម្រួល​ឡើយ​។ ចំណែកឯ​គ្រាប់​មីស៊ីល​ទី២​ ដែល​ជាគ្រាប់​ចុងក្រោយ​វិញ​ ត្រូវបាន​គេ​បាញ់​ចេញ​ក្នុង​រយៈពេល​៣០ វិនាទី​ក្រោយ​។

គួររំឭកជូនថា យន្តហោះ​ប៊ូអ៊ីង​អ៊ុយក្រែន​ ជើង​ហោះហើរ​លេខ​ ៧៥២​ ជា​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អ៊ុយក្រែន​។ យន្តហោះ​នេះ​ ត្រូវបាន​បាញ់​ឲ្យ​ធ្លាក់​បន្ទាប់ពី​ហោះ​ចេញ​​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​តេហេរ៉ង់​ប្រទេស​អ៊ីរ៉ង់ បាន​បន្តិច​ កាលពី​ថ្ងៃទី​ ៨ មករា​ ឆ្នាំ២០២០​នេះ​ ជាពេល​ដែល​អាមេរិក​និងអ៊ីរ៉ង់​កំពុង​ជួប​ភាព​តានតឹង​នឹងគ្នា​ខ្លាំង​។

បី​ថ្ងៃ​ក្រោយ​គ្រោះ​ថ្នាក់​ធ្លាក់យន្តហោះ​ដែលបាន​ផ្តាច់​ជីវិត​អ្នក​ដំណើរ​ទាំងអស់​ ១៧៦ នាក់​ ប្រទេស​អ៊ីរ៉ង់​បាន​ចេញមុខ​ប្រកាស​សុំទោស​ និង​បាន​សារភាព​ថា​យោធា​របស់​ខ្លួន​ ជា​អ្នក​បាញ់យន្តហោះ​ប៊ូអ៊ីង ៧៣៧ របស់​អ៊ុយក្រែន​ឲ្យធ្លាក់​ តែជា​វា​ជាការបាញ់​ដោយ​អចេតនា​នោះទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ