អានតួអត្ថបទ
ស៊ីរី-បារាំង

បារាំងកំពុងផ្តល់ជំរក​សុវត្ថិភាពដល់ទាហាន​ស៊ីរី ដែលធ្លាប់ធ្វើទារុណកម្មលើ​បាតុករបះបោរ​នៅស៊ីរី?

បារាំង​នឹង​ក្លាយ​ជា​ដែនដី​និទណ្ឌភាព សម្រាប់​ឧក្រិដ្ឋជន​ស៊ីរី ដែល​បាន​ចូលរួម​ធ្វើទារុណកម្ម​ទៅលើ​សកម្មជន​ប្រឆាំង​ស៊ីរី ? នេះជាក្តីបារម្ភ​របស់​ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស នៅប្រទេស​បារាំង។ នៅក្នុង​លិខិត​ចំហរ​ផ្ញើ​ទៅកាន់​ប្រធានាធិបតីបារាំង កាលពី​ថ្ងៃ​សុក្រ​ទី ៣​ធ្នូ អង្គការ​ការពារ​សិទ្ធិមនុស្ស ចំនួន​១០ រួម​ជាមួយ អ្នកច្បាប់ជាច្រើន​នាក់​បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​ច្បាប់ ដើម្បី បើកផ្លូវ​ឲ្យ​តុលាការ​បារាំង បើកសវនាការ​ជំនុំជម្រះ ទាហានស៊ីរី​ដែល​បាន​ប្រព្រឹត្តឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ នៅស៊ីរី ប៉ុន្តែ ដែលកំពុង​រត់ភៀសខ្លួន មកសុំសិទ្ធិជ្រកកោន​នៅប្រទេស​បារាំង។

ទាហាន​ស៊ីរី​សាក់រូប​ប្រធានាធិបតី​បាស្ហាអាល់អាសាដនៅទីក្រុង​ដាម៉ាស នៅ​ខែ ឧសភា ឆ្នាំ ២០២១
ទាហាន​ស៊ីរី​សាក់រូប​ប្រធានាធិបតី​បាស្ហាអាល់អាសាដនៅទីក្រុង​ដាម៉ាស នៅ​ខែ ឧសភា ឆ្នាំ ២០២១ AP - Hassan Ammar
ផ្សាយពាណិជ្ជកម្ម

អង្គការការពារ​សិទ្ធិមនុស្ស ចំនួន ១០ ដែលនៅក្នុងនោះ​មាន​អង្គការ​Amnesty International អង្គការ​សម្ព័ន្ធសិទ្ធិមនុស្ស អង្គការ​អ្នកកាសែតគ្មានព្រំដែន និង​សហជីព​ចៅក្រម បារាំង បានរួមគ្នា​សរសេរ​លិខិត​ចំហរ ដែលនៅក្នុង​នោះ គេ​បានទាមទារ​ឲ្យ​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង ធ្វើ​កំណែ​ទម្រង់​ជាបន្ទាន់ ច្បាប់​ស្តីពី​សមត្ថកិច្ច​សកល។

ផ្អែកលើ​គោលការណ៍​សមត្ថកិច្ច​សកល តុលាការ​មួយ​ អាច​មាន​អំណាច​យុត្តាធិការ បើកការជំនុំជម្រះ លើ​សំណុំរឿង​ធ្ងន់ធ្ងរ ទោះអង្គហេតុ​កើតឡើង នៅ​ប្រទេសផ្សេង ហើយទោះ​ដើមចោទ និង​ជន​ជាប់ចោទមិន​មែនជា​ប្រជាជន​ខ្លួនក៏​ដោយ។

សម្រាប់អង្គការ​ការពារ​សិទ្ធិមនុស្ស និង​សហជីពចៅក្រម គ្មានកំណែទម្រង់​ច្បាប់ស្តីពី​សមត្ថកិច្ច​សកល បារាំង​នឹង​ក្លាយជា​ដែនដី​និទណ្ឌភាព សម្រាប់​ទាហាន​ស៊ីរី ដែល​ធ្លាប់​ចូលរួម​ធ្វើទារុណកម្ម​ទៅលើ​បាតុករ ដែល​បាន​ងើបបះបោរ​ប្រឆាំង​របបលោកប្រធានាធិបតី​ស៊ីរី កាលពី ១០​ឆ្នាំ​មុន។

អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​សំដែង​ក្តីបារម្ភ នៅបន្ទាប់ តុលាការ​វិនិច្ឆ័យ​ដែល​ជា​ស្ថាប័ន​ច្បាប់​កំពូល​របស់​បារាំង ទើប​បាន​សម្រេច​កាលពី​ថ្ងៃទី ២៤​វិច្ឆិកាថា ​ចៅក្រម​បារាំង គ្មានសមត្ថកិច្ច​ចោទប្រកាន់​អតីត​ទាហាន​ស៊ីរី ក្នុង​បទ​ផ្សំគំនិត ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម នៅ​ទឹកដី​ស៊ីរី នោះ​ទេ។ សូមរំលឹកថា អតីត​ទាហាន​ស៊ីរី​ម្នាក់​នៃ​របបលោកប្រធានាធិបតី​បាស្ហាអាល់អាសាដ ដែលបានមក​សុំ​សិទ្ធិជ្រកកោន​នយោបាយ​នៅបារាំង ត្រូវ​បាន​អាជ្ញាធរ​បារាំង ចាប់ខ្លួននៅ​ឆ្នាំ ២០២០ នៅក្នុង​អំឡុង​យុទ្ធនាការ​តាម​ប្រមាញ់ ចាប់​ទាហាន​ស៊ីរី ដែលធ្លាប់​ចូលរួម​ក្នុងការបង្រ្កាប ធ្វើទារុណកម្ម និងសម្លាប់អ្នកទោសនៅស៊ីរី  ប៉ុន្តែ ដែល​កំពុង​រត់គេចខ្លួន ​មក​សុំ​សិទ្ធិជ្រកកោន​ជាជនភៀសខ្លួន ​នៅទឹកដី​អឺរ៉ុប។

លិខិត​ចំហរ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ទៅកាន់​ប្រធានាធិបតី​បារាំង ធ្វើឡើង​ផងដែរ នៅមួយថ្ងៃ​ក្រោយ​តុលាការ​អាល្លឺម៉ង់ បាន​ប្រើ​គោលការណ៍​សមត្ថកិច្ច​សកល ដើម្បីជំនុំជម្រះ អតីត​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​ម្នាក់​របស់​របបស៊ីរី។ Anwar Raslan ដែលរត់ភៀសខ្លួន​មក​នៅអាល្លឺម៉ង់ ត្រូវ​បាន​ប៉ូលិស​អាល្លឺម៉ង់​ចាប់​ឃុំខ្លួននៅ​ឆ្នាំ ២០២០ នៅក្រោយ អតីត​អ្នកទោស​ស៊ីរី​បាន​រកឃើញ បកអាក្រាត មុខ ទៅកាន់​តុលាការ​អាល្លឺម៉ង់។ នៅ​ដើម​ឆ្នាំ នេះ តុលាការ​អាល្លឺម៉ង់​ បាន​ចេញ​សាលក្រម​កាត់ទោស​សមាជិក​ម្នាក់​នៃ​ក្រុមស៊ើបការណ៍​របស់​របបផ្តាច់ការ​ស៊ីរី ឲ្យជាប់​ពន្ធនាគារ ៤ឆ្នាំកន្លះ ពីបទ​ផ្សំគំនិត​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ទៅលើ​បាតុករ នៅទឹកដី​ស៊ីរី។

អាល្លឺម៉ង់​បាន​ក្លាយជាប្រទេស​លើកដំបូងគេ​ក្នុងលោក​ដែលកាត់ទោស​អតីតទាហាន​ស៊ីរី ក្នុងបទប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ក្នុងទឹកដី​ស៊ីរី ទៅតាម​គោលការណ៍ សកល ដែល​អនុញ្ញាត​ឲ្យ​តុលាការ​ក្នុងស្រុក​បើកការជំនុំជម្រះ សំណុំរឿងធ្ងន់ធ្ងរ ​ទោះអង្គហេតុកើតឡើងនៅ​ប្រទេសផ្សេង ហើយទោះ​ដើមចោទ និង​​ជន​ជាប់ចោទមិន​មែនជា​ប្រជាជន​ខ្លួន​​។ ចុះ​បារាំង វិញ ដែល​ជា​ប្រទេស​ការពារ​សិទ្ធិមនុស្ស និង​ប្រយុទ្ធប្រឆាំង​និទណ្ឌភាពនោះ បាន​ធ្វើអ្វីខ្លះ? ការសម្រេច​របស់​តុលាការ​វិនិច្ឆ័យ ក្នុង​ការបោះបង់​ចោល ការចោទប្រកាន់​ទៅលើ​អតីតទាហាន​ស៊ីរី ក្នុង​ហេតុផល គ្មាន​សមត្ថកិច្ច គ្រប់គ្រាន់​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​មុខមាត់​របស់​ប្រទេស​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ