អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-សិទ្ធិមនុស្ស

សង្គ្រាម​អ៊ុយក្រែន​៖ រុស្ស៊ី​កាន់​តែ​ឯកោ​និង​​​រង​ការ​ថ្កោល​​ទោស​​ខ្លាំង​នៅ​លើ​​ឆាក​​អន្តរជាតិ

ប្រទេស​រុស្ស៊ី​ហាក់​កាន់​តែ​ឯកោ​ខ្លាំង​ជាង​ពេលណាៗ​ទាំងអស់​ បន្ទាប់ពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នៅថ្ងៃសុក្រ​ ៤មីនា​ បើក​ផ្លូវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ទង្វើ​រំលោភបំពាន​ដែល​ប្រព្រឹត្ត​ដោយ​ក្រុង​មូស្គូ​នៅ​ក្នុង​សង្គ្រាមអ៊ុយក្រែន​។ ក្នុង​ពេល​ដំណាល​គ្នា​នេះ មន្ត្រីក្រុងកៀវ​ បាន​ចោទ​ប្រកាន់​កងទ័ព​រុស្ស៊ី​ពីបទរំលោភ​ស្ត្រីអ៊ុយក្រែន​ និង​បាន​អំពាវនាវ​ផងដែរ​សុំ​ឲ្យ​បង្កើត​តុលាការ​ពិសេស​មួយ​ដើម្បីដាក់​ទណ្ឌកម្ម​រុស្ស៊ី​។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប បោះឆ្នោតជាប្រវត្តិសាស្ត្រនៅថ្ងៃសុក្រ ៤មីនា ឆ្នាំ២០២២ បើកផ្លូវឲ្យមានការស៊ើបអង្កេតលើទង្វើរំលោភបំពានដែលប្រព្រឹត្តដោយក្រុងមូស្គូនៅក្នុងសង្គ្រាមអ៊ុយក្រែន។  REUTERS/Denis Balibouse
ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប បោះឆ្នោតជាប្រវត្តិសាស្ត្រនៅថ្ងៃសុក្រ ៤មីនា ឆ្នាំ២០២២ បើកផ្លូវឲ្យមានការស៊ើបអង្កេតលើទង្វើរំលោភបំពានដែលប្រព្រឹត្តដោយក្រុងមូស្គូនៅក្នុងសង្គ្រាមអ៊ុយក្រែន។ REUTERS/Denis Balibouse REUTERS - DENIS BALIBOUSE
ផ្សាយពាណិជ្ជកម្ម

សារ​ទៅកាន់​លោកពូទីន​ គឺវា​ច្បាស់ណាស់​៖ អ្នក​នៅ​ឆ្ងាយ​ដាច់​ពី​គេខ្លាំង​មែនទែន​ ហើយ​ពិភពលោក​ទាំង​មូល​ប្រឆាំង​នឹង​អ្នក​។ នេះ​គឺជា​សម្តី​របស់​តំណាង​អចិន្ត្រៃយ៍រអ៊ុយក្រែន​ប្រចាំការិយាល័យ​អ.ស.ប ​ក្នុងក្រុងហ្សឺណែវ​អ្នកស្រី​ Yevheniia Filipenko បន្ទាប់ពីក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាងច្រើន​លើសលុប​។

មាន​ប្រទេស​ចំនួន​ ៣២ក្នុង​ចំណោម​សមាជិក​ទាំងអស់​ ៤៧​ប្រទេស​របស់​ក្រុមប្រឹក្សា​បានបោះឆ្នោត​គាំទ្រឲ្យ​ផ្តើមការស៊ើបអង្កេត​កម្រិត​ខ្ពស់បំផុត​តាម​ដែល​អាចធ្វើទៅបាន​ ក្នុងគោលបំណង​ចាប់​ជនល្មើស​ឲ្យមក​ទទួល​ខុសត្រូវនៅចំពោះមុខច្បាប់​។

មាន​តែប្រទេស​រុស្ស៊ី​ខ្លួន​ឯងនិង​​អេរីត្រេ​ទេ​ដែល​បាន​បោះឆ្នោត​ប្រឆាំង​ ហើយ​មាន​ប្រទេស​ចំនួន​ ១៣​បាន​បោះឆ្នោត​អនុប្បវាទ​។ ប្រទេសទាំងនោះ​រួមមាន​ ចិន​ វ៉េណេស៊ុយអេឡា និង​គុយបា​ជាដើម​។ល។

គួរជ្រាប​ថា​ សម្រេចក្តី​សម្រេច​របស់​របស់ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​បានក្លាយជា​កម្លាំងចលករ​មួយបន្ថែម​រុញច្រានឲ្យរុស្ស៊ីកាន់តែឯកា​ខ្លាំង​នៅលើឆាកអន្តរជាតិ​។ កាលពី​ថ្ងៃពុធ​ ទី២ មីនា មហាសន្និបាត​អសប​បាន​បោះឆ្នោតដោយសំឡេងយ៉ាងច្រើនលើលលុប​ប្រឆាំងនឹងសង្គ្រាម​រុស្ស៊ី​នៅអ៊ុយក្រែន។ ​

ចំណែក​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​វិញបានចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួនហើយលើឧក្រិដ្ឋកម្មសង្រ្គាមក្នុងប្រទេសអ៊ុយក្រែនដែលជាកន្លែងមានជនស៊ីវិលរាប់រយនាក់ត្រូវបានសម្លាប់ និងមនុស្សជាង ១លាន២សែននាក់បានភៀសខ្លួនចាប់ពីរុស្ស៊ីផ្តើមសង្គ្រាមមក។

កាលពីថ្ងៃសុក្រ​ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ទីក្រុងហ្សឺណែវ​ប្រទេសស្វីស​ក៏បាន​សម្រេចថ្កោលទោសផងដែរក្នុង​លក្ខខណ្ឌ​ដ៏​ខ្លាំងបំផុត​នៃ​ការ​រំលោភសិទ្ធិមនុស្ស​ និង​ការរំលោភបំពាន​ផ្សេងៗ ព្រមទាំង​ការ​រំលោភច្បាប់មនុស្សធម៌​អន្តរជាតិ​ដែល​បណ្តាលមកពី​ការឈ្លានពាន​របស់​រុស្ស៊ីទៅលើអ៊ុយក្រែន​។

ក្នុងពេលជាមួយគ្នានេះ​ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​ចោទ​ប្រកាន់​ទាហានរុស្ស៊ីថាបានរំលោភស្ត្រីអ៊ុយក្រែន និងបានអំពាវនាវឲ្យបង្កើត​តុលាការ ​ពិសសេ​មួយដើម្បី​ដាក់ទណ្ឌកម្ម​ចំពោះ​ទង្វើឈ្លានពាន​របស់​រុស្ស៊ីមកលើអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ