អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-អ៊ុយក្រែន

ប្រធានសភាអាមេរិក​ទៅ​​កៀវ ជា​​ការបង្ហាញ​សាមគ្គីភាពអាមេរិកគ្មាន​ប្រៀប​ចំពោះ​អ៊ុយក្រែន

ប្រធាន​សភា​អាមេរិក​លោកស្រី​ Nancy Pelosi បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​កៀវ​នា​ថ្ងៃ​អាទិត្យទី១ឧសភា​នេះ។ ជា​ទស្សនកិច្ច​ដែល​មិន​បាន​ប្រាប់​ឲ្យ​ដឹងជា​មុន និង​បាន​ធ្វើឡើង​ក្រោយ​ទស្សនកិច្ច​របស់​ប្រមុខ​ការបរទេស និង​ប្រមុខ​ការពារជាតិ​អាមេរិក។ ហើយ​បន្ទាប់​ពី​សាកល្បងអស់​​ជា​ច្រើន​លើក​ច្រើន​សា នៅក្នុង​យប់​សៅរ៍​ឆ្លង​ចូល​ថ្ងៃអាទិត្យ​នេះ ជនស៊ីវិល​ជាង​ម្ភៃនាក់ ត្រូវ​បាន​ជម្លៀស​ចេញ​រួច​ពី​ក្រុង​ម៉ារីយូប៉ូល។

ប្រធានសភា​អាមេរិក​លោកស្រី Nancy Pelosi ទៅ​បំពេញ​ទស្សនកិច្ច​ដោយ​ឥតគ្រោង​ទុក​នៅ​ក្រុង​កៀវ
ប្រធានសភា​អាមេរិក​លោកស្រី Nancy Pelosi ទៅ​បំពេញ​ទស្សនកិច្ច​ដោយ​ឥតគ្រោង​ទុក​នៅ​ក្រុង​កៀវ © Capture d'écran Facebook/Володимир Зеленський
ផ្សាយពាណិជ្ជកម្ម

អរគុណ​សហរដ្ឋ​អាមេរិក ដែល​បាន​ចូល​រួម​ចំណែកការពារ​បូរណភាពដែនដី​​និង​អធិបតេយ្យភាព​អ៊ុយក្រែន។ អាមេរិក​ជា​មេក្រុមដ៏​រឹងមាំដែល​គាំទ្រ​អ៊ុយក្រែន​ឱ្យ​តស៊ូ​ប្រឆាំងនឹងការឈ្លានពានរបស់​រុស្ស៊ី។ នេះ​ជា​សារទ្វីត​របស់​លោក​ហ្សេឡេនស្គី​ អម​ដោយ​រូបភាព​វីដេអូ​ ទទួល​ស្វាគមន៍​លោកស្រី Pelosi ​ប្រធាន​សភាអាមេរិក និងប្រតិភូ។

ចំណែក​អាមេរិក​វិញ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ បញ្ជាក់​ដែរថាប្រតិភូ​សភា​អាមេរិក​ទៅ​ក្រុង​កៀវ ដើម្បី​ផ្ញើ​ប្រាប់​ពិភពលោក​ទាំងមូល​ថា​សហរដ្ឋ​អាមេរិក​នៅក្បែរ​អ៊ុយក្រែនជានិច្ច។

សូមបញ្ជាក់​ថា​ទស្សនកិច្ចនេះ​ ប្រព្រឹត្ត​ទៅ​តែប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន បានស្នើ​សុំ​ទៅ​សភាអាមេរិក​ឱ្យ​អនុម័ត​កញ្ចប់​ថវិកា​យោធា​ជួយ​អ៊ុយក្រែន​ក្នុងទំហំ​ដ៏​មហាសាល ដល់​ទៅ​៣៣ពាន់​លាន​ដុល្លារ។ ជំនួយ​គាំទ្រ​បន្ថែម​សម្រាប់​កំពុង​ចេញ​ទៅ​ហើយ​​បន្ត​បន្ទាប់​ទៀត​ហើយ។ នេះ​បើ​តាមក្រុម​​ប្រតិភូ​​ដែលធានា​ថា​​សភាអាមេរិក​នឹងអនុម័ត​សំណើ​ហិរញ្ញវត្ថុ​របស់​ប្រធានាធិបតី​បៃដិន។

​នៅសប្តាហ៍​មុន​ ​ប្រមុខ​ការទូត និង​រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​ បាន​អញ្ជើ​ញ​មក​ធ្វើ​ទស្សនកិច្ចដល់​ទីក្រុង​កៀវដែរ ដោយ​បាន​​ប្រកាស​បញ្ជូន​វត្តមាន​មន្ត្រីការទូត​អាមេរិក​មកអ៊ុយក្រែន​វិញ និង​បាន​បន្ថែម​ជំនួយ ដោយ​ផ្ទាល់​និង​មិន​ផ្ទាល់​ចំនួន ជាង​៧០០លានដុល្លារ។

អ៊ុយក្រែន​បន្ត​ទទួល​ជំនួយ​យោធា​ជា​រដឹក ឯរុស្ស៊ី​បន្ត​វាយប្រហារ​ឥត​ប្រណីនៅភាគខាង​កើត។ តែ​ជា​លើក​ទីមួយ នៅ​យប់​ថ្ងៃសៅរ៍​ ជនស៊ីវិលអ៊ុយក្រែន​មួយ​ក្រុមដំបូង អាច​រត់​ភៀស​ខ្លួន​ចេញ​ពីកន្លែង​លាក់​ខ្លួន​ក្រោម​ដី​Azovstal នៃ​ក្រុង​កំពង់ផែ​​ម៉ារីយូប៉ូល។ ក្រុមការពារ​តំបន់​ឧស្សាហកម្ម​ Azovstal ថា​ជា​ការ​ជម្លៀស​ស្ត្រី​និង​កុមារ​ប្រមាណ​ជាង​២០នាក់។ តែក្រសួង​ការពារ​ជាតិ​រុស្ស៊ី ថា​មាន​ជន​ស៊ីវិល​ពីរ​ក្រុម ២៥​និង​២១​នាក់​។ បើ​តាម​រូប​ភាព​ផ្កាយ​រណប ថ្ងៃទី ២៩មេសា សំណង់អាគារ​នៅ​ Azovstal ត្រូវ​បាន​បំផ្លាញ​អស់​ទាំងស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ