អានតួអត្ថបទ
ស៊ុយអ៊ែត-អូតង់

ស៊ុយអែត ​នឹង​ស្នើ​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់​ដែរ

បន្ទាប់ពី​​ស្ថិត​នៅ​អព្យាក្រិត្យ​មិន​ចូល​បក្ស​សម្ព័ន្ធ​យោធា ​អស់រយៈពេល​​ជិត​ពីរ​សតវត្សរ៍ ​ស៊ុយអែត​នឹង​បើក​ទំព័រ​សករាជ​ថ្មី តាម​រយៈ​ការ​ស្នើ​​សុំ​ចូល​ជា​សមាជិក​អង្គការសម្ព័ន្ធអាត្លង់ទិក “​អូតង់”! នេះ​បើ​តាម​ប្រសាសន៍​របស់លោកស្រី ​នាយករដ្ឋមន្ត្រី​ស៊ុយអែត ម៉ាក់ដាឡេណា អាន់ឌែរសុន Magdalena Andersson ​នៅចំពោះ​មុខ​អ្នក​សារព័ត៌មាន​ នា​​ថ្ងៃចន្ទទី ១៦​ឧសភា ដោយ​បញ្ជាក់​ថារដ្ឋាភិបាល​​ស៊ុយអែត​សម្រេច​ចិត្ត​ និង​ជូន​ដំណឹង​ដល់​អូតង់​រួច​ហើយ។

លោកស្រី នាយករដ្ឋមន្រ្តី ស៊ុយអែត Magdalena Andersson ថ្ងៃទី ១៦ ឧសភា ២០២២
លោកស្រី នាយករដ្ឋមន្រ្តី ស៊ុយអែត Magdalena Andersson ថ្ងៃទី ១៦ ឧសភា ២០២២ © News Agency/Henrik Montgomery via REUTERS
ផ្សាយពាណិជ្ជកម្ម

ស៊ុយអែត​និង​​ហ្វាំងឡង់​បាន​បង្ហាញ​ចេតនា​ចង់​ក្លាយ​ជា​សមាជិក​អង្គការអូតង់​ទន្ទឹម​ពេលគ្នា។ ម្សិលមិញ ​ហ្វាំងឡង់​បាន​ដាក់បេក្ខភាព​​ជា​ផ្លូវការ ហើយ​នៅថ្ងៃ​ចន្ទទី ១៦ ឧសភា​នេះ ក្នុង​សន្និសីទ​កាសែត លោកស្រីនាយករដ្ឋមន្ត្រី​ស៊ុយអែត​បាន​ប្រកាស​ដោយ​ចំៗ​ថា​​ ឯកអគ្គរដ្ឋ​ទូត​ស៊ុយអែត​ប្រចាំអូតង់ នឹង​ដាក់​ពាក្យ​សុំ​ចូល​ជាសមាជិក​អង្គការ​អូតង់​ ជាផ្លូវការ​ នា​ពេលឆាប់ៗ​នេះ ហើយ​សង្ឃឹម​ថាមិន​ដល់​មួយ​ឆ្នាំទៀត​ទេ សមាជិក​អូតង់​ទាំង​៣០ នឹង​អនុម័ត​ទទួល​យក​បេក្ខភាព​​ស៊ុយអែត ​ឱ្យ​ក្លាយ​ជាសមាជិក​ក្នុង​​គ្រួសារ​តែមួយ។

តាំងពី​ដើមរៀង​មក និង​សូម្បី​តែ​ក្នុង​ពេលពិភពលោក​មានវិបត្តិធ្ងន់ធ្ងរ​ធ្លាក់​ក្នុង​សង្គ្រាម​លោក និង​សង្គ្រាម​ត្រជាក់​ ក៏​ស៊ុយអែត​និង​ហ្វាំងឡង់មិន​ដែល​ខ្វល់​ខ្វាយ​ចង់​ភ្ជាប់​ខ្លួន​នឹង​អង្គការ​អូតង់​ដែរ ប៉ុន្តែ​ការ​ឈ្លានពាន​រុស្ស៊ី​លើ​អ៊ុយក្រែន​ បានធ្វើ​ឱ្យ​​​​ស៊ុយអែតប្តូរ​ផ្លាស់​ចិត្ត និង​ជា​លទ្ធផល ស៊ុយអែត​សម្រេច​ដើរ​ចេញ​ពី​សករាជ​ចាស់ ហើយ​បើក​សករាជថ្មី។ នេះ​បើ​តាម​សំដី​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ស៊ុយអែត​ដដែល។

គ្រាន់​តែ​បាន​ឮប្រសាសន៍​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ស៊ុយអែត​ភ្លាម លោក​ប្រធានាធិបតី​បារាំង បាន​ថ្លែងសារ​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹងសេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​​ស៊ុយអែត ដូច​អ្វី​ដែល​បារាំង​បានធ្វើ​ចំពោះ​ហ្វាំងឡង់ កាលពី​ថ្ងៃទី ១២​ឧសភាដូច្នោះ។

ពី​ទីក្រុង​ម៉ូស្គូ ទី​ដែល​មាន​រៀប​ចំ​​ជំនួប​កំពូល​សម្ព័ន្ធ​យោធា​តំបន់​ លោកប្រធានាធិបតីរុស្ស៊ី វ្លាដេមៀ ​ពូទីន បានអះអាង​ថា ​សម្រាប់​រុស្ស៊ី ស៊ុយអែត​និង​ហ្វាំងឡង់​ក្លាយ​ជា​សមាជិក​បន្ថែម​របស់​អង្គការ​អូតង់ មិនមែន​ជា​ការគំរាមកំហែង​សន្តិសុខ​ភ្លាមៗមែន ប៉ុន្តែការ​ពង្រាយ​រចនា​សម្ព័ន្ធ​យោធា នៅលើ​ទឹក​ដី​នៃ​​ប្រទេស​ទាំងពីរ (ស៊ុយអែត​និង​ហ្វាំងឡង់) ច្បាស់​ជា​នឹង​ជំរុញ​ឱ្យ​​រុស្ស៊ី​នឹងតប​តវិញ ដោយ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​យោធា។

នេះ​ជា​ប្រតិកម្មដែល​មាន​លក្ខណៈ​ទន់ភ្លន់​ណាស់​ បើ​ប្រៀប​ទៅនឹង​ពាក្យ​គំរាមកំហែង និង​ទង្វើ​​ឈ្លានពាន​លើ​​អ៊ុយក្រែន របស់​​រុស្ស៊ីដែល​​មិន​ចង់ឃើញ​អូតង់​រំកិលមក​ជាប់​របង​ផ្ទះខ្លួន។ តែ​​រុស្ស៊ី​បានការពារ​ខ្លួន​​ថា បេក្ខភាព​អ៊ុយក្រែន​សុំ​ចូល​អូតង់​ខុស​ពី​ស៊ុយអែត​និង​ហ្វាំងឡង់ ព្រោះ​រុស្ស៊ី​គ្មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ប៉ែក​ខាង​ជើង​នោះទេ។​ ផ្ទុយ​ទៅ​វិញ​ ​លោកពូទីន បានឆ្លៀត​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​ប្រើ​អូតង់​ជា​ធ្នាក់​ដើម្បី​សម្រេច​បំណងបង្ក​ជម្លោះ និង​ប្រើ​មន្ទីរពិសោធន៍​អ៊ុយក្រែន​ដើម្បី​បង្កើត​សមាសធាតុ​អាវុធជីវសាស្ត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ