អានតួអត្ថបទ
អឺរ៉ុប-អាកាសធាតុ

អាកាសធាតុ៖ អឺរ៉ុបកំពុងប្រឈមនឹងរលកកំដៅ​យ៉ាងចម្លែក មុនរដូវកាល

នៅភាគខាងត្បូងអឺរ៉ុប កំពុងតែប្រឈមនឹងរលកកំដៅយ៉ាងចំលែក និងមុនរដូវកាល​។ នៅតំបន់ខ្លះ ជាក់ស្តែងនៅ​ភាគខាងត្បូងប្រទេសបារាំង សីតុណ្ហភាព​ បានឡើងដល់​ ៤២°c។ សីតុណ្ហភាពក្តៅ រួមជាមួយ​នឹង​ភាពរាំងស្ងួតផងនោះ បានបង្កឲ្យ​មានភ្លើងឆេះព្រៃជាច្រើនកន្លែងផងដែរ​ នៅភាគខាងត្បូងបារាំង និង​នៅអេស្ប៉ាញ។

មនុស្សម្នាត្រាំទឹកសមុទ្រនៅក្រុង Biarritz ក្រោមកំដៅសីតុណ្ហភាព៤២°c  ភាគនិរតីបារាំង ជាប់មហាសមុទ្រអាត្លង់ទិក ថ្ងៃទី ១៨ មិថុនា២០២២
មនុស្សម្នាត្រាំទឹកសមុទ្រនៅក្រុង Biarritz ក្រោមកំដៅសីតុណ្ហភាព៤២°c ភាគនិរតីបារាំង ជាប់មហាសមុទ្រអាត្លង់ទិក ថ្ងៃទី ១៨ មិថុនា២០២២ AP - Bob Edme
ផ្សាយពាណិជ្ជកម្ម

សឹងតែពេញមួយប្រទេសបារាំង រលកកំដៅបាន​បោក​បក់ យ៉ាងចម្លែក និងលឿនខុសរដូវកាល រយៈពេល​ប្រមាណ​៣ថ្ងៃមកហើយ។ យោងតាម​អាជ្ញាធរឧតុនិយមបារាំង នៅថ្ងៃសៅរ៍ ទី​១៨មិថុនា គឺថាថ្ងៃក្តៅបំផុតមិនធ្លាប់មាន។ តំបន់ភាគខាងត្បូងបារាំង​ តាមបណ្តោយ​សមុទ្រមេឌីទែរ៉ាណេ និងមហាសមុទ្រអាត្លង់ទិក ត្រង់កន្លែងខ្លះ សីតុណ្ហភាពឡើងដល់ ៤២°c ខណៈដែលនៅភាគកណ្តាល និង​តំបន់ក្រុងប៉ារីស សីតុណ្ហភាពមានចន្លោះ ពី​ ៣៨ ទៅ ៤១°c។

អាជ្ញាធរបារាំង បានចេញ​វិធានការផ្សព្វផ្សាយ ឲ្យ​មនុស្សម្នាមានការប្រុងប្រយ័ត្ន ជាពិសេសកុមារ​ និងមនុស្សចាស់ ដែលងាយរងគ្រោះ ដោយ​ការ​ថប់ដង្ហើម ក្តៅស្ងួតខ្វះជាតិទឹក។ កម្មវិធី​ជួបជុំនានានៅទីហាលវាលខាងក្រៅ​ ទាំងកីឡា ទាំងវប្បធម៌សិល្បៈ ត្រូវបាន​ផ្អាក​ការរៀបចំ ដើម្បី​បង្ការកុំឲ្យ​មនុស្សប្រឈមនឹង​កំដៅថ្ងៃ។ អង្គការកាកបាតក្រហម បានបើកប្រតិបត្តិការ​ជួយ​សង្គ្រោះជនអនាថារស់នៅតាម​ផ្លូវ ដែលប្រឈមខ្លាំងបំផុត ដោយសារសីតុណ្ហភាព​ក្តៅខ្លាំង។

បន្ថែមពីនេះ សមត្ថកិច្ចពន្លត់អគ្គីភ័យ កំពុងត្រៀម​ប្រយ័ត្ន​ជានិច្ច ក្នុងការប្រយុទ្ធនឹងភ្លើងឆេះព្រៃ។ គិតពីថ្ងៃពុធ​មក​ ភ្លើង​​​បាន​លេបត្របាក់ព្រៃឈើ នៅភាគខាងត្បូងបារាំង ចំនួន១៦០០ហិកតា។ ដោយឡែក នៅ​អេស្ប៉ាញវិញ ព្រៃឈើប្រមាណ២០ម៉ឺនហិកតា មិនឆ្ងាយប៉ុន្មានពីព្រំដែន​ព័រទុយហ្កាល់ ត្រូវបាន​ភ្លើងឆាបឆេះ។ ប្រជាជនប្រមាណ​១៤ឃុំត្រូវបានសង្គ្រោះរំដោះចេញពីតំបន់គ្រោះថ្នាក់ ដោយអគ្គីភ័យ។

សីតុណ្ហភាព និង​ភាពរាំងស្ងួតខ្លាំង មិនត្រឹមតែធ្វើបាប​នៅភាគខាងត្បូងអឺរ៉ុបប៉ុណ្ណោះ នៅភាគខាងជើងឯណោះ សីតុណ្ហភាព​​ក៏ឡើងក្តៅ ហើយ​បានបង្កជាភ្លើងឆេះព្រៃច្រើនកន្លែងដែរ។ ជាក់ស្តែង នៅជាយ​ទីក្រុងប៊ែរឡាំង ភ្លើងបានលេបត្របាក់ព្រៃឈើ ប្រមាណ​៦០ហិកតា រវាងពីសុក្រ ដល់ថ្ងៃសៅរ៍។

យោងតាមអ្នកវិទ្យាសាស្ត្រ រលកកំដៅមានកាន់តែញឹកញាប់ កាន់តែលឿនរហ័សមុនរដូវកាល ហើយ​មានរយៈពេលកាន់តែ​យូរថ្ងៃ នៅអឺរ៉ុប​។ នេះគឺជាផល​វិបាក​ជាក់ស្តែង ដែលបណ្តាល​មកពី​ការកើនឡើង នៃកំដៅផែនដី។ ការប្រែប្រួលអាកាសធាតុដ៏លឿនរហ័ស ដែល​មនុស្សនៅអឺរ៉ុប ​មិនទាន់​អាចសម្របខ្លួនបាន​។ ក្រៅពីរលកកំដៅ​ក្តៅហួតហែងយ៉ាងចម្លែក និងមុនរដូវកាលនេះ គ្រោះធម្មជាតិ​ផ្សេងទៀត ក៏កើតមាន​កាន់តែញឹកញាប់។ ជាក់ស្តែង កាលពីថ្ងៃទី​៤មិថុនាថ្មីៗនេះ ព្យុះភ្លៀងអមដោយដុំព្រឹលទឹកកកធំៗ ខ្យល់និងរន្ទះ​ បាន​បោកបក់សឹងតែពេញមួយ​ប្រទេសបារាំង បង្កជាទឹកជំនន់ និង​បំផ្លាញ​ផលដំណាំរាប់ពាន់ហិកតា​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ