អានតួអត្ថបទ
ផែនដី

២០២២ ៖ មនុស្សជាតិ​បានប្រើប្រាស់​ធនធាន​ប្រចាំ​ឆ្នាំ​របស់​ផែនដី អស់ ​ត្រឹម​ថ្ងៃទី ២៨ កក្កដា

នៅថ្ងៃព្រហស្បតិ៍​ទី ២៨​ កក្កដា ២០២២​នេះ មនុស្សជាតិ​បាន​ប្រើប្រាស់អស់​ធនធាន​ដែល​ភពផែនដី​មាន​សមត្ថភាព​ផលិត​សម្រាប់មួយ​ឆ្នាំ​​២០២២​ហើយ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Global Footprint Network ​និង WWF។ ចាប់​ពីស្អែក​ទៅ អ្វីដែល​យើង​ទទួល​ទាន​ និង​ប្រើប្រាស់​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បឺត​ជញ្ជក់​​ធនធាន​ដើម​របស់​ផែនដី ឱ្យ​ប្រឹងហួសសមត្ថភាព​ធម្មជាតិ ដើម្បី​​បម្រើ​មនុស្ស​ជាតិ។

មនុស្សជាតិ​បានប្រើប្រាស់ធនធាន​ប្រចាំ​ឆ្នាំ​របស់​ផែនដី អស់ ​ត្រឹម​ថ្ងៃទី ២៨ កក្កដា
មនុស្សជាតិ​បានប្រើប្រាស់ធនធាន​ប្រចាំ​ឆ្នាំ​របស់​ផែនដី អស់ ​ត្រឹម​ថ្ងៃទី ២៨ កក្កដា AP - David Goldman
ផ្សាយពាណិជ្ជកម្ម

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ  មនុស្សជាតិ​ បាន​ប្រើប្រាស់អស់​ធនធានមុន​កាលកំណត់ ​ហួស​សមត្ថភាព​​​​​ចិញ្ចឹម​មនុស្ស​តាម​ដំណើរ​ធម្មជាតិបាន​​ចុះ​ខ្លី​ជា​លំដាប់។ ២៩​ធ្នូ​កាលពី​ឆ្នាំ​១៩៧០ -៤វិច្ឆិកា​នៅ​ឆ្នាំ​១៩៨០ -១១តុលា​នៅ​ឆ្នាំ​១៩៩០ -២៣តុលា​នៅឆ្នាំ​២០០០ -៧​សីហា​នៅ​ឆ្នាំ​២០១០ និង​ត្រឹម​តែ​ថ្ងៃទី ២៨ កក្កដា សម្រាប់​ឆ្នាំ​២០២២។ ពោល​គឺ​ ក្នុង​រយៈ​ពេល​តែ​២០​ឆ្នាំ ចំនួន​ថ្ងៃ​បាន​រំកិល​ថយ​​អស់​២ខែ។ មូលហេតុ​គឺបណ្តាល​​មក​ពី​ មនុស្សជាតិ ត្រូវការ ប្រើប្រាស់ ផលិត​ កាន់​តែ​ច្រើន ​តែ​​ធម្មជាតិ​ផលិត​មិន​ទាន់។​ ​នេះ​បើ​តាម​ពាក្យ​របស់​អង្គការ​WWF ដែល​​លម្អិត​ថាសម្រាប់​១៥៦​ថ្ងៃ​ទៀត​នៃ​ឆ្នាំ មនុស្សជាតិ​ត្រូវ​ប្រើ​ប្រាស់​ធនធាន​បំរុង​របស់​ភពផែនដី​ ដែល​ជាធនធានធម្មជាតិ​ចាំបាច់​សម្រាប់​ជីវិត​សត្វលោក។

មនុស្សសត្វ​គ្រប់​រូប​សុទ្ធ​តែ​មាន​កំរិត​សមត្ថភាព​របស់​ខ្លួនក្នុង​ការធ្វើ​អ្វី​មួយ ចំណែក​ផែនដី​ ធម្មជាតិ​ ទឹក​ ដី ប្រង​ ខ្យល់​ ធម្មជាតិ​ក៏​មាន​កំរិត​សមត្ថភាព​របស់​ខ្លួន​ដែរ។ ចុះ​បើ​សេចក្តី​ត្រូវការ​របស់​មនុស្ស​ច្រើន​ជាង​ការ​លូត​លាស់​របស់​ធម្មជាតិ តើ​នឹងមាន​រឿង​អ្វីកើត​ឡើង ? តើ​ក្មេង​ជំនាន់​ក្រោយ​នឹង​អាច​រស់​យ៉ាង​ដូចម្តេច បើ​យើង​នេសាទត្រីកាន់​តែ​​ច្រើន ទាំង​​ត្រីគ្មានពេល​​កកើត​កូនបន្ត ? កាប់​ព្រៃ​កាន់​តែ​ច្រើន​ ឯ​កូនឈើ​គ្មាន​លូត​ធំទាន់ ? ហើយបញ្ចេញ​ឧស្ម័នពុល​កាបូនិកកាន់​តែ​ច្រើន ជាង​សមត្ថភាព​ស្រូប​របស់​ព្រៃ​ឈើ​និង​សមុទ្ទនោះ ?

ដើម្បី​គណនា​រក​ឃើញ​ចំនួន​ថ្ងៃ​ដែល​មនុស្សជាតិ​ប្រើប្រាស់​អស់ធនធាន​ធម្មជាតិ​ប្រចាំ​ឆ្នាំ​របស់​ភព​ផែនដី អ្នក​ស្រាវជ្រាវ​បានប្រៀបធៀប​សកម្មភាព​របស់​មនុស្ស និង​សមត្ថភាព​ផែនដី ដោយ​​​ផ្អែក​លើ​កត្តា​៦​យ៉ាង គឺ ការដាំដុះ​ រាលស្មៅ ផ្ទៃដី​ព្រៃឈើ តំបន់​នេសាទ ផ្ទៃដី​សាងសង់ និង​ផ្ទៃ​ក្រឡាព្រៃឈើ​ចាំបាច់​សម្រាប់​​ស្រូបកាបោន ដែល​បញ្ចេញ​ដោយ​គ្រឿង​ចំហេះ​ធ្យូងថ្ម។ ជា​លទ្ធផល​បើ​រស់​ដូច​បារាំង មនុស្សជាតិ​នឹង​ប្រើអស់​ធនធាន​ធម្មជាតិ​ត្រឹម​ថ្ងៃ​ទី ៥ឧសភា។ ហើយ​ប្រព័ន្ធ​ស្បៀងអាហារ​បច្ចុប្បន្ន​ជា​ប់​ចោទ​ធ្ងន់​ជាង​គេ។ នេះ​បើ​តាម​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Global Footprint Network និង​WWF ដែល​អំពាវនាវ​ឱ្យ​មនុស្សជាតិ​ប្តូរ​ឥរិយាបថ​ក្នុង​ការ​រស់​នៅ។ ឧទាហរណ៍ ការ​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ចំណីអាហារ​ ឱ្យ​បាន​ពាក់កណ្តាល ​នៅលើ​ពិភពលោក នឹង​ធ្វើ​ឱ្យមនុស្សជាតិ​សន្សំ​សំចៃ​បាន​១៣​ថ្ងៃ​។ បន្ថយ​មក​​ទទួល​ទាន​សាច់​តែ​ពាក់​កណ្តាល​ មនុស្សជាតិ​នឹង​ចំណេញ​១៧​ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ