អានតួអត្ថបទ
តួកគី-ស៊ីរី-អឺរ៉ុប-ជនភៀសខ្លួន

ជនភៀស​ខ្លួន​ស៊ីរី​ប៉ង​​ធ្វើ​​ដំណើរ​ជា​ក្បួន​ ​ពីតួកគី មក​អឺរ៉ុប

ជនភៀសខ្លួន​ស៊ីរី​ដែល​កំពុង​ស្ថិត​នៅក្នុង​ប្រទេស​តួកគី កំពុង​រៀប​ចំក្បួន​​ធ្វើ​ដំណើរ​ជា​ក្រុម​ចាក​ចេញ​ពី​តួកគី​សំដៅ​មកសហភាព​​អឺរ៉ុប។ នេះ​បើ​តាមដំណឹង​​ដែល​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ទទួល​បាន​ កាលពី​ថ្ងៃ​សៅរ៍ទី ១០កញ្ញា។

ជាផ្លូវការ​មាន​​ជនភៀស​ខ្លួន​ស៊ីរីរស់​នៅតួកគី​ចំនួន ៣,៧លាននាក់
ជាផ្លូវការ​មាន​​ជនភៀស​ខ្លួន​ស៊ីរីរស់​នៅតួកគី​ចំនួន ៣,៧លាននាក់ Bastion / RFI
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​បណ្តាញ​Telegram បង្ហោះ​ផ្សាយ​តាំងពី​៦​ថ្ងៃ​មុន​ និង​មាន​អ្នក​តាមដាន​ជិត​៧ម៉ឺន​នាក់ អ្នកផ្តើម​​រៀប​ចំក្បួន​ ​ សាកល្បង​បញ្ចុះ​បញ្ចូល​ជនភៀស​ខ្លួន​ស៊ីរី​ជាង ៣,៧លាន​នាក់​ រស់​នៅ​ជា​ផ្លូវការ​ក្នុង​ប្រទេស​តួកគី ឱ្យ​មក​ចូល​រួម​​ធ្វើ​ដំណើរឆ្ពោះ​ទៅ​សហភាព​អឺរ៉ុប តាម​ក្បួន​ដែល​គេ​ប្រសិទ្ធនាម​ថា “ក្បួន​ពន្លឺ​”។ ការ​ធ្វើ​ដំណើរ​ជា​ក្បួន ត្រូវ​ចែក​ជា​ក្រុមៗ ដែល​មាន​គ្នា​ច្រើន​បំផុត ៥០​នាក់ ហើយ​ក្នុង​មួយក្រុមៗ​មាន​មេដឹកនាំ​ម្នាក់។

ក្នុង​សារ​ជា​ភាសា​អារ៉ាប់ អ្នក​ចាត់​ចែង​ក្បួន​ធ្វើ​ដំណើរ បានអំពាវនាវ​ឱ្យ​​អ្នក​ចង់​មក​អឺរ៉ុប ត្រូវ​មាន​ ​តង់ អាវ​ពោង ទឹក អាហារ​កំប៉ុង និង​សម្ភារៈ​បរិក្ខារ​ពេទ្យ​សម្រាប់​សេចក្តីត្រូវការ​បន្ទាន់។ ពេលម៉ោង​​ចេញ​ដំណើរ​នឹង​ប្រកាស​នៅពេល​ដល់​វេលា​។ នេះ​បើតាម​អ្នក​រៀប​ចំ​ក្បួន​ម្នាក់ ជា​វិស្វករ​ជាតិ​ស៊ីរី​អាយុ ៤៦​ឆ្នាំ​ និង​ជាជនភៀសខ្លួន​នៅ​តួកគី​តាំងពី​៩​ឆ្នាំ​មក។ សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ អ្នក​រៀប​ចំ​ក្បួន​ម្នាក់​នេះ បាន​បញ្ជាក់​ថា អ្នក​ដឹកនាំ​ក្បួនពន្លឺ​មួយ​ភាគ បាន​ទៅដល់​និង​រស់​នៅ​ក្នុង​ទឹក​ដី​សហភាពអឺរ៉ុប​ស្រាប់​ទៅ​ហើយ។

ហេតុ​អ្វី​បាន​ជា​ក្រុម​ភៀសខ្លួន​ចង់​ធ្វើ​ដំណើរ​ជា​ក្រុមមក​អឺរ៉ុប នៅពេល​នេះ ?! បើ​តាម​មេដឹកនាំ​ចលនា​ម្នាក់ ពួកគេ​រស់​នៅ​តួកគី​តាំងពី​១០​ឆ្នាំ​មក​ហើយនិងបាន​ទទួល​ការពារ​​ពី​តួកគី​ទៀត ប៉ុន្តែ​ក្រុមលោក​ខាង​លិច​ត្រូវ​ជួយ​រំលែក​បន្ទុក។ ម្យ៉ាង​ទៀត ជនភៀសខ្លួន​ស៊ីរី​កាន់​តែ​ច្រើន​បារម្ភ​ខ្លាច​ក្រែង​តែ​តួកគី​បញ្ជូន​ពួកគេ​ត្រលប់​ទៅ​ស៊ីរីវិញ បន្ទាប់​ពី​បាន​ឮ​ប្រធានាធិបតី​តួកគី លោក អ៊ែរដូហ្កាន​ លើក​ឡើង​អំពី​ការ​ធ្វើមាតុភូមិនិវត្តន៍​ដោយ​ស្ម័គ្រ​ចិត្ត​របស់​ជនភៀស​ខ្លួន។ ហេតុផល​ចុងក្រោយ​មួយ​ទៀត គឺនៅពេល​​ផ្ទុះសង្គ្រាម​នៅ​ស៊ីរី នៅក្នុង​ឆ្នាំ​២០១១​ភ្លាម តួកគី​​​បានសម្តែង​ការ​​គាំទ្រពួកឧទ្ទាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​​របស់​បាស្ហារ អាល់អាសាដ យ៉ាង​ខ្លាំង តែតាំងពី​ប៉ុន្មាន​សប្តាហ៍ចុងក្រោយ​មក​នេះ​ លោក អ៊ែរដូហ្កាន បានផ្តើម​ទោរ​ជំហរ​ងាក​ទៅ​ក្រុង​ក្រុង​ដាម៉ាស។

សូម​រំលឹក​ថា នៅ​រវាង​ពី​ខែកុម្ភៈ​ដល់​ខែ​មីនា​ឆ្នាំ​២០២០ មុន​ផ្ទុះជំងឺ​រាតត្បាតកូវីដ​បន្តិច​ មាន​ជនភៀសខ្លួន​ស៊ីរី​រាប់​សិប​ពាន់នាក់ បាន​នាំ​គ្នា​សម្រុក​រត់​ឆ្លង​ព្រំដែន​តួកគី​និង​ក្រិក បន្ទាប់​ពី​លោក​ប្រធានាធិបតី​តួកគី​ អ៊ែរដូហ្កាន បាន​គំរាម​បើក​ចំហ​ច្រក​ព្រំដែន​ជាមួយ​អឺរ៉ុប។ កាលពី​ឆ្នាំ​២០១៥ មនុស្ស​ជិតមួយ​លាន​នាក់ ភាគច្រើន​ជា​ជនភៀសខ្លួន​ស៊ីរី បាន​ផ្សងព្រេង​ធ្វើ​ដំណើរ​​ តាម​តួកគី​ មក​ដល់​អឺរ៉ុប តាម​កោះ​តូចៗ​របស់​ក្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ