អានតួអត្ថបទ
អាល្លឺម៉ង់-ភេរវកម្ម

អាល្លឺម៉ង់​ចាប់​​ជនជាតិ​អ៊ីរ៉ង់​ម្នាក់ពីបទ​សង្ស័យ​រៀប​ចំធ្វើ​ភេរវកម្ម

​អាជ្ញាធរ​អាល្លឺម៉ង់ បាន​​ប្រកាស នៅ​ថ្ងៃអាទិត្យ​នេះ ​ចាប់ខ្លួន​ជនជាតិ​អ៊ីរ៉ង់​ម្នាក់​ អាយុ​៣២​ឆ្នាំ​ ពី​បទសង្ស័យ​រៀប​ចំ​ភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម ដោយ​ប្រើ​សារធាតុគីមី​និង​ជាតិ​ពុល។ ប៉ូលិស​អាល្លឺម៉ង់​ក៏​បាន​​ចុះ​ទៅ​ឆែកឆេរ​​ផ្ទះជន​សង្ស័យ​ទាំង​យប់ ក្រែង​រក​ឃើញ​មាន​ជាតិ​ពុល​សម្រាប់បង្កសកម្មភាព​ភេរវកម្ម។

អាល្លឺម៉ង់​ចាប់​​ជនជាតិ​អ៊ីរ៉ង់​ម្នាក់ពីបទ​សង្ស័យ​រៀប​ធ្វើ​ភេរវកម្ម
អាល្លឺម៉ង់​ចាប់​​ជនជាតិ​អ៊ីរ៉ង់​ម្នាក់ពីបទ​សង្ស័យ​រៀប​ធ្វើ​ភេរវកម្ម REUTERS/Kai Pfaffenbach
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​​សេចក្តីថ្លែងការណ៍ ក្រុម​អ្នក​អង្កេត​​​អាល្លឺម៉ង់ បាន​បញ្ជាក់​ថា ជនជាតិ​អ៊ីរ៉ង់ចាប់​ខ្លួន​បាន​នេះ ​ជាប់​សង្ស័យ​ ត្រៀម​លក្ខណៈរៀប​ចំ​បង្ក​អំពើ​ហិង្សា​ធ្ងន់ធ្ងរ បែប​អ៊ីស្លាម​ជ្រុលនិយម ​ គំរាម​សុវត្ថិភាព​​ជាតិ​ តាម​រយៈ​ការ​ប្រើ​សារធាតុគីមីពុល Cyanure ​និងជាតិ​​​ពុល​រុក្ខជាតិ ​ Ricine។ វិទ្យាស្ថាន​Robert Koch ទទួល​បន្ទុកគ្រប់គ្រង​វេជ្ជសាស្ត្រ​និង​​សុខាភិបាល បាន​ចាត់​ទុក​​​រីស៊ីន ដែល​គេ​អាច​ចម្រាញ់​ចេញ​ពី​គ្រាប់​នៃ​រុក្ខជាតិ​​រីស៊ីន ជា​ភ្នាក់​ងារ​​​​​ពុលខ្លាំង​ណាស់​ ប្រៀប​ដូច​ជា​ អាវុធ​ជីវសាស្ត្រ​។ ជាតិ​រីស៊ីន​ និង​Cyanure គឺ​ជា​ថ្នាំពុល​មរណៈដូច​គ្នា។

ប៉ុន្តែ​ប៉ូលិស​អាល្លឺម៉ង់​មិន​បាន​លម្អិត​ទេ​ថា​តើ ជនជាប់​សង្ស័យ​អ៊ីរ៉ង់​រៀបចំ​​ផែនការ​ភេរវកម្ម​ដល់​ដំណាក់កាលណា និង​ថា​តើ​ការគំរាម​កំហែង​មាន​លក្ខណៈ​ជាក់ស្តែង​ និង​ទាន់​ហន់បែបណា​ឡើយ។

ក្នុងពេល​ធ្វើ​​ប្រតិបត្តិការ​ចាប់​ខ្លួន​ជនជាតិ​អ៊ីរ៉ង់នេះ ប៉ូលិស​បានឃាត់​ខ្លួន​មនុស្ស​ទីពីរ​ម្នាក់ទៀត ដែល​ត្រូវ​ជា​បង​ប្អូន​ប្រុស​របស់​ជនសង្ស័យ។ នេះ​បើតាម​ប្រភព​ទូរទស្សន៍​ជាតិ ដោយ​បញ្ជាក់​ថា ភ្នាក់ងារ​ចុះ​ទៅ​ឆែកឆេរ​ សុទ្ធ​តែ​មាន​ពាក់​ឯកសណ្ឋានការពារ​ ដោយ​ខ្លាច​ជួប​ហានិភ័យ​ជីវសាស្ត្រ។

បើ​តាម​សារព័ត៌មាន​Bild អាជ្ញាធរ​អាល្លឺម៉ង់​បាន​ទទួល​សញ្ញាពី​ភ្នាក់ងារ​ចារកិច្ច​បរទេស​​តាំងពីជា​​​ច្រើន​ថ្ងៃ​មក​ ថា​មាន​ការ​​គំរាមកំហែង​វាយប្រហារ​ដោយ​គ្រាប់បែក​​គីមី​។ កាលពី​ឆ្នាំ​២០១៨ ប៉ូលិស​អាល្លឺម៉ង់​ធ្លាប់​បាន​ចាប់​ខ្លួន​ជនជាតិ​ទុយនីស៊ី​អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ ពីបទ​ត្រៀម​រៀប​ចំធ្វើ​ភេរវកម្មជីវសាស្ត្រ​ជា​លើក​ទីមួយ​ប្រឆាំង​អាល្លឺម៉ង់។ កាលណោះ​ គេ​បាន​រកឃើញ​ជាតិ​ពុល​រីស៊ីន ៨៤,៣មីល្លីក្រាម និង​គ្រាប់​រីស៊ីន​ជាង​៣៣០០​គ្រាប់​សម្រាប់​ផលិត​ថ្នាំពុល នៅក្នុង​ផ្ទះ​​​ប្តីប្រពន្ធដែលបំរើ​ឱ្យ​​អង្គការ​រដ្ឋ​អ៊ីស្លាម។ ពីរ​ឆ្នាំ​បន្ទាប់​ តុលាការអាល្លឺម៉ង់​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ប្តី​ចំនួន​១០ឆ្នាំ ប្រពន្ធ​ចំនួន​៨​ឆ្នាំ។

ប៉ុន្មាន​ឆ្នាំចុងក្រោយ​មក​នេះ អាល្លឺម៉ង់​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃការ​វាយប្រហារ​ភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម​ជា​ច្រើន។ ធ្ងន់ធ្ងរ​ជាងគេ គឺ​​ភេរវកម្ម​បើក​ឡាន​បុក​មនុស្ស​នៅ​ផ្សារ​ណូអែល​ឆ្នាំ​២០១៦ ស្លាប់​មនុស្សអស់​​​១៣នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ