អានតួអត្ថបទ
អាល្លឺម៉ង់

អ្នកជំនាញ៖ការបន្តធ្វើទំនើបកម្មកងទ័ពជាអាទិភាពរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិថ្មីអាល្លឺម៉ង់

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ នាយករដ្ឋមន្រ្តី​លោក​អូឡាហ្វ ស្ហុលស៍​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី១៧ មករា​ពី​ការ​ជ្រើស​យក​លោក​បូរីស ពីស្តូរីយូស​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ការពារជាតិ​ថ្មី។ មាន​អាយុ ៦២ឆ្នាំ និង​ជា​អ្នកសង្គមប្រជាធិបតេយ្យ លោក​ពីស្តូរីយូស​ចូល​ជំនួស​កន្លែង​លោកស្រី​គ្រី​ស្ទីន ឡាំប្រីស្ត៍​ដែល​បាន​សុំ​លា​ឈប់​ពី​តំណែង។ ការ​ជ្រើស​យក​លោក​ពីស្តូរីយូស​ជា​ជម្រើស​ភ្ញាក់ផ្អើល ព្រោះ​ឈ្មោះ​របស់​លោក​មិន​បាន​ស្ថិត​ក្នុង​ចំណោម​បេក្ខជន​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​នានា​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី នាយករដ្ឋមន្រ្តី​លោក​ស្ហុលស៍​បាន​ថ្លែង​ថា លោក​ពីស្តូរីយូស​ជា​ឥស្សរជន​នយោបាយ​ម្នាក់​មាន​បទពិសោធន៏​ខ្ពស់ និង​ធ្លាប់​កាន់កាប់​កិច្ចការ​នយោបាយ​សន្តិសុខ​ជា​ច្រើន​ឆ្នាំ។ សូម​បញ្ជាក់​ថា​មក​ដល់​ពេល​នេះ លោក​ពីស្តូរីយូស​ជា​រដ្ឋមន្រ្តី​មហាផ្ទៃ​នៅ​ក្នុង​រដ្ឋ​មួយ​របស់​អាល្លឺម៉ង់។ លោក​ហាន ស្តាក សាស្រ្តាចារ្យ​ផ្នែក​អរិយធម៌​អាល្លឺម៉ង់​នៅ​សកលវិទ្យា​សរប៊ន​ក្រុង​ប៉ារីស ប្រទេស​បារាំង​បាន​យល់​ឃើញ​ថា អាទិភាព​របស់​រដ្ឋមន្រ្តី​ការពារជាតិ​ថ្មី​អាល្លឺម៉ង់ គឺ​ការ​បន្ត​ធ្វើ​ទំនើបកម្ម​កងទ័ព​ដែល​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​គ្រោង​ថវិកា​ចំនួន ១០០ ០០០លានអឺរ៉ូ។

លោក​បូរីស ពីស្តូរីយូស ​រដ្ឋមន្រ្តី​ការពារជាតិ​ថ្មីអាល្លឺម៉ង់។
លោក​បូរីស ពីស្តូរីយូស ​រដ្ឋមន្រ្តី​ការពារជាតិ​ថ្មីអាល្លឺម៉ង់។ AP - Julian Stratenschulte
ផ្សាយពាណិជ្ជកម្ម

« ដំបូង​គេ​ត្រូវ​ដឹង​ថាគ្រឿងសព្វាវុធ​ភាគច្រើន​ដែល​អាល្លឺម៉ង់​កំពុង​មាន​ក្នុង​ដៃ​សព្វថ្ងៃ គឺ​មាន​តែ​ពី ៤០% ទៅ ៥០% ប៉ុណ្ណោះ​ដែល​នៅ​អាច​ប្រើ​ការ​បាន។ ក្នុង​នោះ​មាន​ដូច​ជា​រថក្រោះ យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ។ល។ និង។ល។ នៅ​ក្នុង​បញ្ហា​នេះ គេ​ត្រូវ​បង្កើន​បន្ថែម​ឲ្យ​ដល់​កម្រិត​មួយ​គ្រប់គ្រាន់ និង​ជា​ទីគាប់ចិត្ត។ ទាក់ទង​នឹង​គ្រាប់រំសេវ​វិញ អាល្លឺម៉ង់​មាន​បរិមាណ​សម្រាប់​ប្រើ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​នៅ​ក្នុង​ករណី​ដែល​មាន​សង្រ្គាម មាន​ន័យ​ថា អាល្លឺម៉ង់​គ្មាន​គ្រាប់កាំភ្លើង​ដើម្បី​ផ្គត់ផ្គង់​លើស​ពី​មួយ​ថ្ងៃ​ឡើយ។

នេះ​ពិត​ជា​ចំណោត​មួយ​ធំ​ខ្លាំង​ណាស់ ហើយ​រឿង​ការ​ខ្វះ​គ្រាប់រំសេវ​នេះ​មិន​មាន​ចែង​នៅ​ក្នុង​កម្មវិធី​ធ្វើ​ទំនើបកម្ម​កងទ័ព​ក្នុង​ទឹកប្រាក់ ១០០ ០០០លានអឺរ៉ូ​ដែល​សន្យា​ដោយ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​អូឡាហ្វ ស្ហុលស៍​ទេ មាន​ន័យ​ថា​នៅ​ក្នុង​ទឹកប្រាក់​ទាំង ១០០ ០០០លានដុល្លារ​នោះ គ្មាន​ខ្ទង់​ចំណាយ​ដើម្បី​បង្កើន​គ្រាប់រំសេវ​ឡើយ។ ឃើញ​ថា គឺ​កងទ័ព​អាល្លឺម៉ង់​ទាំង​មូល​ដែល​បាន​ជួប​វិបត្តិ​ក្នុង​រយៈពេល ៣ទសវត្សរិ៍​ជាប់​គ្នា។

ដូច្នេះ​ពេល​នេះ គេ​ត្រូវ​តែ​ប្តូរ​យុទ្ធសាស្រ្ត​ជា​ចាំ​បាច់ ហើយ​នេះ​ជា​កម្មវត្ថុ​មួយ​ក្នុង​ចំណោម​កម្មវត្ថុ​ផ្សេង​ទៀត​របស់​រដ្ឋមន្រ្តី​ការពារជាតិ​ថ្មី​ដែល​ស្នង​ពី​លោកស្រី​ឡាំប្រីស្ត៍ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ