អានតួអត្ថបទ
បារាំង-អាល្លឺម៉ង់

លោកម៉ាក្រុង និងលោកស្ហុលស៍បង្ហាញពីការរកឃើញឡើងវិញនូវម៉ូទ័របារាំង អាល្លឺម៉ង់ដើម្បីធ្វើឲ្យអឺរ៉ុបកាន់តែខ្លាំង

នៅ​ថ្ងៃ​អាទិត្យ ទី២២ មករា បារាំង និង​អាល្លឺម៉ង់​បាន​ប្រារព្ធ​ខួប ៦០ឆ្នាំ​នៃ​សន្ធិសញ្ញា​មិត្តភាព​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី២២ មករា ឆ្នាំ ១៩៦៣។ ពិធី​នេះ​បាន​រៀបចំ​ធ្វើ​នៅ​សកលវិទ្យាល័យ​ស័រប៊ន​ក្នុង​ក្រុង​ប៉ារីស​ប្រទេស​បារាំង​ដោយ​មាន​ការ​ចូលរួម​ផ្ទាល់​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​ស្ហុលស៍។ ខួប ៦០ឆ្នាំ​នៃ​មិត្តភាព​បារាំង អាល្លឺម៉ង់​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​ចំ​ពេល​ដែល​បារាំង អាល្លឺម៉ង់​កំពុង​ស្គាល់​ភាព​រកាំរកូស​រវាង​គ្នា។ តែ​នៅ​ក្នុង​សុន្ទរកថា​ថ្លែង​នា​ឱកាស​នោះ លោក​ស្ហុលស៍​បាន​បញ្ជាក់​ថា បារាំង និង​អាល្លឺម៉ង់​អាច​ជំនះ​ភាព​មិន​ចុះ​សម្រុង​គ្នា និង​ថា អនាគត​អឺរ៉ុប​ផ្អែក​លើ​កិច្ចសហប្រតិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ។ ចំណែក​លោក​ម៉ាក្រុង​បាន​លើក​ឡើង​ដោយ​ធានា​ថា អាល្លឺម៉ង់ និង​បារាំង​ត្រូវ​តែ​ក្លាយ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​កសាង​អឺរ៉ុប​ឡើង​វិញ។ តែ​លោក​ម៉ាក្រុង​បាន​ទទួល​ស្គាល់​ថា មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។

ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង (រូបស្តាំ) និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​ស្ហុលស៍។
ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង (រូបស្តាំ) និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​ស្ហុលស៍។ AFP - CHRISTOPHE ENA
ផ្សាយពាណិជ្ជកម្ម

« ការងារ​នៅ​សេសសល់​ដែល​ត្រូវ​ធ្វើ គឺ​ធំធេង​ណាស់​ដើម្បី​ឈាន​ទៅ​សម្រេច​កម្មវត្ថុ​របស់​យើង​នូវ​អឺរ៉ុប​មួយ​ដែល​មាន​អធិបតេយ្យភាព ប្រជាធិបតេយ្យ និង​សាមគ្គីភាព​ជាង​មុន។ ដើម្បី​អាច​ឈាន​ទៅ​ដល់​កម្មវត្ថុ​មួយ​នេះ​បាន វា​អាស្រ័យ​លើ​យើង​ជា​ពលរដ្ឋ​អឺរ៉ុប​ស្ទើរ​តែ​ទាំង​ស្រុង។ អាស្រ័យ​លើ​ជម្រើស​របស់​យើង អាស្រ័យ​លើ​ការ​សម្រេចចិត្ត​ដែល​យើង​បាន​អនុម័ត​យក និង​អាស្រ័យ​លើ​ការ​សម្រេចចិត្ត​ដែល​យើង​មិន​បាន​អនុម័ត​យក។

ប្រទេស​យើង​ទាំង​ពីរ​បារាំង និង​អាល្លឺម៉ង់​បាន​ដឹង​ពី​របៀប​ធ្វើ​ដូច​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ក្នុង​ដំណើរការ​កសាង​អឺរ៉ុប។ អាល្លឺម៉ង់ និង​បារាំង​នឹង​ធ្វើ​ការ​ជ្រើសរើស​អនាគត​របស់​អឺរ៉ុប។ លោក​ស្ហុលស៍​បាន​និយាយ​ត្រឹមត្រូវ​ណាស់​អំបាញ់មិញ​នេះ។ គូស្រករ​បារាំង អាល្លឺម៉ង់​មិនមែន​ជា​គូ​ដែល​បាន​ចារ​ទុក​ទេ។ បើ​អ្វីៗ​បាន​ចារ​ទុក និង​ជា​រឿង​សាមញ្ញ​នោះ ប្រហែល​ជា​គូស្រករ​បារាំង អាល្លឺម៉ង់​មិន​ត្រូវ​ការ​រៀបចំ​ប្រារព្ធ​ខួប​អ្វី និង​ក៏​មិន​ចាំ​បាច់​ធ្វើ​ការ​បង្កើត​ថ្មី​ជាប់​ជា​ប្រចាំ​អ្វី​ដែរ។

គូស្រករ​បារាំង អាល្លឺម៉ង់​គឺ​អស្ចារ្យ​ណាស់​នៅ​ពេល​ដែល​ភាគី​ទាំង​ពីរ​ទុក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​មួយ​កន្លែង និង​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​អឺរ៉ុប​កាន់​តែ​ខ្លាំង និង​កសាង​ផ្លូវ​អឺរ៉ុប​កាន់​តែ​ធំ។ ជម្រើស​ឯកភាព និង​ការ​រួមបញ្ចូល​គ្នា​រវាង​ប្រជាជន និង​ប្រវត្តិសាស្រ្ត​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​អឺរ៉ុប​កាន់​តែរឹងមាំ។ គឺ​ជម្រើស​អនាគត​នេះ​ហើយ​ដែល​ជា​របស់​យើង​ថ្ងៃ​នេះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ