អានតួអត្ថបទ
អ៊ីរ៉ង់-រុស្ស៊ី

អ៊ីរ៉ង់អះអាងថា ចរចា​បានសម្រេច ដើម្បីទិញយន្តហោះចម្បាំងរុស្ស៊ី Sukhoi Su-35

អ៊ីរ៉ង់​ប្រកាស​ថា រុស្ស៊ី​បាន​យល់ព្រមព្រៀង​លក់​យន្តហោះចម្បាំង Sukhoi Su-35 ទៅ​ឲ្យ​អ៊ីរ៉ង់។ នៅក្នុង​សេចក្តីថ្លែងការណ៍ ទៅកាន់​អង្គការ​សហប្រជាជាតិ ដែល​ទីភ្នាក់ងារ​ព័ត៌មានអ៊ីរ៉ង់ IRNA ដកស្រង់ ចុះផ្សាយ កាលពីថ្ងៃ​សៅរ៍ ទី ១១​មីនា អ្នកតំណាងអ៊ីរ៉ង់ នៅ​អង្គការ​សហប្រជាជាតិ​បញ្ជាក់​ដែរថា អ៊ីរ៉ង់​កំពុងចាប់ផ្តើម​ទាក់ទង​ជាមួយ​ប្រទេស​មួយចំនួនផ្សេងទៀត ដើម្បី​ទិញ​យន្តហោះចម្បាំង សម្រាប់បំពាក់​ឲ្យ​កងទ័ពអាកាស​អ៊ីរ៉ង់។ អ៊ីរ៉ង់​ផ្តើម​ចរចា ចង់​ទិញ​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី នៅក្រោយ ទណ្ឌកម្ម​អន្តរជាតិ ដែល​ហាម​អ៊ីរ៉ង់​មិន​ឲ្យ​ទិញ​សព្វាវុធ ត្រូវ​ចប់ អស់សុពលភាព នៅ​ខែ​តុលា ឆ្នាំ២០២០។

អ៊ីរ៉ង់​ប្រកាស​ថា រុស្ស៊ី​បាន​យល់ព្រមព្រៀង​លក់​យន្តហោះចម្បាំង Sukhoi Su-35 ទៅ​ឲ្យ​អ៊ីរ៉ង់
អ៊ីរ៉ង់​ប្រកាស​ថា រុស្ស៊ី​បាន​យល់ព្រមព្រៀង​លក់​យន្តហោះចម្បាំង Sukhoi Su-35 ទៅ​ឲ្យ​អ៊ីរ៉ង់ REUTERS - MAXIM SHEMETOV
ផ្សាយពាណិជ្ជកម្ម

ជាង ២ឆ្នាំ​ក្រោយ សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការហាម​លក់អាវុធ​ឲ្យអ៊ីរ៉ង់ អស់​សុពលភាព អ៊ីរ៉ង់​អះអាងថា ខ្លួន​ចរចា​បានសម្រេច​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ប្រភេទ Sukhoi Su-35។

តាមអ្នកតំណាង​របស់​អ៊ីរ៉ង់ នៅ​អង្គការ​សហប្រជាជាតិ ដែល​ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋអ៊ីរ៉ង់ Irna ដកស្រង់សំដី​កាលពីថ្ងៃ​សៅរ៍ រុស្ស៊ី​ត្រៀមខ្លួន​ដើម្បី​លក់យន្តហោះចម្បាំង​ឲ្យ​អ៊ីរ៉ង់។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋអ៊ីរ៉ង់​មិន​បានសរសេរ​លម្អិត​ពី​ចំនួន​យន្តហោះចម្បាំង​រុស្ស៊ី ប៉ុន្តែ អ្នកតំណាងអ៊ីរ៉ង់​ខាងលើ​បញ្ជាក់ថា យន្តហោះ ចម្បាំង រុស្ស៊ី Sukhoi Su-35​មាន​សមត្ថភាព​គ្រប់គ្រាន់​ដែល​អ៊ីរ៉ង់​អាច​ទទួល​យក​បាន។

រងជាប់ទណ្ឌកម្មរបស់​អាមេរិក​ដូចគ្នា អ៊ីរ៉ង់ និង​រុស្ស៊ី​បាន​រឹតបន្តឹង​ចំណងមិត្តភាពរវាងគ្នា ជាពិសេស​ក្នុងផ្នែក​យោធា។ អាមេរិក​ផ្ទាល់​ដែល​បានសម្រេច​ឯកតោភាគី ​ត្រលប់ទៅ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ នៅ​ឆ្នាំ ២០១៩ បាន​ព្រមាន​ពី​គ្រោះថ្នាក់ នៃ​ការពង្រឹងសហប្រតិបត្តិការ​យោធា អ៊ីរ៉ង់ រុស្ស៊ី នៅក្នុងខណៈពេល​ដែល​អ៊ីរ៉ង់​កំពុងរងការចោទប្រកាន់​ថា បាន​ផ្តល់​ដ្រូនទៅ​ឲ្យរុស្ស៊ី​យកទៅវាយប្រហារ​អ៊ុយក្រែន។

នៅ​ខែ​ធ្នូកន្លងទៅ អ្នកនាំពាក្យ​របស់​ក្រសួងកាពារ​ជាតិអាមេរិក ធ្លាប់​ពន្លយ​ឲ្យដឹងថា រុស្ស៊ី​ទំនង​លក់​យន្តហោះ​ចម្បាំង ប្រភេទ​Sukhoi Su-35 ទៅ​ឲ្យ​អ៊ីរ៉ង់។ តាម​អ្នកនាំពាក្យអាមេរិក​ខាងលើ ​សេចក្តីរាយការណ៍​មួយ​ចំនួន​បង្ហាញថា អ្នកបើកបរយន្តហោះអ៊ីរ៉ង់​កំពុង​ទទួល​ការហ្វឹកហាត់​បើកយន្តហោះចម្បាំង Sukhoi នៅក្នុងទឹកដី​រុស្ស៊ី។ ចំណែក​ការប្រគល់​យន្តហោះចម្បាំង​រុស្ស៊ី​ទៅ​ឲ្យអ៊ីរ៉ង់ នឹង​អាចប្រព្រឹត្តទៅយ៉ាងយូរបំផុត​នៅឆ្នាំក្រោយ។

តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​អ៊ីរ៉ង់ ក្រៅពី​យល់ព្រមព្រៀង ទិញ​យន្តហោះចម្បាំង​រុស្ស៊ី អ៊ីរ៉ង់កំពុងផ្តើម​ចរចា​ជាមួយ​ប្រទេស​មិត្ត​មួយចំនួនដែលអាច​លក់យន្តហោះចម្បាំង​ឲ្យ​អ៊ីរ៉ង់។

មាន​យន្តហោះចម្បាំង​ប្រមាណ ៣០០គ្រឿង ដែលភាគច្រើន​ជា​យន្តហោះ​ចម្បាំងចាស់ៗ ដូជា​យន្តហោះផលិតឡើង​ក្នុងសម័យ​សហភាពសូវៀត(Mig-29, Su25) យន្តហោះ​ចិន (F-7)

យន្តហោះបារាំង (MirageF1) និង​យន្តហោះអាមេរិក ដែល​អ៊ីរ៉ង់​ទិញប្រើ តាំងពីមុនបដិវត្តអ៊ីរ៉ង់​ឆ្នាំ ១៩៧៩ អ៊ីរ៉ង់​ត្រូវការ​យន្តហោះចម្បាំង​ថ្មីៗ​មក​បំពាក់​ឲ្យ​កងទ័ពជើងអាកាស​របស់ខ្លួន។ អ៊ីរ៉ង់​ធ្លាប់​បាន​ចរចា​ទិញ​ប្រព័ន្ធខែល​មីស៊ីល​របស់រុស្ស៊ី នៅ​ឆ្នាំ ២០០៧។ ប៉ុន្តែ ទណ្ឌកម្ម​សេដ្ឋកិច្ច របស់​ក្រុមប្រឹក្សា​សន្តិសុខ ដោយសារ​កម្មវិធី​នុយក្លេអ៊ែរអ៊ីរ៉ង់​បានធ្វើ​ឲ្យ​រុស្ស៊ី​ផ្អាក លក់​ប្រព័ន្ធមីស៊ីលទៅ​ឲ្យអ៊ីរ៉ង់នៅឆ្នាំ ២០១០។ នៅ​ឆ្នាំ ២០១៥ នៅប៉ុន្មានខែ មុន​ដែលប្រទេស​មហាអំណាច និង​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ រុស្ស៊ី បាន​ចុះកិច្ចសន្យា​លក់ប្រព័ន្ធខែលមីស៊ីលទៅ​ឲ្យ​អ៊ីរ៉ង់។ នៅ​ឆ្នាំ ២០១៦ ក្រសួងការពារជាតិអ៊ីរ៉ង់ អះអាងថា ខ្លួន​មាន​ប្រព័ន្ធខែល​មីស៊ីលរុស្ស៊ី S-300។

អ្នកជំនាញវាយតម្លៃថា បន្ថែមពីលើ​ប្រព័ន្ធខែលមីស៊ីលរុស្ស៊ី អ៊ីរ៉ង់​បាន​យន្តហោះ​ចម្បាំង​ទំនើបថ្មី ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​ដែនអាកាសរបស់ខ្លួន មិន​ឲ្យចាញ់ប្រទេស​ជិតខាង ជាពិសេស អ៊ីស្រាអែល ដែលជា​សត្រូវសួពូជ​របស់អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ