អានតួអត្ថបទ
ប៊ូតឆា-អ៊ុយក្រែន

សង្រ្គាមមិនទាន់ចប់ អ៊ុយក្រែន​រំលឹកខួប​១ឆ្នាំ​នៃការកាប់សម្លាប់រង្គាលនៅប៊ូតឆា

នៅថ្ងៃសុក្រទី ៣១​មីនា ជាខួប​មួយឆ្នាំគត់​នៃ​ការសម្លាប់រង្គាល​របស់​ពួកទាហាន​រុស្ស៊ី នៅទីក្រុង​ប៊ូតឆា (Boutcha) នៅប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​ពិធី​រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ នៅ​ទីក្រុង​ប៊ូតឆា កាលពីថ្ងៃ​សុក្រម្សិលមិញ ប្រធានាធិបតី​អ៊ុយក្រែន លោក​វ្លូឌីមៀរ ហ្សេឡេនស្គី ប្រកាស​សន្យា​ប្រយុទ្ធយកឈ្នះ លើ​អំពើអាក្រក់របស់​រុស្ស៊ី។ នៅថ្ងៃខួបមួយ​ឆ្នាំនៃ​ការសម្លាប់រង្គាលនៅទីក្រុង​ប៊ូឆានេះដែរ ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ តាំងពីទីក្រុង​ហ្សឺណែវ​បរិហារ​ការរំលោភសិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ និងជាប្រចាំ នៅក្នុង​សង្រ្គាមរុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន រយៈពេល ១៣ខែមកនេះ។

ប្រធានាធិបតី​អ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី និង​ប្រមុខដឹកនាំ​របស់​ប្រទេស​អឺរ៉ុបខាងកើត​ជាច្រើនរូប​ធ្វើដំណើរ​ទៅ​រំលឹកវិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ នៅថ្ងៃខួប​១ឆ្នាំ​នៃ​ការសម្លាប់រង្គាល​នៅទីក្រុង​ប៊ូតឆា
ប្រធានាធិបតី​អ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី និង​ប្រមុខដឹកនាំ​របស់​ប្រទេស​អឺរ៉ុបខាងកើត​ជាច្រើនរូប​ធ្វើដំណើរ​ទៅ​រំលឹកវិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ នៅថ្ងៃខួប​១ឆ្នាំ​នៃ​ការសម្លាប់រង្គាល​នៅទីក្រុង​ប៊ូតឆា REUTERS - GLEB GARANICH
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី និង​ប្រមុខដឹកនាំ​របស់​ប្រទេស​អឺរ៉ុបខាងកើត​ជាច្រើនរូប​ធ្វើដំណើរ​ទៅ​រំលឹកវិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ នៅថ្ងៃខួប​១ឆ្នាំ​នៃ​ការសម្លាប់រង្គាល​នៅទីក្រុង​ប៊ូតឆា ដែល​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ការកាប់សម្លាប់​ដ៏​ព្រៃផ្សៃ របស់ទាហាន​រុស្ស៊ី។

នៅថ្ងៃខួប​មួយឆ្នាំ នៃការសម្លាប់រង្គាល​នៅទីក្រុង​ប៊ូតឆា ប្រធានាធិបតីអ៊ុយក្រែនបាន​សន្យា​ប្រយុទ្ធ​យកឈ្នះ​លើ​អំពើ​អាក្រក់​របស់រុស្ស៊ី និង​ដាក់ទោស​លើ​ឧក្រិដ្ឋជន​ដែលសម្លាប់រង្គាល​ប្រជាជន​ស៊ីវិល​អ៊ុយក្រែន។ អាជ្ញាធរអ៊ុយក្រែនវាយតម្លៃថា ក្នុង​រយៈពេល​៣៣ថ្ងៃ នៃការត្រួតត្រា​របស់​កងទ័ព​រុស្ស៊ី ប្រជាជន​ស៊ីវិល​ច្រើន​ជាង ១៤០០នាក់ ត្រូវ​ទាហានរុស្ស៊ី សម្លាប់​យ៉ាងព្រៃផ្សៃ ដែល​នៅក្នុង​នោះ ៦៣៧នាក់ នៅ​ក្នុង​ទីក្រុង​ប៊ូតឆា​ផ្ទាល់។

មួយ​ឆ្នាំ​មុន នៅថ្ងៃទី​៣១​មីនាឆ្នាំ២០២២ កងទ័ព​រុស្ស៊ី​បាន​ដកខ្លួន​ចេញពី​ទីក្រុង​ប៊ូតឆា ដែលជា​ខ្សែសមរភូមិប្រយុទ្ធដ៏ខ្លាំងក្លា​របស់​កងទ័ពអ៊ុយក្រែន។ ពីរ​ថ្ងៃក្រោយ​រុស្ស៊ី​ដកទ័ព​ចេញ​ពី​ប៊ូតឆា កងទ័ពអ៊ុយក្រែន និងអ្នកកាសែត​បរទេស​បាន​ប្រទះឃើញ​សាកសពប្រជាជន​ស៊ីវិល​រណូករណែល​នៅតាមផ្លូវ។ ភ្លាមៗ ប្រធានាធិបតី​អ៊ុយក្រែន​ចោទប្រកាន់​កងទ័ពរុស្ស៊ីថា បាន​ប្រព្រឹត្ត​អំពើ “ប្រល័យពូជសាសន៍” ខណៈ​អង្គការសហប្រជាជាតិ បាន​លើកឡើងថា វាអាចជាករណី “ឧក្រិដ្ឋកម្មសង្គ្រាម” បង្ក​ឡើង​ដោយ​កងទ័ព​រុស្ស៊ី

ភាគីរុស្ស៊ីបានបដិសេធច្រានចោលទាំងស្រុង ថាវាជា​ឆាកល្ខោន រៀបចំដោយ​អ៊ុយក្រែន និង​អាមេរិក ក្នុងហេតុផលថា កងទ័ព​រុស្ស៊ី​បាន​ចាកចេញ​ពី​តំបន់ប៊ូតឆា តាំងពីថ្ងៃ​ទី​៣០មីនា​ប៉ុន្តែ ហេតុអ្វី ទើបតែដល់ថ្ងៃទី​៣មេសា ទើប​ភាគី​អ៊ុយក្រែន​ផ្សព្វផ្សាយ​រូបភាពទាំងនោះ។

នៅចុងខែ​មេសាឆ្នាំមុន រដ្ឋអាជ្ញាអ៊ុយក្រែន​បានសម្រេច​ចោទប្រកាន់​ផ្លូវការ ទាហាន​រុស្ស៊ី១០នាក់ នៅក្នុង​កងពលតូច លេខ ៣៦ ដែលធ្លាប់មានវត្តមាន ក្នុងក្រុង​ប៊ូតឆា ពី​បទ​រំលោភបំពាន​  យ៉ាងសាហាវព្រៃផ្សៃ ទៅលើ​ប្រជាជនស៊ីវីល​អ៊ុយក្រែន​ដែល​ផ្ទុយនឹង​ច្បាប់ទាហាន ដែលមាន​ដូចជា ការធ្វើទារុណកម្ម ចងដៃ ចងជើង បិទភ្នែក​​នឹងក្រណាត់ នឹងបង់ស្អិត ការវាយដំ ព្រមទាំងការ​បាញ់គ្រាប់​កាំភ្លើងបំភ័យជាដើម។ ជាងនេះទៀត ទាហានរុស្ស៊ីដែលជាប់ចោទ បាន​ធ្វើសកម្មភាព​លួចប្លន់ ប្រមូលសម្ភារៈទ្រព្យសម្បតិ្ត របស់ប្រជាពលរដ្ឋអ៊ុយក្រែន។ រដ្ឋអាជ្ញាអ៊ុយក្រែន បានបញ្ជាក់ថា អ៊ុយក្រែន នឹងចាត់វិធានការ​បិទប្រកាស តាមចាប់ទាហានរុស្ស៊ី​ជាប់ចោទ​ទាំង១០នាក់ ដើម្បី​យក​មក​កាត់ទោស​ចំពោះមុខច្បាប់។

នៅ​ក្នុងសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ​ដែល​បាន​ចូលដល់​រយៈពេល ១៣ខែមកនេះ ភាគី​អ៊ុយក្រែន​នៅបាន​ចោទប្រកាន់ថា ក្រៅពី​ប៊ូតឆា ទាហានរុស្ស៊ី​បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ ការកាប់សម្លាប់រង្គាល និងការធ្វើទារុណកម្ម នៅតាម​ទីក្រុង​ផ្សេងៗទៀត របស់អ៊ុយក្រែន ដែល​ធ្លាក់​ក្រោម​ការកាន់កាប់​របស់​ទាហាន​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ