អានតួអត្ថបទ
កីឡា-ភូមិសាស្ត្រនយោបាយ

ការប្រកួតកីឡាអូឡាំពិក មែលប៊នឆ្នាំ​១៩៥៦ ៖ បញ្ហា​នយោបាយ ធ្វើឲ្យលំបាកដល់អត្តពលិក

ឆ្នាំ១៩៥៦ គឺជាឆ្នាំមួយ ដែលមានការរំជើបរំជួល និងចលាចលបំផុត ក្រោយចប់សង្គ្រាមលោក ។ រឿងរ៉ាវជាច្រើនបានកើតឡើង ដូចជាមហាសន្និបាតលើកទី២០ នៃគណបក្សកុម្មុយនីស្តសូវៀត ការងើបបះបោរនៅក្រុងប៊ូដាប៉េសត៍ ចលនាបះបោរនៅប៉ូហ្សណាន់ វិបត្តិនៅព្រែកជីកស៊ុយអេ ចលនារុះរើការដាក់អាណានិគម ព្រមទាំងសង្គ្រាមនៅអាល់ហ្សេរីជាដើម ។ល។ យ៉ាងណាមិញ ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងមែលប៊ន វាជាកញ្ចក់ឆ្លុះបញ្ចាំង នូវស្ថានការណ៍រំជើបរំជួលទាំងនេះ របស់ពិភពលោកយើង ខណៈការប្រជែងកម្លាំងគ្នាបានលេចរូបរាងកាន់តែច្បាស់។

ភូមិអូឡាំពិក សម្រាប់អត្តពលិក នៅទីក្រុងមែលប៊ន ឆ្នាំ​១៩៥៦
ភូមិអូឡាំពិក សម្រាប់អត្តពលិក នៅទីក្រុងមែលប៊ន ឆ្នាំ​១៩៥៦ AP
ផ្សាយពាណិជ្ជកម្ម

ប្រែសម្រួល​ពីអត្ថបទ របស់ Farid Fatemi (អ្នកសារព័ត៌មានប្រចាំវិទ្យុបារាំងអន្តរជាតិ ភាសាពែរក្ស)

ជាលើកទី១ ដែលការប្រកួតកីឡាអូឡាំពិក ត្រូវប្រព្រឹត្តិធ្វើទៅនៅអឌ្ឍគោលខាងត្បូងនៃផែនដី ។ ការប្រកួតនៅមែលប៊ន ដែលត្រូវបង្ខឹតទៅធ្វើនៅខែវិច្ឆិកា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងកំឡុងពេលមួយ ដែល “តតិយលោក” បានលេចមុខឡើង លើឆាកអន្តរជាតិ ។ ជាមួយនឹងការរំសាយចោល នូវការដាក់អាណានិគម ដែលកាន់តែមានសន្ទុះខ្លាំង នៅរវាងឆ្នាំ​១៩៦០ ចំនួនគណៈកម្មាធិការជាតិអូឡាំពិក បានកើនឡើងជាលំដាប់ មិនខុសអី ពីកាលក្នុងជំនាន់ដួលរលំនៃសហភាពសូវៀត។

នៅក្នុងបរិបទសង្គ្រាមត្រជាក់ ទីក្រុងមែលប៊ន បានក្លាយជារូបភាពនៃ “សណ្តាប់ធ្នាប់ថ្មីនៃពិភពលោក” ពោលគឺជាឆាកវេទិកា ដើម្បីបង្ហាញការប្រណាំងប្រជែង រវាងមហាអំណាចទាំង២។ ហើយនៅខាងៗ នៃក្រុមមហាអំណាចគឺ​ មាន​ក្រុមប្រទេស “តតិយលោក” ដែលប្រកាសខ្លួន ថា “អព្យាក្រិត្យ” ហើយដែលព្យាយាមតាំងខ្លួនថា ឯករាជ្យ មិនរណបប្លុកទាំង ២ ។

សម្រាប់ សហភាពសូវៀត ដែលចូលរួមជាលើកទី២ នៅក្នុងការប្រកួតកីឡាអូឡាំពិក ការប្រកួតនៅមែលប៊ន គឺជាឱកាសដ៏មានតម្លៃ ដើម្បីអួតបង្ហាញ អំពីកម្លាំងដ៏ខ្លាំងអស្ចារ្យនៃប្លុកកុម្មុយនីស្ត។

ថ្មីមិនធ្លាប់​មាន​

បើទោះបីជាមែលប៊ន ត្រូវគេលើកឡើងជារឿយៗថាជាលើកទី១ ដែលការប្រកួត​កីឡាអូឡាំពិក ត្រូវដិតដាមដោយការធ្វើពហិការក្តី តែធាតុពិត ការបដិសេធមិនទៅចូលរួមប្រកួត ដើម្បីផ្ញើសារមានលក្ខណៈនយោបាយ គឺវាធ្លាប់បានកើតមានរួចហើយក្នុងប្រវត្តិសាស្ត្រ។ ជាក់ស្តែង នៅឆ្នាំ១៨៩៦ តួកគី (អតីតចក្រភពអូតូម៉ង់) បានធ្វើពហិការមិនចូលរួមប្រកួតនៅទីក្រុងអាតែន ដើម្បីផ្ញើសារប្រឆាំងនឹងប្រទេស​ក្រិក។

យ៉ាងណាក៏ដោយ នៅឆ្នាំ១៩៥៦ ការធ្វើពហិការមិនចូលរួមប្រកួត មានចំនួនច្រើនខ្លាំងគួរឲ្យភ្ញាក់ផ្អើល។ អ្វីដែលគួរឲ្យកត់សំគាល់ថែមទៀតនោះ គឺក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាអ្នកបានផ្តួចផ្តើមគំនិតមុនគេ ក្នុងការធ្វើពហិការ ។

លក្ខណៈ ពិសេសមួយទៀត កាលពីនៅជំនាន់នោះ គឺការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ នូវការប្រកួតកីឡា បានចាប់ផ្តើមរីកដុះដាលយ៉ាងលឿនរហ័ស ចាប់ពីឆ្នាំនោះ ។ ការប្រកួតកីឡាអូឡាំពិករដូវរងារ នៅ Cortina d’Ampezzo (ប្រទេសអ៊ីតាលី ខែមករា១៩៥៦) ត្រូវគេចាត់​ទុកថា គឺជាការបើកសម្ពោធសករាជ្យថ្មី នៃការផ្សាយបន្តផ្ទាល់ការប្រកួត តាមកញ្ចក់ទូរទស្សន៍ ។

ក៏ប៉ុន្តែ កាលពី​នៅខែតុលា ឆ្នាំ​១៩៥៦ បន្ថែម​ពីព្រឹត្តិការណ៍​កីឡានៅមែលប៊ន ចំណាប់​អារម្មណ៍ពិភពលោក ក៏បាន​ផ្តោតការ​តាមដាន ទៅលើចំណុចក្តៅ​២ផ្សេងទៀត។ នោះគឺ ការ​ធ្វើ​ជាតូបនីយកម្ម នៃ​ការគ្រប់គ្រងព្រែកជីកស៊ុយអេ​ និង​ ចលនាបះបោររបស់​ក្រុមនិស្សិត នៅហុងគ្រី ដែលប្រឆាំង​ចំពោះ​ការកៀបសង្កត់​ពីសំណាក់​សហភាពសូវៀត។

រឿងរ៉ាវព្រែកជីកស៊ុយអេ

បារាំងដែលជា​ម្ចាស់ភាគហ៊ុន​ម្នាក់​ដ៏សំខាន់ នៃព្រែកជីកស៊ុយអេ​ បន្ទាប់​ពី​អង់គ្លេស មិន​អាច​ទទួលយក​បាន​ទេ នូវ​ទង្វើដ៏ក្លាហាន​ហួសប្រមាណ​ របស់​លោក​ប្រធានាធិបតីអេហ្ស៊ីប ដែល​ហ៊ាន​ធ្វើជាតូបនីយកម្ម​ព្រែកជីស៊ុយអេ នៅខែកក្កដាឆ្នាំ​១៩៥៦។ ដោយហេតុនេះ បារាំង​រួមជាមួយ​អង់គ្លេស និងអ៊ីស្រាអែល បាន​ចាប់ផ្តើម​ធ្វើ​រឿងផ្សងព្រេងមួយដ៏ប្រថុយប្រថាន។ ដោយ​ជឿថា លោក​ប្រធានាធិបតី​ណាស៊ែរ (Nasser) គឺជាអ្នកបាន​ញុះញង់​ បញ្ឆេះបញ្ហានៅអាល់ហ្សេរី បារាំងក៏​មានបំណងចង់​ទម្លាក់​លោក​ពីតំណែង Raïs។ 

ដោយបានចាប់ឃាត់នាវាមួយ​ឈ្មោះ Athos ដែល​ផ្ទុកដោយ​អាវុធ នៅ​ក្បែរ​ឆ្នេរសមុទ្រអាល់ហ្សេរី បារាំងជឿច្បាស់​ក្នុងចិត្តថាអាវុធទាំងនេះ គឺចេញមកពី​ក្រុង​អាឡិចហ្សង់ឌ្រី ហើយ​ដែល​សំដៅប្រគល់​ទៅ​ឲ្យ​ចលនារំដោះ F.L.N។ រដ្ឋាភិបាល​បារាំង គិតថាខ្លួនមានភស្តុតាងដ៏ជាក់ច្បាស់ ឥតប្រកែកបាន ដែលបញ្ជាក់អំពីការលូកដៃរបស់​អេហ្ស៊ីប ទៅក្នុងបញ្ហានៅ​អាល់ហ្សេរី។ ជាមួយនឹងចំណុចនេះ បារាំងសង្ឃឹមថានឹងធ្វើឲ្យ​ពិភពលោក ចាប់កំហុសអេហ្ស៊ីប ទាំង​នៅក្នុង​រឿងអាល់ហ្សេរី និងរឿងព្រែក​ជីកស៊ុយអេ។​

ថ្ងៃទី​២៦ កញ្ញា នៅទីក្រុងប៉ារីស លោក​នាយករដ្ឋមន្ត្រីអង់គ្លេស Sir Anthony Eden និង​លោកប្រធានក្រុមប្រឹក្សាបារាំង Guy Mollet ​ជែកគ្នា​អំពី​សំណុំរឿងព្រែកជីកស៊ុយអេ
ថ្ងៃទី​២៦ កញ្ញា នៅទីក្រុងប៉ារីស លោក​នាយករដ្ឋមន្ត្រីអង់គ្លេស Sir Anthony Eden និង​លោកប្រធានក្រុមប្រឹក្សាបារាំង Guy Mollet ​ជែកគ្នា​អំពី​សំណុំរឿងព្រែកជីកស៊ុយអេ ASSOCIATED PRESS

លោកស្រីប្រវត្តិវិទូ Georgette Elgey បានសង្ខេប​អំពី​ការយល់ឃើញជាទូទៅ របស់​មហាជនបារាំង កាលពីក្នុងអំឡុងពេល​ប៉ុន្មានសប្តាហ៍ដ៏​ក្តៅគគុក​នោះ ដូច្នេះថា ៖ « យើងស្រម៉ៃចង់រុះរើ​អំណាច​របស់ Nasser ដើម្បីបិទបញ្ចប់សង្គ្រាម​អាល់ហ្សេរី » ហើយទន្ទឹមគ្នានេះ « យើងចង់សង្គ្រោះ ស្នាដៃរបស់ Lesseps »។

កាលពីនៅក្នុង​ខែសីហា លោក Christian Pineau រដ្ឋមន្ត្រី​ការបរទេសបារាំង បាន​ថ្លែងក្នុងន័យគំរាម​សឹងតែត្រង់ៗរួចហើយ ថា៖ « មានរឿង២ដែលអាចកើតមាន ទី១ គឺលោក Nasser ព្រម​ឱនក្បាល សុខចិត្តដកថយវិញទាំងអស់ នូវអ្វីដែលខ្លួន​បាន​ធ្វើ​ ហើយ​ប្រកាសទទួលស្គាល់កំហុសរបស់ខ្លួន ឬពុំដូច្នោះទេ ទី២គឺ លោក Nasser មិនព្រមឱនក្បាល។ ក្នុងករណី​នេះ ខ្ញុំយល់ថា វិធានការទាំងអស់នឹងត្រូវយក​មកដាក់លើតុ ដើម្បីពិចារណា ធ្វើ​យ៉ាងណាបង្ខំ​ឲ្យ​គាត់ត្រូវតែចុះចាញ់​។ »

ក្រោយ​មក វិធានការទាំងនេះត្រូវដាក់ចុះ​ តាមរយៈការព្រមព្រៀងដោយសំងាត់មួយ នៅ Sèvres រវាងបារាំងនិង​អង់គ្លេស ព្រមទាំងអ៊ីស្រាអែល។ យោងតាម​ការព្រមព្រៀងគ្នា ដែល​ផ្ទុយពី​អនុសាសន៍ផ្តល់ឲ្យ​ដោយ​សហរដ្ឋអាមេរិកនេះ ទាហានអ៊ីស្រាអែលនឹង​ចូលទៅឈ្លានពាន​ព្រែកជីកស៊ុយអេ ចំណែក​កម្លាំងបារាំងនិង​អង់គ្លេស នឹង​បើកអន្តរាគមន៍​ទៅពីក្រោយ​ ដើម្បី​ធ្វើហាក់ដូចជា​ទៅបន្ធូរបន្ថយ​ស្ថានការណ៍។ តែធាតុពិត កលល្បិចនេះ គឺដើម្បីឈានទៅ​គ្រប់​គ្រង​ព្រែកជីកស៊ុយអេ ហើយ​ជាពិសេសនោះ គឺដើម្បី​ផ្តួលរំលំរបបដឹកនាំរបស់លោក​ Nasser ប្រសិនបើអាចទៅរួច។

ថ្ងៃទី​១២វិច្ឆិកា ប្រជាជនក្រុងប៊ូដាប៉េសត៍ ធ្វើបាតុកម្ម​ប្រឆាំង​នឹងអន្តរាគមន៍​ឈ្លានពាន​ របស់ទាហានសហភាពសូវៀត​។ (Photo AP)
ថ្ងៃទី​១២វិច្ឆិកា ប្រជាជនក្រុងប៊ូដាប៉េសត៍ ធ្វើបាតុកម្ម​ប្រឆាំង​នឹងអន្តរាគមន៍​ឈ្លានពាន​ របស់ទាហានសហភាពសូវៀត​។ (Photo AP) AP

 

ការបះបោររបស់​ប្រជាជនហុងគ្រី

នៅខែ​កុម្ភៈឆ្នាំ​១៩៥៦ មហាសន្និបាតលើកទី​២០​នៃ​គណបក្ស​កុម្មនុយនីស្ត​ របស់សហភាពសូវៀត បានសម្រេច​ជាផ្លូវការ​ នូវការ​បោសសំអាតជម្រុះចោល​នូវកេរតំណែល​របស់ស្តាលីន ពោលវាគឺជាជំនោរថ្មីនៃសេរីភាព ដែលចាប់ផ្តើម​បោក​បក់ លើបណ្តាប្រទេសប្លុកខាងកើត។ យ៉ាងហោចណាស់ នៅខែមិថុនា ប្រជាជនប៉ូឡូញបានក្រោកឈរបះបោរ ជាលើកទី១ ប្រឆាំងនឹងរបបកុម្មុយនីស្ត តាម​រយៈចលនា​បះបោរហិង្សា Poznań។

បន្ទាប់មក នៅខែតុលា គឺដល់វេន​ប្រជាជន​ហុងគ្រីម្តង ដែលបាន​ទាមទារ ឲ្យ​លោក Imre Nagy ត្រលប់​មកកាន់អំណាចវិញ។ លោក Imre Nagy​ គឺអ្នកនយោបាយ​កុម្មុយនីស្ត​មិនជ្រុលហួសហេតុពេក ហើយជាអ្នក​គាំទ្រការធ្វើកំណែទម្រង់​ ដែល​លោក​ត្រូវបាន​គេ​ទម្លាក់​ពីអំណាច​នៅឆ្នាំ​១៩៥៥។

ក៏ប៉ុន្តែ ពេល​បាន​ត្រលប់​មកកាន់អំណាច​វិញ លោក​Imre Nagy ដែល​មានក្រុម​និស្សិតនិង​កម្លាំងពលករ​គាំទ្រ ហាក់ដូចជាសប្បាយ​ត្រេកត្រអាលជ្រុល​ ហើយ​បាន​ហ៊ាន​ដល់ទៅ​ប្រកាស ​ដក​ប្រទេសហុងគ្រី ចេញពី​ កាតិកាសញ្ញាវ៉ាសូវី។ ទង្វើនេះ គឺជារឿងមិនអាចអត់ឱន​ឲ្យ​បាន​ទេ​ សម្រាប់​លោក​ Khrouchtchev ក៏ដូចជាគណបក្សកុម្មុយនីស្តសហភាពសូវៀត។ សហភាពសូវៀ​ត ក៏បានចាត់វិធានការ​ពិន័យ​ភ្លាម​ៗ​តែម្តង​ ទៅលើ​ហុងគ្រី​។

រងើកភ្លើងឆាបឆេះ

វិបត្តិទាំង២ នៅដើមបូព៌ា និង​នៅ​អឺរ៉ុប​កណ្តាល បាន​ឈាន​ហក់ឡើងដល់ចំណុចក្តៅបំផុត។ ថ្ងៃទី​២៩ តុលា ដោយ​ផ្អែក​លើផែនការដែលគេដាក់ឈ្មោះថា Les trois Mousquetaires អ៊ីស្រាអែល បាន​ចូលឈ្លានពាន​តំបន់ស៊ីណៃ និង​បានឈានចូលទៅដល់​ព្រែកជីកស៊ុយអេ។ ២ថ្ងៃបន្ទាប់​មក កងកម្លាំងបារាំងនិងអង់គ្លេស បានចាប់ផ្តើម​ទម្លាក់គ្រាប់​បែក ទៅលើ​យន្តហោះរបស់​កងទ័ពអេហ្ស៊ីបដែល​ចតនៅ​លើដី ដើម្បីជួយ​បើក​ផ្លូវ​ឲ្យ​កងទ័ពអ៊ីស្រាអែលរុលទៅមុខ។

ថ្ងៃបន្ទាប់ ចលនាបះបោរ​របស់​ប្រជាជន​នៅក្រុងប៊ូដាប៉េសត៍ បានឈានចូលទៅគ្រប់គ្រង​ អគារ​ទីស្នាក់កា​រ​មជ្ឈឹមបក្សកុម្មុយនីស្តហុងគ្រី​។ ប្រជាជន​ហុងគ្រី​ មានទំនុកចិត្ត​ ជឿថា បដិវត្តរបស់​ខ្លួន​កំពុងតែមាន​ជោគជ័យ​។

ក៏ប៉ុន្តែ ថ្ងៃទី​៤វិច្ឆិកា វេលា​ម៉ោង៣ទាបភ្លឺ រថក្រោះសូវៀត បាន​បើកសំដៅចូលមកទីក្រុង​ប៊ូដាប៉េសត៍។ ការ​បង្ក្រាប​ បានចាប់ផ្តើម​​យ៉ាង​កាចសាហាវបំផុត​។​

ក្នុងរវាង​តែ​៤ថ្ងៃ ក្រុមប្រឹក្សា​សន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តចេញនូវសេចក្តីសម្រេចចិត្តរួម​ ចំនួន​២ ដែល​ត្រូវបានធ្វើឡើងយ៉ាង​តក់​ក្រហល់ស្លន់​ស្លោ​បំផុត។ សេចក្តីសម្រេចចិត្ត​លេខ​១១៩ កោះហៅឲ្យ​មានការប្រជុំវិសាមញ្ញ​និងបន្ទាន់​មួយ នៅ​អង្គមហាសន្និបាតអង្គការសហប្រជាជាតិ​ ដើម្បី​ឆ្លើយតប​​ទៅនឹង « ស្ថានការណ៍ដ៏ធ្ងន់ធ្ងរ ដែល​បានកើតឡើងដោយសារអំពើប្រឆាំងនឹង​ប្រទេសអេហ្ស៊ីប » …

ថ្ងៃទី ៤វិច្ឆិកា កងកម្លាំង​បារាំង និងអង់គ្លេស ចាប់​ផ្តើម​ឡើងគោក​​ នៅ​កំពង់ផែ Fouad ជិតកំពង់ផែ​ Saïd។
ថ្ងៃទី ៤វិច្ឆិកា កងកម្លាំង​បារាំង និងអង់គ្លេស ចាប់​ផ្តើម​ឡើងគោក​​ នៅ​កំពង់ផែ Fouad ជិតកំពង់ផែ​ Saïd។ AFP - GUY TOUCHARD

ចំណែក​សេចក្តីសម្រេចចិត្ត លេខ១២០ មានខ្លឹមសារស្រដៀងគ្នា ដោយ​បាន​សំដៅពិនិត្យ​មើល « លើ​ស្ថានការណ៍ធ្ងន់ធ្ងរ កើតឡើងដោយសារការប្រើប្រាស់​កម្លាំង​កងទ័ពសូវៀត បង្ក្រាបទៅលើប្រជាជនហុងគ្រី ដែលប្រឹងប្រែងទាមទារសិទ្ធិ​»។

សហគមន៍​អន្តរជាតិ មិនអាចជួយអ្វីបានមែន ទាក់ទិន​នឹងការសង្កត់​សង្កិនយ៉ាងហិង្សានៅហុងគ្រី។ ប៉ុន្តែ​ ដំណើរផ្សងព្រេងខ្វះការពិចារណា នៃ​ប្រទេស Mousquetaires ទាំង៣ នៅ​ឯព្រែកជីកស៊ុយអេ វិញនោះ ត្រូវបាន​មហាអំណាចធំៗទាំង២ ប្រកាសថ្កោលទោសយ៉ាងខ្លាំង ព្រោះថាមហាអំណាចធំៗទាំង២ មិនចង់ឲ្យ​មាន​ស្ថានការណ៍​​សង្គ្រាមប្រដាប់អាវុធ ផ្ទុះកក្រើក​នៅតំបន់​ដើមបូព៌ាទេ។​

សហភាពសូវៀត បានគំរាម​មក​លើ​បារាំង អង់គ្លេស និង​អ៊ីស្រាអែល ដោយចំៗតែម្តង​ ថានឹងប្រើ​អាវុធនុយក្លេអ៊ែរ។ ជាប្រតិកម្មតបវិញ អង្គការអូតង់ បាន​ស្រែកគំរាម​ប្រើអាវុធនុយក្លេអ៊ែរ ដាក់សហភាពសូវៀតវិញដែរ​។

គឺក្នុងគ្រានោះហើយ ដែល​សហរដ្ឋអាេមរិក​បានចូលអន្តរាគមន៍។ អាេមរិក​បាន​ទាមទារ​តម្រូវឲ្យ​អ៊ីស្រាអែល បារាំង និងអង់គ្លេស​​ ដកថយ​កម្លាំងចេញជាបន្ទាន់ ដើម្បីបិទបញ្ចប់​វិបត្តិនេះ​។

ពហុកីឡាដ្ឋាន Cricket Ground ក្រុងមែលប៊ន 
ពហុកីឡាដ្ឋាន Cricket Ground ក្រុងមែលប៊ន  AP

ជាចុងបញ្ចប់ ថ្ងៃទី​៦វិច្ឆិកា ក្រោមសំពាធរបស់​ម៉ូស្គូ និងវ៉ាស៊ីនតោន អន្តរាគមន៍​យោធានៅអេហ្ស៊ីប ត្រូវបិទបញ្ចប់ ដោយ​គ្មានបានលទ្ធផលអ្វីទាំងអស់។ លទ្ធផល​គឺបានត្រឹមតែការ​បង្កើត រឿងអាស្រូវទូទាំងពិភពលោក ហើយ​ដែលបារាំង និងអង់គ្លេស ត្រូវ​គេនិយាយបន្តុះបង្អាប់ សើចចំអក។​

ការ​ដកខ្លួនឆ្ងាយរបស់អាមេរិក មិនគាំទ្រអង់គ្លេស នៅក្នុងវិបត្តិព្រែកជីកស៊ុយអេ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​​ធំបំផុតនៃសតវត្សទី​២០​ ដែលបង្ហាញពី​ការ​មិនចុះសម្រុងគ្នា រវាងអង់គ្លេសនិងអាមេរិក ដែលជានិច្ចជាកាល គឺជាសម្ព័ន្ធមិត្តនឹងគ្នាចាក់​ទឹកមិនលិច។

ការប្រកួតកីឡា និង​ការធ្វើពហិការ

ថ្ងៃទី​២២វិច្ឆិកា ស្របពេលដែលពិភពលោក​យើង កំពុងតែចោទសួរអំពី​ផលវិបាក​ទាំងឡាយ ដែលកើតចេញ​ពី​វិបត្តិភូមិសាស្ត្រនយោបាយធំៗទាំង២ អត្តពលិកវ័យក្មេង​ជនជាតិអូស្ត្រាលី ឈ្មោះ Ron Clark បានអុជភ្លើងគុបអូឡាំពិក នៅ​ពហុកីឡាដ្ឋាន Cricket Ground នៅទីក្រុងមែលប៊ន។

ត្រឹមរយៈពេល​ប្រមាណ​៣សប្តាហ៍ រវាង​វិបត្តិនយោបាយ និង​ពេល​ចាប់ផ្តើម​បើកសម្ពោធការប្រកួតកីឡា ប្រទេសជាច្រើនបានធ្វើការសម្រេចចិត្ត​យ៉ាង​ដាច់ណាត់​បំផុត។

អេហ្ស៊ីប អ៊ីរ៉ាក់ និង​លីបង់ បាននាំគ្នាធ្វើពហិការ មិនចូលរួម​ប្រកួត​ ដើម្បីផ្ញើសារ​ប្រឆាំងចំពោះ​ « ការចូលឈ្លានពានរបស់​បារាំង-អង់គ្លេស មកលើ​​ព្រែកជីកស៊ុយអេ »។ ប្រទេស​ទាំង​៣នេះ បាន​សំដែងការជំទាស់ផងដែរ ចំពោះវត្តមានរបស់អ៊ីស្រាអែល នៅក្នុងការប្រកួតនៅមែលប៊ន។

ដោយឡែក អេស្ប៉ាញ ហូឡង់ និង​ស្វ៊ីសវិញ បានប្រើប្រាស់វិធីដូចគ្នា ដើម្បី​បង្ហាញការជំទាស់តវ៉ា ចំពោះ​អន្តរាគមន៍ហិង្សាររបស់​សហភាពសូវៀត មកលើ​ប្រទេសហុងគ្រី។​

ការប្រឈមមុខដាក់គ្នាបែបនយោបាយ រវាង​អត្តពលិក

ប្រមាណជិត​១ខែ ក្រោយបរាជ័យនៃ​ចលនាបះបោរ​នៅប៊ូដាប៉េសត៍ ក្រុម​កីឡាករ Waterpolo ជម្រើសជាតិហុងគ្រី និងជម្រើសជាតិ​សូវៀត ត្រូវជួបប្រកួតជាមួយគ្នានៅ​មែលប៊ន។ នៅក្នុងពេល​កំពុង​ប្រកួតវគ្គ​ពាក់​កណ្តាលផ្តាច់ព្រាត់នេះ កីឡាករសូវៀតឈ្មោះ Valentin Prokopov បាន​យកក្បាល​អុកដោយចេតនា ចំក្បាលរបស់​កីឡាករហុងគ្រី ឈ្មោះ Ervin Zádor ដែលទើបតែ​បាន​គប់​បាល់បញ្ចូល​ទី​បាន​២គ្រាប់។ ក្រុមកីឡាករជម្រើសជាតិទាំង​២ប្រទេស បាន​ឈ្លោះ​ប្រវាយ​ប្រតប់គ្នានៅក្នុងទឹក បណ្តាល​ឲ្យ​កីឡាករជាច្រើននាក់រងរបួស។ សាក្សីខ្លះដែលឃើញហេតុការណ៍​ផ្ទាល់នឹងផ្នែក បាន​រៀបរាប់​ថា ទឹកនៅក្នុងអាងហែលទឹក បានប្រែពណ៌ទៅជាក្រហម ដោយសារតែលាយ​ឡំដោយ​ឈាមរបស់​កីឡាករ។​

រូបថត៖ កីឡាករហុងគ្រី​ Ervin Zádor ដែលរបួស​ក្នុងពេល​ប្រកួត​ជាមួយ​ក្រុមជម្រើស ជាតិ​សូវៀត។
រូបថត៖ កីឡាករហុងគ្រី​ Ervin Zádor ដែលរបួស​ក្នុងពេល​ប្រកួត​ជាមួយ​ក្រុមជម្រើស ជាតិ​សូវៀត។ © AP

នគរបាល​អូស្ត្រាលី បាន​បង្ខំចិត្ត​ចូលអន្តរាគមន៍​ ដើម្បី​ការពារ​ក្រុមកីឡាករជម្រើសជាតិសូវៀត បន្ទាប់ពីបានសង្កេតឃើញថា មាន​ទស្សនិកជនកាន់តែច្រើន បាន​​បង្ហាញកំហឹងក្រេវក្រោធ ខឹងចំពោះអាកប្បកិរិយារបស់កីឡាករសូវៀត។ នៅទីបំផុត ក្រុមជម្រើសជាតិ​ហុងគ្រី បានឈ្នះជ័យលាភីមេដាយមាស ក្នុងវិញ្ញាសារ​Waterpolo រីឯក្រុមជម្រើសជាតិសូវៀត ទទួលបានមេដាយសម្រឹត។

ការបិទបញ្ចប់​ការប្រកួត

នៅភូមិអូឡាំពិកក្រុងមែលប៊ន សមាជិកខ្លះនៃ​គណៈប្រតិភូកីឡាហុងគ្រី បាននាំគ្នា​យកទង់ជាតិ​ផ្លូវការ​របស់​ហុងគ្រី ដែល​​មាន​រូប​សញ្ញា​និម្មិតរូបរបប​កុម្មុយនីស្ត យក​មក​កាត់ច្រឹប​យក​និម្មិតរូបនោះបោះចោល​ ហើយដាក់ជំនួសវិញ ដោយ​ « armoiries de Kossuth » ដែលជានិម្មិតរូបនៃ​ចលនាបដិវត្តហុងគ្រី ឆ្នាំ​១៨៤៨។

ដល់ពេលត្រូវរៀបចំ​សម្លៀកបំពាក់ សម្ភារៈវិលត្រលប់ទៅស្រុកវិញ កីឡាករ​ហុងគ្រីជាច្រើននាក់ បានបាត់​ខ្លួន គ្មានវត្តមាន​។ ពួកគេជាច្រើននាក់​ បាន​សម្រេចចិត្តរត់គេច ហើយទៅ​សុំសិទ្ធិជ្រកកោន​​ជា​ជនភៀសខ្លួននយោបាយ​ នៅ​អូស្ត្រាលី។

ហើយនៅនាយឆ្ងាយ​ពីអូស្ត្រាលី កីឡាករបាល់ទាត់​ហុងគ្រីម្នាក់ទៀតដ៏ល្បីល្បាញ​ ឈ្មោះ Ferenc Puskás បានសម្រេចចិត្ត​សុំសិទ្ធិជ្រកកោនជាជនភៀសខ្លួន​នយោបាយ នៅ​ប្រទេសអូទ្រីស។

 

កីឡាករ Ervin Zádor (ស្តាំ) ជាមួយ​នឹង​កីឡាករហុងគ្រី​២នាក់ទៀត ដែល​បានសម្រេចចិត្ត​សុំសិទ្ធិជ្រកកោននៅអូស្ត្រាលី​។
កីឡាករ Ervin Zádor (ស្តាំ) ជាមួយ​នឹង​កីឡាករហុងគ្រី​២នាក់ទៀត ដែល​បានសម្រេចចិត្ត​សុំសិទ្ធិជ្រកកោននៅអូស្ត្រាលី​។ © AP Photo

លទ្ធផល

នៅក្នុង​តារាងលទ្ធផល​ចុងក្រោយ សហភាពសូវៀតដែលបានចូលរួមប្រកួតជាលើកទី​២ ក្នុងការប្រកួត​កីឡាអូឡាំពិករដូវក្តៅ បានឈាន​នាំមុខសហរដ្ឋអាមេរិក ដោយ​បានឈ្នះ​ចំនួន​មេដាយ​ច្រើនជាងគេ។ ចំណែក​ប្រទេសហុងគ្រីវិញ ស្ថិតនៅលេខរៀងទី៤។

គ្មានប្រទេសអារ៉ាប់ណាមួយ មានវត្តមានប្រកួតនៅមែលប៊នទេ។ 

លោក Gamal Abdel Nasser បាន​សម្រេចជោគជ័យ ក្នុងការធ្វើជាតូបនីយកម្ម​ព្រែកជីកស៊ុយអេ និង​បាន​ទទួលនូវកិត្តិនាមភ្លឺចញ្ចែង នៅក្នុងពិភពអារ៉ាប់។ តែយ៉ាងណា ជីវិតនយោបាយរបស់​លោក ត្រូវបាន​ដួលរំលំ បន្ទាប់ពីអ៊ីស្រាអែលបាន​បើកប្រតិបត្តិការសងសិក ជាមួយនឹង​ « សង្គ្រាម​៦ថ្ងៃ »។

បារាំង និងអង់គ្លេស ឯនោះវិញ បានសាបរលាបឥទ្ធិពលអំណាច​របស់ខ្លួន​ជារៀងដរាប នៅតំបន់ Levant។

រី​ឯហុងគ្រី ត្រូវស្ថិតនៅក្នុង​ស្រមោល​ នៃសហភាពសូវៀត ប្រមាណជា​ជាង​៣០ឆ្នាំ តទៅមុខទៀត៕

ការពន្យល់របស់​លោកប្រវត្តិវិទូ Thierry Terret  ស្តី​ពីការប្រកួតកីឡាអូឡាំពិក ក្រុងមែលប៊ន ឆ្នាំ១៩៥២
ការពន្យល់របស់​លោកប្រវត្តិវិទូ Thierry Terret  ស្តី​ពីការប្រកួតកីឡាអូឡាំពិក ក្រុងមែលប៊ន ឆ្នាំ១៩៥២
ការពន្យល់របស់​លោកប្រវត្តិវិទូ Thierry Terret  ស្តី​ពីការប្រកួតកីឡាអូឡាំពិក ក្រុងមែលប៊ន ឆ្នាំ១៩៥២ © RFI

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ