អានតួអត្ថបទ
ថាមពល-អាកាសធាតុ

ទីភ្នាក់ងារ​​ថាមពលអន្តរជាតិថា តម្រូវការ​​​​ថាមពល​ហ្វូស៊ីលនៅ​តែ​កើនឡើង​ ពីនេះដល់ឆ្នាំ​២០៣០

តម្រូវ​ការប្រើ​ប្រាស់ថាមពល​ ដែលបានមកពីប្រភពហ្វូស៊ីល ដែលមានដូចជាប្រេងកាត និងឧស្ម័នជាដើម គឺនឹងនៅតែកើនឡើងជានិច្ច ពីនេះដល់ឆ្នាំ​២០៣០។ នេះបើផ្អែក​តាមតួលេខសន្និដ្ឋាន ក្នុងរបាយការណ៍​ប្រចាំឆ្នាំរបស់​ទីភ្នាក់ងារថាមពលអន្តរជាតិ AIE ដែល​បានចេញ​ផ្សាយ​នៅថ្ងៃអង្គារទី​២៤តុលា។ ទោះជាយ៉ាងណា របាយការណ៍នេះ បាន​ចាត់ទុកថា​ ការធ្វើអន្តរកម្មថាមពល ងាកចេញពីថាមពល​ហ្វូស៊ីល មកប្រើថាមពលបៃតង នៅទូទាំងពិភពលោកយើង កំពុងតែមានសន្ធុះល្អ បើទោះបីជាវាមិនទាន់គ្រាប់គ្រាន់​ទៅតាមការរំពឹងចង់បាន​ក៏ដោយ​។​

ទីតាំងបញ្ចូលថាមពលរថយន្តអគ្គិសនីមួយកន្លែង របស់ក្រុមហ៊ុន EVGO នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ថ្ងៃទី ១៧តុលា២០២៣
ទីតាំងបញ្ចូលថាមពលរថយន្តអគ្គិសនីមួយកន្លែង របស់ក្រុមហ៊ុន EVGO នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ថ្ងៃទី ១៧តុលា២០២៣ REUTERS - MIKE BLAKE
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​កម្រាស់​៣៥៤ទំព័រ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ​​ បាន​លើកឡើងថា រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន ព្រមទាំងអ្នកវិនិយោគ ត្រូវតែរួមគ្នាគាំទ្រ ជំរុញ​ដល់​វិស័យថាមពលបៃតង ជាជាងការ​រារាំង​រំខាន​។ ពុំនោះទេ ពិភពលោកយើងនឹងមិនអាចសម្រេចកម្មវត្ថុ ទប់​ស្កាត់​ការកើនឡើងកំដៅផែនដី ​មិន​ឲ្យ​ឡើងលើស​១,៥°c ដែល​មានកំណត់​ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ បានឡើយ​។

តែទន្ទឹមនឹងនេះ របាយការណ៍បានព្យាករណ៍ទុកថា ទំហំនៃតម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ ឧស្ម័ន និងធ្យូងថ្ម នឹងនៅតែកើនឡើងថែមទៀត ពីនេះដល់ឆ្នាំ​២០៣០។ ពោលគឺវានៅតែខ្ពស់ខ្លាំង ដែលអាចជះឥទ្ធិពល​ធ្វើ​ឲ្យ​កម្រិតឧស្ម័ន​​ផ្ទះកញ្ចក់ នៅខ្ពស់ខ្លាំងដដែល ហើយយោងតាម​ទំហំនេះ គឺ​​សីតុណ្ហភាពផែនដី​យើង អាចនឹងកើនឡើង ប្រមាណ ២,៤°c ពីពេលនេះដល់ចុងសតវត្ស​ទី​២១។​

ដើម្បីទប់សីតុណ្ហភាពផែនដី មិន​ឲ្យ​ឡើងលើស​១,៥°c ​ ទីភ្នាក់ថាមពលអន្តរជាតិ បានអំពាវនាវថា គេ​ត្រូវតែ​បង្កើនការប្រើប្រាស់​រថយន្តអគ្គិសនី ឲ្យ​បាន​មួយ​គុណ​ជា១០ បើប្រៀបធៀបទៅនឹងចំនួន​បច្ចុប្បន្ន​។ ចំណែកទំហំថាមពល​កកើតឡើងវិញ ទូទាំងពិភពលោក គឺត្រូវតែ​បង្កើនឲ្យ​បាន​៥០%  ទល់នឹង៣០% ដែលមាននាពេលបច្ចុប្បន្ន​។​

តែយ៉ាងណាក៏ដោយ របាយការណ៍​បានទទួលស្គាល់ថា អ្វីៗកំពុងតែល្អប្រសើរហើយ ព្រោះគេបានសង្កេតឃើញថា ទំហំនៃការវិនិយោគ​​លើវិស័យថាមពលបៃតង បានកើនឡើងចំនួន​៤០% នៅឆ្នាំ​២០២២។ របាយការណ៍​បាន​ផ្តោត​ការ​សង្ឃឹម​លើចិន ដែល​ជា​ទីផ្សារ​ធំបំផុត​។ ក្នុងឆ្នាំ​២០២២ ទំហំនៃការលក់រថយន្តអគ្គិសនី​ទាំងអស់នៅទូទាំងពិភពលោក គឺទីផ្សារចិនបានស្រូបយក​ដល់ទៅជាង​៥០%។ បន្ថែមពីនេះ​ទីភ្នាក់ថាមពលអន្តរជាតិសង្ឃឹមថា នៅរវាង​ឆ្នាំ​២០៣០ រថយន្តថ្មីៗ​លក់​នៅអាមេរិក គឺនឹងមាន​៥០%ជារថយន្តអគ្គិសនី​។

លោកFatih Birol ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ បាន​លើកឡើងថា ដំណើរការធ្វើអន្តរកម្មថាមពល​ដើម្បី​​ឈានទៅប្រើប្រាស់ថាមពលស្អាតស្អំ កំពុងតែប្រព្រឹត្តិធ្វើទៅយ៉ាងសកម្មហើយ ដោយ​គ្មានអ្វីអាចមកបញ្ឈប់បានទេ។ តែយ៉ាងណា លោក​បាន​អំពាវនាវ ឲ្យ​គ្រប់ប្រទេសទាំងអស់ រៀបចំដាក់ចុះនូវផែន​ការគោលនយោបាយច្បាស់លាស់ និង​ម៉ឺងម៉ាត់ ដើម្បីឈានទៅបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ជាជាងការចំណាយ​វិនិយោគ ទៅលើថាមពលហ្វូស៊ីល​។ លោក​ Fatih Birol បាន​ លើកឡើងផងដែរថា អំណះអំណាងរបស់​ក្រុមប្រទេសផលិតប្រេង ដែលថា មានតែ​ថាមពលហ្វូស៊ីលទេ ដែលអាចធានាសន្តិសុខថាមពល​ដល់ពិភពលោកយើងនោះ គឺវាជាការអះអាងគ្មានមូលដ្ឋាន។

គួររំលឹកថា កាលពីដើមខែ​តុលានេះ ក្រុមប្រទេសផលិតប្រេង OPEP បានចេញរបាយការណ៍​មួយ ដោយ​បាន​លើកឡើងថា​ ការឈប់វិនិយោគលើ​វិស័យអណ្តូងរ៉ែប្រេង និងអណ្តូង​​ឧស្ម័នថ្មីៗ វាគឺជារឿងមិន​ល្អទេ ព្រោះវានឹងប៉ះពាល់ដល់​សន្តិសុខ​ថាមពល​ ព្រមទាំងស្ថិរភាព​សេដ្ឋកិច្ច​ពិភពលោក​​។​ ក្រុមប្រទេស​ផលិតថាមពល​ហ្វូលស៊ីល​ទាំងនេះ បានអះអាងថា មានតែ​ប្រេងកាត និង​ឧស្ម័នទេ ដែលជា​ប្រភពថាមពល ​ដែលមានសុវត្ថិភាព​បំផុត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ