អានតួអត្ថបទ
តួកគី-អ៊ីស្រាអែល

ជម្លោះអ៊ីស្រាអែល-ហាម៉ាស៖លោកអ៊ែរដូហ្កានបរិហារការសម្លាប់រង្គាលនៅហ្កាហ្សា និងចង្អុលមុខបស្ចិមលោក

ថ្ងៃទី២៩ តុលា ២០២៣ ប្រទេស​តួកគី​បាន​ប្រារព្ធ​ខួប ១០០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​តួកគី​កាល​ពី​ថ្ងៃទី២៩ តុលា ១៩២៣។ លោក​មូស្តាហ្វា កឺម៉ាល់ អាតាតួក​ជា​អ្នក​បង្កើត​សាធារណរដ្ឋ​តួកគី​កាល​ពី ១០០ឆ្នាំ​មុន និង​ជា​ប្រធានាធិបតី​ទី១ ដែល​បាន​កាន់​អំណាច​ពី​ឆ្នាំ ១៩២៣ ដល់​ឆ្នាំ ១៩៣៨។ នៅ ១០០ឆ្នាំ​ក្រោយ​មក តំណែង​ប្រធានាធិបតី​ហាក់​កំពុង​ត្រូវ​បាន​លោក​អ៊ែរដូហ្កាន​ក្តាប់​ណែន​ក្នុង​ដៃ​តាំង​ពី ២០ឆ្នាំ​កន្លង​មក។ ដោយឡែក​ក្នុង​ថ្ងៃទី២៨ តុលា លោក​អ៊ែរដូហ្កាន​បាន​រៀបចំ​ពិធី​ជួបជុំ​មួយ​ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​ក្រុម​អ្នកគាំទ្រ​លោក។

​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​។
​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​។ AP - Emrah Gurel
ផ្សាយពាណិជ្ជកម្ម

ពិធី​ជួបជុំ​នេះ​ត្រូវ​បាន​លោក​អ៊ែរដូហ្កាន​ហៅ​ជា​ការ​ជួបជុំ​ដើម្បី​ប្រជាជន​ប៉ាឡេស្ទីន។ ថ្លែង​នៅ​ចំពោះ​ហ្វូង​មនុស្ស​ជា​ច្រើន​រយ​ពាន់​នាក់ ប្រធានាធិបតី​តួកគី​បាន​ប្រើ​សម្តី​ខ្លាំងៗ និង​ធ្ងន់​ដាក់​អ៊ីស្រាអែល​ដោយ​ចោទ​អ៊ីស្រាអែល​ពី​បទ​កំពុង​សម្លាប់​រង្គាល​ប្រជាជន​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់​ហ្កាហ្សា។ មនុស្ស​ខ្លាំង​តួកគី​រូប​នេះ​យល់​ថា ទង្វើ​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា​ពេល​នេះ​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម ពោល​មិនមែន​ជា​ទង្វើ​ការពារ​ខ្លួន​ទេ។ មែនទែន​ទៅ លោក​អ៊ែរដូហ្កាន​ធ្លាប់​បាន​បញ្ចេញ​ប្រតិកម្ម​លើ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស។ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ លោក​អ៊ែរដូហ្កាន​បាន​ប្រើ​សម្តី​ថ្លោស និង​ដំឡើង​សំឡេង​រឹត​តែ​ខ្លាំង​ដាក់​អ៊ីស្រាអែល និង​លើក​នេះ​ជា​លើក​ទី១ ដែល​លោក​បាន​ថ្លែង​វាយប្រហារ​អ៊ីស្រាអែល​នៅ​ចំពោះ​មុខ​ហ្វូង​អ្នកគាំទ្រ​លោក​ជា​ច្រើន​រយពាន់នាក់។

ក្រៅ​ពី​អ៊ីស្រាអែល សុន្ទរកថា​របស់​ប្រធានាធិបតី​តួកគី​ក៏​បាន​វាយប្រហារ​សំដៅ​លើ​បស្ចិមលោក ពិសេស​សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប​ដែល​បាន​គាំទ្រ និង​លើក​ទឹកចិត្ត​ឲ្យ​អ៊ីស្រាអែល​វាយប្រហារ​ឥត​សំចៃ​ដៃ​លើ​តំបន់​ហ្កាហ្សា។ តាម​លោក​អ៊ែរដូហ្កាន បស្ចិមលោក​ជា​អ្នក​ទទួល​ខុសត្រូវ​ចម្បង​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​នៅ​តំបន់​ហ្កាហ្សា និង​ថា បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​បស្ចិមលោក​ទេ ម្ល៉េះ​អ៊ីស្រាអែល​មិន​ហ៊ាន​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច​ពេល​នេះ​ដែរ។ បន្ទាប់​មក ប្រធានាធិបតី​តួកគី​បាន​ចេញ​មុខ​ការពារ​បុព្វហេតុ​ប៉ាឡេស្ទីន និង​ថែម​ទាំង​ហ៊ាន​ចាត់​ទុក​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស​ជា​អ្នក​រំដោះ​ដែល​ការពារ​ទឹកដី​ប៉ាឡេស្ទីន​ទៀត​ផង។

គួរ​បញ្ជាក់​ថា នៅ​ពេល​ផ្ទុះ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង លោក​អ៊ែរដូហ្កាន​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ប្រយ័ត្នប្រយែង​ដោយ​ខ្លាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល។ តែ​លោក​អ៊ែរដូហ្កាន​មិន​អាច​បន្ត​ប្រកាន់​ជំហរ​មួយ​នេះ​នៅ​ចំពោះ​មុខ​កំណើន និង​សន្ទុះ​នៃ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​លើ​ហ្កាហ្សា​ពេល​នេះ​បាន​ទៀត​ឡើយ។ ចំណែក​អ៊ីស្រាអែល​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​តប​នឹង​លោក​អ៊ែរដូហ្កាន​ដោយ​បាន​កោះ​ហៅ​មន្រ្តីទូត​របស់​ខ្លួន​នៅ​តួកគី​ឲ្យ​ត្រឡប់​ចូល​អ៊ីស្រាអែល​វិញ​ដើម្បី​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល និង​តួកគី។ ដូច្នេះ​ឃើញ​ថា ផ្លូវ​នៃ​ទំនាក់ទំនង​រវាង​តួកគី និង​អ៊ីស្រាអែល​ដែល​ទើប​បាន​ត ភ្ជាប់​ឡើង​វិញ​នឹង​ត្រូវ​កាត់​ផ្តាច់​ជា​ថ្មី​ដោយ​ចៀស​មិន​រួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ