អានតួអត្ថបទ

រុស្ស៊ី៖លោកពូទីនបានជាប់ឆ្នោតអណត្តិថ្មី និងសន្យាមិនទុកឲ្យរុស្ស៊ីរងការបំភិតបំភ័យ

នៅប្រទេសរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានជាប់ឆ្នោតប្រធានាធិបតីមួយអាណត្តិថ្មីសម្រាប់ ៦ឆ្នាំបន្ថែមទៀត។ ការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកពូទីនអាចជាការរង់ចាំ ព្រោះជាការបោះឆ្នោតដែលគ្មានគូប្រជែងពីក្រុមគណបក្សប្រឆាំងពិតប្រាកដ។ ថ្លែងនៅក្រោយការជាប់ឆ្នោត មនុស្សខ្លាំងរុស្ស៊ីរូបនេះបានចាត់ទុកជ័យជម្នះរបស់ខ្លួនថាបានរំលេចឲ្យឃើញនូវមុខមាត់ប្រទេសរុស្ស៊ី” ឯកភាពរួមធ្លុងមួយ” និងថា លោកនឹងទុកបណ្តោយឲ្យប្រទេសទទួលរងការសម្លុតបំភ័យពីពួកសត្រូវឡើយ។

នៅរុស្ស៊ី លោកពូទីនបានជាប់ឆ្នោតអណត្តិថ្មី និងសន្យាមិនទុកឲ្យរុស្ស៊ីរងការបំភិតបំភ័យ
នៅរុស្ស៊ី លោកពូទីនបានជាប់ឆ្នោតអណត្តិថ្មី និងសន្យាមិនទុកឲ្យរុស្ស៊ីរងការបំភិតបំភ័យ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

លោក​ពូទីន ចៅហ្វាយ​វិមានក្រេមឡាំង​ដែល​បាន​កាន់​អំណាច​តាំង​ពី ២៤ ឆ្នាំ​ទទួល​បាន​សម្លេងគាំទ្រ​ដល់​ទៅ​ជាង ៨៧ % នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​រយៈពេល ៣ថ្ងៃ។ នេះ​បើ​តាម​តួលេខ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​រុស្ស៊ី RIA Novosti ដោយ​លើ​ទិន្នន័យ​ប្រកាស​ដោយ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត។ ៨៧% ជា​អត្រា​គាំទ្រកម្រិត​ខ្ពស់​បំផុត​សម្រាប់​លោក​ពូទីន​នៅ​ក្នុង​ការ​បោះឆ្នោត​សកល​ដោយគ្មាន​ការ​ប្រកួត​ពី​ខាង​ពួក​ប្រឆាំង។

ថ្លែង​នៅ​យប់​ថ្ងៃទី១៧ មីនា​ទៅ​កាន់​ប្រជាជន​រុស្ស៊ី លោក​ពូទីន​បាន​សំដែង​អំណរគុណ​ចំពោះ​ពលរដ្ឋ​ណា​ដែល​បាន​ទៅ​បោះឆ្នោត និង​អនុញ្ញាត​ឲ្យ​បង្ក​លក្ខណៈ​នៃ​ការ​ឯកភាព​រួម​ធ្លុង​មួយ​ខាង​នយោបាយ​ផ្ទៃក្នុង។ សំនៀង​នេះ​របស់​លោក​ពូទីន​បន្លឺ​ឡើង ២ឆ្នាំ​ក្រោយ​ពី​រុស្ស៊ី​បានបើក​ការ​វាយ​លុក​ចូល​អ៊ុយក្រែន​ដែល​បណ្តាល​ឲ្យ​បស្ចិមលោក​ដាក់សម្ពាធ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​លើ​រុស្ស៊ី។

« ខ្ញុំ​សូម​អរគុណ​គ្រប់​គ្នា ព្រម​ទាំង​រាល់​ពលរដ្ឋ​នៃ​ប្រទេស​ចំពោះ​ការ​គាំទ្រ​របស់​អ្នក និង​ជំនឿ​ទុក​ចិត្ត​របស់​អ្នក » នេះ​ជា​ការ​ថ្លែង​របស់​លោក​ពូទីន​នៅ​ពី​មុខ​ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក មុន​នឹងសន្យា​ថា រុស្ស៊ី​នឹង​ស្ថិត​នៅ​ពី​លើ​ពួក​សត្រូវ​ខ្លួន​ទាំងអស់។ មាន​វ័យ ៧១ឆ្នាំ មនុស្សខ្លាំង​រុស្ស៊ី​រូប​នេះ​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា « ឆន្ទៈ​យើង សតិសម្បជញ្ញៈយើង​ប្រឈម​ជាប់​ជានិច្ច​ទល់​នឹង​រាល់​នរណា​ដែល​ចង់​សម្លុតយើង ដែល​ចង់​ម្ទេសច​ប្រទេស​យើង។ ក្នុង​ប្រវត្តិសាស្ត្រ មិន​ដែល​មាន​នរណា​ចេះ​សម្រេច​កិច្ចការ​នេះ​បាន​ដូច​យើង​ឡើយ។ ការ​សម្លុត​យើង​មិន​អាច​ដំណើរការ​ទៅ​កើត​ឡើយ ទាំង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត »។

គួរ​បញ្ជាក់​ថា នៅ​ក្រោយ​ចប់​អាណត្តិ​ថ្មី​លើក​នេះ លោក​វ៉្លាឌីមៀរ ពូទីន​នឹង​នៅ​មាន​លទ្ធភាព​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​រហូត​ដល់​ឆ្នាំ ២០៣៦។ ទន្ទឹម​គ្នា​នេះ លោក​ពូទីន​ក៏​បាន​សំដែង​គារវកិច្ច​ចំពោះ​កម្លាំងទ័ព​រុស្ស៊ី​ដែល​កំពុង​ច្បាំង​នៅ​លើ​សមរភូមិ​អ៊ុយក្រែន និង​ដែល​អាច​បាត់បង់​ជីវិត​ខ្លួន​ដើម្បី​ការពារ​ដែនដី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​រុស្ស៊ី។ តាម​លោកពូទីន កងកម្លាំង​រុស្ស៊ី​ដែល​កំពុង​រុល​ទៅ​មុខ ក្រោយ​ពី​ដណ្តើម​យក​បាន​ក្រុង Adiviika កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​កំពុង​បន្ត​តទល់ជាមួយ​កម្លាំងទ័ព​អ៊ុយក្រែន​ដែល​ខ្វះ​ទាហាន ខ្វះ​ស្បៀង និង​គ្រាប់​រំសេវ។

គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី អាជ្ញាធរ​រុស្ស៊ី​មិន​បាន​រារាំង​ពួក​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ទេ។ តែ​សុទ្ធសឹង​ជា​ពួក​ប្រឆាំង​ដែល​វិមានក្រេមឡាំង​ជា​អ្នក​កំណត់ ពោល​ជា​អ្នក​ដែល​ប្រកាន់​គោលជំហរ​ស្រប​នឹង​បន្ទាត់​របស់​វិមានក្រេមឡាំង ទោះក្នុង​រឿង​រុស្ស៊ី​វាយលុក​ចូលអ៊ុយក្រែន ឬ​ក្នុង​រឿង​បង្ក្រាប​ពួក​ប្រឆាំង​ផ្ទៃក្នុង​ចាស់​ដៃ ដូច​ករណី​មេប្រឆាំង​លោក​អាឡិកសី ណាវ៉ាល់នី​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ពន្ធនាគារ​នា​ពេល​ថ្មីៗ​នេះ។ តាម​លោក​ពូទីន មរណភាព​លោក​ណាវ៉ាល់នី​ជា​ព្រឹត្តិការណ៍​ក្រៀមក្រំ និង​ថា លោក​បាន​យល់ព្រម​ឲ្យ​មាន​ការ​ដោះដូរ​លោក​ណាវ៉ាល់នី​ជាមួយ​បស្ចិមលោក។ តែ​ត្រូវ​មាន​លក្ខខ័ណ្ឌ​មួយ គឺ​មិន​ឲ្យ​លោក​ណាវ៉ាល់នី​ត្រឡប់​មក​រុស្ស៊ី​វិញ​ជា​ដាច់ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ