អានតួអត្ថបទ
អេស្ប៉ាញ

អេស្បាញ៖តំបន់កាតាឡូញបានប្រកាសពីគម្រោងរៀបចំបោះឆ្នោតប្រជាមតិដើម្បីទាមទារឯករាជ្យ

បន្ទាប់​ពី​ប្រជាជន​អេកូស​នៅ​ក្នុង​ប្រទេស​អង់គ្លេស​មក ដល់​វេន​ប្រជាជន​នៅ​តំបន់​កាតាឡូញ​ក្នុង​ប្រទេស​អេស្បាញ​ម្តង​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ដើម្បី​ទាមទារ​ឯករាជ្យ​ផ្តាច់​ចេញ​ពី​ប្រទេស​អេស្បាញ។ លោក​អារទារ ម៉ាស ប្រមុខ​ដឹកនំា​តំបន់​ស្វ័យត​កាតាឡូញ​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​តំបន់​មួយ​ដោយ​ប្រកាស​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​មួយ​នៅ​ថ្ងៃទី៩ វិច្ឆិកា​ខាង​មុខ។ តែ​រដ្ឋអំណាច​កណ្តាល​ក្នុង​ទីក្រុង​ម៉ាឌ្រីដ​បាន​ព្រមាន​ដោយ​សន្យា​ថា នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដើម្បី​រារំាង​មិន​ឲ្យ​តំបន់​កាតាឡូញ​ផ្តាច់​ខ្លួន​ចេញ​ពី​អេស្បាញ​ទេ។

លោក​ អារទារ ម៉ាស មេដឹកនាំ​តំបន់​ស្វ័យត្ន កាតាឡូញ នៅអេស្ប៉ាញ
លោក​ អារទារ ម៉ាស មេដឹកនាំ​តំបន់​ស្វ័យត្ន កាតាឡូញ នៅអេស្ប៉ាញ REUTERS/Gustau Nacarino
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ការ​ទាមទារ​ឯករាជ្យ​របស់​ប្រជាជន​អេកូស​ក្នុង​ប្រទេស​អង់គ្លេស​មិន​បាន​ជោគជ័យ​មក ឥឡូវ​នេះ​ដល់​វេន​ប្រជាជន​ក្នុង​តំបន់​កាតាឡូញ​នៃ​ប្រទេស​អេស្បាញ​ម្តង​ដែល​ចង់​សាកល្បង​ទាមទារ​ឯករាជ្យ​ផ្តាច់​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល​អេស្បាញ។ ការ​សាកល្បង​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​សុំ​យោបល់​ពី​ប្រជាជន​ដូច​នៅ​អេកូស​ប្រទេស​អង់គ្លេស​អ៊ីចឹង។ អ្នក​ដែល​បាន​ផ្តួចផ្តើម​ឲ្យ​មាន​គំនិត​នេះ​ឡើង​គឺ​លោក​ប្រធាន​រដ្ឋអំណាច​តំបន់​កាតាឡូញ អារទារ ម៉ាស។ លោក​អារទារ​ដែល​ទើប​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​តំបន់​មួយ​ដោយ​កំណត់​យក​ថ្ងៃទី៩ វិច្ឆិកា ជា​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ។ អ្វី​ដែល​លោក​អារទារ​បាន​ធ្វើ​នៅ​ពេល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿង​ប្រវត្តិសាស្រ្ត​មួយ។ រឿង​ប្រវត្តិសាស្រ្ត ព្រោះ​នេះ​ជា​លើកទីមួយ​បង្អស់​នៅ​ក្នុង​ប្រទេស​អេស្បាញ​តំាង​ពី​ជំនាន់​ហ្រ្វង់កូ​ដែល​មាន​ប្រធាន​តំបន់ស្វ័យត​ម្នាក់​បាន​ប្រកាស​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ជា​ផ្លូវការ​ដើម្បី​ចង់​ដឹង​ថា តើ​ប្រជាជន​ចង់ ឬ​មិន​ចង់​រស់នៅ​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ប្រទេស​អេស្បាញ។

 
គំនិតផ្តួចផ្តើម​របស់​លោក​អារទារ​ពេល​នេះ​បាន​ទទួល​ការ​គំាទ្រ​ពី​សមាជិក​សភា ៥នាក់​ក្នុង​ចំណោម ៧នាក់​ចេញ​មក​គណបក្ស​កាតាឡូញ និង​សមាជិក​សភា​ទូទៅ​ក្នុង​តំបន់​ប្រមាណ​ជា ៣ភាគ៤។ តែ​បញ្ហា​នៅ​ត្រង់​ថា គម្រោង​រៀបចំ​បោះឆ្នោត​ប្រជាមតិ​របស់​លោក​អារទារ​ប្រហែល​ជា​មិន​ទៅ​រួច ព្រោះ​ក្រោម​ភ្នែក ច្រមុះ​របស់​ទីក្រុង​ម៉ាឌ្រីដ គម្រោង​របស់​លោក​អារទារ​បាន​រំលោភ​ទំាង​ស្រុង​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​​អេស្បាញ និង​ថា រដ្ឋាភិបាល​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការធម្មនុញ្ញ​ដើម្បី​រារំាង​មិន​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ​នោះ។ បច្ចុប្បន្ន​មាន​ប្រជាជន​រស់នៅ​សរុប​ជាង ៧លាន ៥សែន​នាក់ កាតាឡូញ​ជា​តំបន់​ស្វ័យត​មួយ​ដែល​បាន​ផ្តល់​ប្រភពចំណូល​ឲ្យ​អេស្បាញ​ដល់​ទៅ ២០%។

ពិត​ណាស់​ថា អ្វី​ដែល​លោក​អារទារ​កំពុង​ធ្វើ​ពេល​នេះ​ជា​រឿង​មួយ​ដែល​លោក​គិត​ថា​ស្រប​ច្បាប់ តែ​គេ​ពិបាក​នឹង​មើល​ឃើញ​ច្រក​ចេញ​ចំពោះ​រឿង​នេះ។ លោក​នាយករដ្ឋមន្រ្តី​អេស្បាញ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ចិន​បាន​បញ្ជាក់​ថា ពួកអ្នកជាតិនិយម​នៅ​កាតាឡូញ​កំពុង​យក​ក ទៅ ល អន្ទាក់​ខ្លួន​ឯង​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ