អានតួអត្ថបទ
អេស្ប៉ាញ

ការ​ប្រឆាំង​របប​រាជា​និយម​នៅ​ប្រទេស​អេស្ប៉ាញ

កាល​ពី​ថ្ងៃ​សៅរ៍​ទី ៧​មិថុនា​ ម្សិលមិញ​នេះ​ នៅ​ប្រទេស​អេស្ប៉ាញ ​មាន​មនុស្ស​ជា​ច្រើន​ពាន់​នាក់ បាន​ចេញ​ដើរ​តាម​ផ្លូវ​ទាម​ទារ​ឲ្យ​រំលាយ​របប​រាជា​និយម ឲ្យ​ដាក់​ត្រលប់​មក​វិញ​នូវ​របប​សាធារណរដ្ឋ។ ​ការ​ងើប​ឡើង​នៃ​ការ​ប្រឆាំង​របប​រាជា​និយម​នេះ​ បាន​ផុសផុល​ឡើង​បន្ទាប់​ពី​ ព្រះ​មហាក្សត្រ​អេស្ប៉ាញ​ យ៉្ហន កាកឡូស ​បាន​ដាក់​រាជ​សម្បត្តិ​នៅ​ថ្ងៃ​ទី​២​ មិថុនា​ ថ្មីៗ​នេះ។ ​ក្នុង​ពេល​នេះ​ដែរ​ ព្រះ​មហាក្សត្រ​ថ្មី​កំពុង​ត្រៀម​ខ្លួន​ឡើង​គ្រង​រាជ​សម្បត្តិ​ គឺ​ព្រះអង្គម្ចាស់​ ហ្វេលីព។

ក្រូុមបាតុករជូបជុំគ្នាកណ្តាល​ក្រុង ម៉ាឌ្រីដ ​ប្រទេស​​អេស្ប៉ាញ​ ទាម​ទារ​រំលាយ​របប​រាជា​និយម​
ក្រូុមបាតុករជូបជុំគ្នាកណ្តាល​ក្រុង ម៉ាឌ្រីដ ​ប្រទេស​​អេស្ប៉ាញ​ ទាម​ទារ​រំលាយ​របប​រាជា​និយម​ REUTERS/Susana Vera
ផ្សាយពាណិជ្ជកម្ម

មាន​មនុស្ស​កក​កុញ​ ណែន​ណាន់​តាន់​តាប់​ បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីលាន​សាធារណៈ​មួយ​ នៅ​ទៅក្រុង​ ម៉ាឌ្រីដ​ រាជធានី​នៃ​ប្រទេស​អេស្ប៉ាញ។​ ស្ថិត​ក្រោម​បរិយាកាស​សប្បាយ​រីករាយ​មែនពិត​  ប៉ុន្តែ​ពួក​គេ​ម្នាក់ៗ​​ ពោរ​ពេញ​ទៅ​ដោយ​ក្តី​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ដោយ​ពួក​គេ​យល់​ថា​អេស្ប៉ាញ​ល្មម​ផ្លាស់​ប្តូរ​របប​គ្រប់គ្រង ​ ពី​របប​រាជានិយម​ទៅ​​ជារបប​​​សាធារណរដ្ឋ​វិញ។​ សម្តី​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​និយាយ​ថា​៖​ បើ​ព្រះ​មហាក្សត្រ​ដាក់​រាជ​សម្បត្តិ​ទៅ​ហើយ​ គេ​ត្រូវ​សួរ​ប្រជាពលរដ្ឋ​ទាំង​អស់​ថា​តើ​  គួរ​បន្ត​របប​រាជា​និយម  ត​ទៅ​ទៀត​រឺ​យ៉ាង​ណា​  មុន​នឹង​តែង​តាំង​ព្រះ​មហាក្សត្រ​ថ្មី។​ គាត់​បន្ត​ថា​ គាត់​សុំ​ឲ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​ទូទាំង​ប្រទេស។​ បើសិន​ជា​ប្រជាពលរដ្ឋ​អេស្ប៉ាញ​ភាគ​ច្រើន​ពេញ​ចិត្ត​ឲ្យ​មាន​ស្តេច​ត​ទៅ​ទៀត  នោះ​ចាំ​ព្រះ​មហាក្សត្រ​ថ្មី​ឡើង​គ្រង​រាជ​​ តែ​បើ​ប្រជាជន​មិន​ចង់​បាន​ នោះ​អេស្ប៉ាញ​គ្មាន​របប​ស្តេច​ត​ទៅ​ទៀត​ទេ។

 
“វាជ​វង្ស​ស្តេច​ បួកបុង​ ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ការ​បោះឆ្នោត”  នេះ​គឺ​ឃ្លា​មួយ​ដែល​សរសេរ​នៅ​លើ​បដា​របស់​ពួក​អ្នក​មក​តវ៉ា។​ បាតុករ​ម្នាក់​ដែល​ជា​គ្រូ​បង្រៀន​ បាន​និយាយ​ថា​ ខ្លួន​គាត់​គឺ​ជា​អ្នក​សាធារណរដ្ឋ​ ហើយ​គាត់​នៅ​ចាំ​យ៉ាង​ច្បាស់​ ថា​ ព្រះ​មហាក្សត្រ​ដែល​ទើប​តែ​ដាក់​រាជ​សម្បត្តិ​ទៅ​នេះ​ គឺ​ត្រូវ​បាន​លើក​បន្តុប​ដោយ​ មេ​ដឹក​នាំ​ផ្តាច់ការ​ឈ្មោះ​ ហ្រ្វង់កូ។  គាត់​យល់​ថា​ ប្រជាជន​ត្រូវ​តែ​ជា​អ្នក​សម្រេច​ ថា​តើ​ត្រូវ​មាន​ស្តេច​ រឺ​គ្មាន​ ហើយ​បើ​មាន ​គឺ​ប្រជាជន​ជា​អ្នក​ជ្រើសរើស​ថា​ស្តេច​មួយ​ណា​ ត្រូវ​ឡើង​គ្រងរាជ្យ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​​ អេស្ប៉ាញ​ជា​ប្រទេស​ដែល​មាន​ការអនុវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ​  ហើយ​ក្រុម​បាតុករ​នេះ​ ទាមទារ​ចង់​ឲ្យ​រាជ​បាល័ង្គ​ ស្ថិត​ក្រោម​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​ទាំង​មូល​ មិន​មែន​ថា​អស់​ពី​ក្សត្រ​មួយ​ ត្រូវ​តែ​រក​ក្សត្រ​មួយ​ទៀត​មក​បន្ត​នោះ​ទេ។​  តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គ្រប់ៗ​​គ្នា​ដឹង​យ៉ាង​ច្បាស់​ថា​  ទំនង​ជា​គ្មាន​អ្វី​អាច​នឹង​រាំង​ស្ទះ​ដល់​ការ​ឡើង​គ្រងរាជ្យ​​របស់​ព្រះមហាក្សត្រ​ថ្មី​ គឺ​ព្រះ​អង្គម្ចាស់​ ហ្វេលីព​​ បាន​នោះ​ទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ