អេស្ប៉ាញមិនសុំទោស តែអំពាវនាវឱ្យបូលីវីរំសាយកំហឹង
អេស្ប៉ាញបានបញ្ចេញប្រតិកម្មមុនគេ ឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានរួមរបស់សហភាពអាមេរិកខាងត្បូង ដែលទាមទារឱ្យអឺរ៉ុបសុំទោសជាសាធារណៈ ចំពោះទង្វើបិទផ្លូវអាកាសហាមឃាត់មិនឱ្យយន្តហោះប្រធានាធិបតី បូលីវី លោក អេវ៉ូ ម៉ូរ៉ាឡេស ហោះកាត់ កាលពីថ្ងៃពុធ។ ជាមួយនឹងការអំពាវនាវឱ្យបូលីវីស្ងប់ស្ងាត់ត្រជាក់ចិត្ត អេស្ប៉ាញ បានគូសបញ្ជាក់យ៉ាងច្បាស់ថាគ្មានហេតុផលអ្វីដែលត្រូវសុំទោសទេ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៣០
គឺរដ្ឋមន្ត្រីក្រសួងការបរទេសអេស្ប៉ាញ ផ្ទាល់តែម្តង ដែលបានចេញមុខពន្យល់បំភ្លឺ តាមកញ្ចក់ទូរទស្សន៍ជាតិ ឱ្យបូលីវី ងាកមកប្រកាន់ជំហរសា្មរតី ស្ងប់ស្ងាត់ និងកសាងទំនាក់ទំនងល្អនឹងគ្នាឡើងវិញ ព្រោះ អេស្ប៉ាញ និងប្រទេសនៅអឺរ៉ុប តែងចាត់វិធានការ ទៅតាមព័ត៌មានដែលទទួលបាន។ ព័ត៌មានដែលថា Edward Snowden បានឡើងយន្តហោះជាមួយប្រធានាធិបតីបូលីវី។ ប៉ុន្តែលោកប្រមុខការទូតអេស្ប៉ាញមិនបានបញ្ចេញឈ្មោះប្រភពផ្តល់ព័ត៌មាននោះទេ។
ម្យ៉ាងវិញទៀត អេស្ប៉ាញក៏មិនដែលបានបិទផ្លូវអាកាស ឬហាមឃាត់មិនឱ្យយន្តហោះប្រធានាធិបតី ចុះចតចាក់ប្រេងឡើយ ! ដូច្នេះសរុបមក អេស្ប៉ាញ គ្មានកាតព្វកិច្ចអ្វីត្រូវសុំទោសបូលីវីទេ។ នេះជាប្រសាសន៍របស់ប្រមុខការបរទេសអេស្ប៉ាញ ដែលមានចេតនាតែមួយគត់គឺពន្លត់កំហឹងបូលីវី។
តាមការពិត ប្រទេសបារាំងបានសម្តែងការសោកស្តាយភ្លាម នៅពេលប្រធានាធិបតីបូលីវី ចុះដល់ប្រទេសអូទ្រីស្ត ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់រំសាយកំហឹងឡើយ។ បូលីវី និងសម្ព័ន្ធមិត្ត អេក្វាទ័រ វេណេស៊ុយអេឡា អាហ្សង់ទីន សូរីណាម អ៊ុយរ៉ាហ្គាយ ប៉ារូហ្គាយ ចង់ឱ្យ បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ សុំទោសជាសាធារណៈ។
លោក ម៉ូរ៉ាឡេស (Molales) បានថែមចោទប្រកាន់សហរដ្ឋអាមេរិក ថាជាអ្នកដាក់សម្ពាធលើបារាំងអេស្ប៉ាញព័រទុយហ្កាល់និងអ៊ីតាលី ដើម្បីឱ្យប្រទេសទាំងនេះបិទដែនអាកាស ដែលជំរុញឱ្យយន្តហោះត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅប្រទេសអូទ្រីស្ត។
Edward Snowden តាមប្រមាញ់ដោយប៉ូលិសអាមេរិក ដែលកំពុងបន្តស្ថិតនៅក្នុងព្រលានយន្តហោះក្រុងម៉ូស្គូ បានសុំសិទ្ធិជ្រកកោននយោបាយក្នុង២១ប្រទេស ប៉ុន្តែភាគច្រើន រាប់ទាំងបារាំង អាល្លឺម៉ង់ អេស្ប៉ាញ និង អ៊ីតាលីផង សុទ្ធតែនាំគ្នាបដិសេធទាំងអស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ