អានតួអត្ថបទ
ស៊ីរី-អ.ស.ប.

លោកកូហ្វីអាណាន​​ទាមទារ​ឲ្យមាន​ការឈប់​បាញ់គ្នា​

បេសកជន​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​និង​សម្ព័ន្ធ​អារ៉ាប់​ ​ លោក​កូហ្វី​អាណាន​ដែលជា​អ្នក​រៀបចំ​ផែនការ​សម្រាប់​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី​ ​ បាន​ថ្លែង​ទាមទារ​នៅ​ថ្ងៃអង្គារ​ទី៣​មិថុនា​ឆ្នាំ២០១២​ម្សិលមិញ​ ​ ឲ្យមាន​ “ការឈប់​បាញ់គ្នា”​នៅក្នុង​ប្រទេស​ស៊ីរី​ ​ ដើម្បី​ឈាន​ទៅរក​នយោបាយ​អន្តរកាល។

បេសកជន​ពិសេស​នៃ​អង្គការ​សហប្រជាជាតិលោក​កូហ្វី​អាណាននៅ​ទីក្រុង​ Genève​ នៅថ្ងៃទី៣០​មិថុនា​ឆ្នាំ២០១២
បេសកជន​ពិសេស​នៃ​អង្គការ​សហប្រជាជាតិលោក​កូហ្វី​អាណាននៅ​ទីក្រុង​ Genève​ នៅថ្ងៃទី៣០​មិថុនា​ឆ្នាំ២០១២ REUTERS/Valentin Flauraud
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែលនាំឲ្យ​បេសកជន​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​និង​សម្ព័ន្ធ​អារ៉ាប់​ ​ លោក​កូហ្វី​អាណាន​ ថ្លែង​ទាមទារ​ឲ្យមាន​ “ការឈប់​បាញ់គ្នា”​នៅក្នុង​ប្រទេស​ស៊ីរី​នៅ​ថ្ងៃអង្គារ​ទី៣​មិថុនា​ឆ្នាំ២០១២​ម្សិលមិញ​ ​ គឺ​បណ្តាល​មកពី​​ “ការឈប់​បាញ់គ្នា”​ ដែល​ត្រូវ​ចូលជា​ធរមាន​តាំងពី​ថ្ងៃទី​១២មេសា​ឆ្នាំ២០១២​ម៉្លេះ​ បាន​ត្រូវគេ​រំលោភ​គ្មាន​ស្រាកស្រាន្ត។​ ​ មនុស្ស​ស្លាប់​រាប់សិបនាក់​ក្នុងមួយថ្ងៃៗ​ ក្រោមការ​វាយបង្ក្រាប​យ៉ាង​ហិង្សា​ពី​សំណាក់​ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ​ ​ ហើយនិង​ការ​វាយប្រហារ​គ្នា​រវាង​ទាហាន​ស៊ីរី​និង​ក្រុម​អ្នក​បះបោរ​ប្រឆាំង។

 
ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ​ប្រទេស​ស៊ីរីនេះ​ ​ ក្រោយពី​អ្នកនាំពាក្យ​របស់​កូហ្វី​អាណាន​ ​ លោក​ Ahmad Fawzi ​បាន​ថ្លែងថា​ ​ ជំនួប​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​នៅពេលថ្មីៗ​កន្លង​ទៅនេះ​ ស្ដីពី​គោលការណ៍​នៃ​ការរិះរក​ដំណោះស្រាយ​តាមរយៈ​នយោបាយ​អន្តរកាល​នៅ​ប្រទេស​ស៊ីរី​ ​ បាន​បណ្តាល​ឲ្យ​មាន​ “ការប្តូរប្រែ​ឥរិយាបថ”​ ពីសំណាក់​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន។​ ទាំងនេះ​បាន​នាំឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​ ស៊ែរហ្គេយ​ ឡាវរ៉ូវ​ ថ្លែង​ចោទ​ប្រទេស​លោកខា​ងលិច​ថា​ ​ ប្រទេស​បស្ចិមលោក​កំពុង​រិះរក​ “ធ្វើការ​ប្តូរប្រែ​ធាតុពិត”​ នៃ​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​នៅ​ថ្ងៃសៅរ៍​ទី៣០​មិថុនា​ឆ្នាំ២០១២​នៅ​ទីក្រុង​ហ្សឺណែវ។​ កិច្ចព្រមព្រៀង​នៃ​ទីក្រុង​ហ្សឺណែវ​ដែល​គ្រោង​បង្កើត​ឲ្យ​មាន​ “រដ្ឋាភិបាល​អន្តរកាល”​ ​មួយ​ ដោយមាន​ការ​ចូលរួម​ពី​សំណាក់​សមាជិក​នៃ​រដ្ឋាភិបាល​ស៊ីរី​បច្ចុប្បន្ន​និង​ក្រុម​បក្ស​ប្រឆាំង។

គួរបញ្ជាក់ថា​ ​ កិច្ចព្រមព្រៀង​នៃ​ទីក្រុង​ហ្សឺណែវ​នេះ​ សម្រេចបាន​ដោយមាន​ការចូលរួម​ពី​សំណាក់​ក្រុម​ប្រទេស​មាន​សកម្មភាព​ដើម្បី​ប្រទេស​ស៊ីរី​ Groupe d’action sur la Syrie ​ដែលក្នុងនោះ​មាន​ប្រទេស​មហា​អំណាច​ទាំងប្រាំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ ​ ប្រទេស​ទួរគី​ ​ ហើយនិង​ប្រទេស​អារ៉ាប់​មួយ​ចំនួន។

សម្រាប់​ប្រទេស​រុស្ស៊ី​ ​ អ្វីៗ​មាន​ការជាក់​ច្បាស់ណាស់​ ​ ដោយហេតុថា​នៅ​ក្នុង​កិច្ចព្រមព្រៀង​ ​ គេពុំ​បាន​ចែង​អំពី​ការទាមទារ​ឲ្យ​ប្រធានាធិបតី​បាស្ហារ​អាល-អាស្សាដ​ចុះចេញ​ពី​មុខតំណែង​ឡើយ។​ បញ្ហា​ចាកចេញ​ពី​មុខតំណែង​របស់​ បាស្ហារ​អាល-អាស្សាដ​ គឺ​ប្រជាជន​ស៊ីរី​ជាអ្នក​សម្រេច។

ដូច្នេះ​ ប្រទេស​រុស្ស៊ី​ពុំបាន​ប្តូរប្រែ​នយោបាយ​របស់​​ខ្លួនឡើយ​ ​ ពាក់ព័ន្ធ​នឹង​របប​គ្រប់គ្រង​នៃ​ទីក្រុង​ដាម៉ាស។​ ទីក្រុង​ម៉ូស្គូ​នៅតែ​ជឿជាក់ថា​ ​ ភាគី​ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ​ស៊ីរី​នៅ​អាច​ធ្វើការ​ចរចា​នឹងគ្នា។​ ហើយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​ ស៊ែរហ្គេយ​ ឡាវរ៉ូវ​ បាន​ថ្លែង​ឲ្យ​ដឹងទៀត​ថា​ ​ លោក​នឹង​ពុំ​មក​ចូលរួម​ក្នុង​ជំនួប​ប្រជុំ​របស់​ក្រុមប្រទេស​មិត្ត​របស់​ស៊ីរី​នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃសុក្រ​ខាងមុខនេះ​ឡើយ​ ​ ដោយ​លោកយល់ថា​ អភិក្រម​នៃ​កិច្ចព្រមព្រៀង​នៃ​ទីក្រុង​ហ្សឺណែវ​បាន​ចាប់​ដំណើរការ​ហើយ​ ​ ដូច្នេះ​រចនា​សម្ព័ន្ធ​ទាំងនេះ​គ្មាន​ផល​ប្រយោជន៍​អ្វីឡើយ។​ នេះជាការ​គូបញ្ជាក់​របស់​លោក​ប្រមុខ​ការទូត​រុស្ស៊ី​ ស៊ែរហ្គេយ​ ឡាវរ៉ូវ​ ។

ចលនា​ប្រឆាំង​ស៊ីរី​បាន​ប្រមូល​ប្រជុំគ្នា​នៅទីក្រុង​គែរ​ ​ ហើយបាន​ថ្លែង​ទាមទារ​ឲ្យ​ប្រធានាធិបតី​ស៊ីរី​បច្ចុប្បន្ន​ បាស្ហារ​អាល-អាស្សាដ​ ចុះចេញ​ពី​តំណែង​ ​ ហើយ​ក្រុម​បក្ស​​ប្រឆាំង​ស៊ីរី​ក៏​គ្មាន​ឯកភាព​នឹង​គ្នា​ដែរ​ ​ ដោយ​ពួក​គេ​មាន​ការខ្វែង​គំនិត​នឹង​គ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តរាគមន៍​យោធា​បរទេស​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ពីរថ្ងៃ​ក្រោយ​ការចរចា​គ្នា​ ​ ក្រុមបក្ស​ប្រឆាំង​ស៊ីរី​ទាំងអស់​បាន​មូលមតិ​ជា​ឯកច្ឆ័ន្ទ​ថា​ ​ “ដំណោះស្រាយ​នយោបាយ​ដំបូង​គេ​បំផុត​នៅ​ប្រទេស​ស៊ីរី​គឺ​ការចាប់​ផ្តើម​ដោយ​ការចុះចេញ​នៃ​របបគ្រប់គ្រង​របស់​បាស្ហារ​អាល-អាស្សាដ”។​ នេះ​ជា​សេចក្តី​ថ្លែង​ប្រកាស​ដែលបាន​ផ្សព្វផ្សាយ​ឲ្យដឹង​ក្រោយ​ពី​កិច្ច​ប្រជុំ​នៃ​ក្រុម​បក្សប្រឆាំង​ស៊ីរី។

ដូច្នេះ​ សម្រាប់​ក្រុមបក្ស​ប្រឆាំង​ស៊ីរី​នៅពេលនេះ​គឺ​បន្ត​ពង្រឹង​ឯកភាព​នៃ​កម្លាំង​បដិវត្តន៍​ស៊ីរី​ ​ ជាពិសេស​ កងកម្លាំង​យោធា​ស៊ីរី​សេរី។

សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​ ផែនការ​នេះ​គឺ​ជា​ “ការធានា​យ៉ាង​មុតមាំ”​ ដល់​ក្រុម​បក្ស​ប្រឆាំង​ស៊ីរី​ថា​ ​ ប្រធានាធិបតី​ស៊ីរី​បច្ចុប្បន្ន​បាស្ហារ​អាល-អាស្សាដ​នឹង​ពុំ​ចូល​រួម​ក្នុង​រដ្ឋាភិបាល​ថ្មី​ដែលនឹង​ត្រូវ​បង្កើត​ឡើង​នាពេល​អនាគត​ខាងមុខ​នេះ​ឡើយ។​ នេះ​ជា​លក្ខខណ្ឌ​ដែលបាន​ដាក់​ដោយ​ក្រុម​បក្ស​ប្រឆាំង​ស៊ីរី​ មុននឹង​មាន​ដំណោះស្រាយ​រដ្ឋាភិបាល​អន្តរកាល។

ហេតុ​ដូច្នេះហើយ​បាន​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ ហ៊ីលឡារី​គ្លីនតុន​ ថ្លែងថា​ “​វាជា​ការជាក់​ច្បាស់ណាស់​ដែល​កិច្ចព្រមព្រៀង​នៃ​ទីក្រុង​ហ្សឺណែវ​បើក​ផ្លូវ​ឲ្យមាន​សករាជថ្មី​ក្រោយ​សម័យ​បាស្ហារ​អាល-អាស្សាដ”។

រីឯ​ប្រធានាធិបតី​បារាំង​ លោក​ហ្វ្រង់ស័រ​ហូឡង់វិញ​បានថ្លែងថា​ “លោក​គាំទ្រ​ការបង្កើត​ឲ្យ​មាន​អង្គការ​មួយ​ដែលមាន​អំណាច​ប្រតិបត្តិ​ពេញលេញ​ ​ ហើយ​មាន​ការ​គាំទ្រ​ពី​សំណាក់​ក្រុម​បក្សប្រឆាំង​ស៊ីរី”។

មុន​នឹងបញ្ចប់​សូម​បញ្ជាក់ថា​ ​ទីក្រុង​ម៉ូស្គូ​ពុំបាន​ដូរប្រែ​ឥរិយាបថ​របស់​ខ្លួន​ប៉ុន្មានឡើយ​ ​ ជាក់ស្ដែង​ប្រទេស​រុស្ស៊ី​នឹង​ពុំ​មក​ចូលរួមឡើយ​ កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​មិត្ត​របស់​ស៊ីរី​នៅ​ទីក្រុង​ប៉ារីស​នៅថ្ងៃ​សុក្រខាង​មុខនេះ​ ​ ផ្ទុយទៅវិញ​នឹងមាន​វត្តមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោកស្រីអាមេរិក​ ហ៊ីលឡារី​គ្លីនតុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ