អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន​​​ទ័ល​​គំនិត​​ប្រឈម​​មុខ​​នឹង​​ទំហំ​​វិបត្តិ​​មនុស្សធម៌​​ក្រោយពី​​ព្យុះ​​សង្ឃរា​​បូផា​​

៦​​ថ្ងៃ​​ក្រោយពី​​ព្យុះ​​សង្ឃរា​​បូផា​​ឆ្លង​​កាត់​​ប្រទេស​​ហ្វីលីពីន​​មក​ ប្រជាជន​​ភៀស​ខ្លួន​​នៅ​​តែ​​តែល​​តោល​​គ្មាន​អ្វី​ទីពឹងឡើយ​​ដោយ​អត់ទាំ​ងជំរក​អត់ទាំងស្បៀងអាហារទទួលទាន​។​ រដ្ឋាភិបាល​វិញ​ ក៏​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​​ក្នុង​ការ​ដឹក​ជញ្ជូន​ស្បៀងអាហារ​និង​ទឹក​ទទួលទាន​ឲ្យ​ដល់​ប្រជាជន​​ខ្លួន​​ដែល​រស់នៅហាលវាលហាលខ្យល់​។ ​ប្រជាជន​ខ្លះ​ទៀត គ្មាន​ជំរើស​អ្វី​ក្រៅតែពី​ដើរ​​សុំ​ទាន​គេ​នៅ​តាម​បណ្តោយ​ផ្លូវ​ថ្នល់​ដើម្បី​បំពេញ​ក្រពះ​ដែល​ស្រេក​ឃ្លាន​ខ្លាំង។ អ្នក​ខ្លះ​ទៀត​ បាន​ទៅ​លួច​ប្លន់​យក​ស្បៀង​ដែល​គេ​ស្តុក​ទុក។ គ្រោះ​មហន្តរាយ​ព្យុះសង្ឃរា​បូផា បាន​សម្លាប់​ជីវិត​មនុស្ស​ជាង ៦៤៧​នាក់​-នេះ​បើយោងតាមតួលេខផ្លូវការរបស់ផ្លូវការហ្វីលីពីន។

ជនរងគ្រោះ​ដោយ​ព្យុះសង្ឃរាBopha សុំទាន​នៅក្នុងការចែកចាយស្បៀងអាហារនៅ New Battanថ្ងៃ៩ធ្នូ២០១២
ជនរងគ្រោះ​ដោយ​ព្យុះសង្ឃរាBopha សុំទាន​នៅក្នុងការចែកចាយស្បៀងអាហារនៅ New Battanថ្ងៃ៩ធ្នូ២០១២ REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ហ្វីលីពីន មាន​ការ​ទ័ល​គំនិត​យ៉ាង​ខ្លាំងមិនដឹងធ្វើដូចម្តេច ​ប្រឈម​មុខ​នឹង​ទំហំ​​​វិបត្តិ​មនុស្សធម៌ដ៏ធំធេង​​ដែល​បណ្តាល​មក​ពី​​ព្យុះ​សង្ឃរា​បូផា​ដែលបានឆ្លងកាត់​​ហ្វីលីពីន​កាលពី​សប្តាហ៍​មុន។ ប្រតិបត្តិការជួយសង្គ្រោះ ក៏​មាន​ការ​យ៉ាប់​យឺន​យ៉ាងខ្លាំងឥតគណនា​​នៅ​ក្នុង​តំបន់​​​រង​មហន្តរាយ​ខ្លះ ​ពី​ព្រោះ​គេ​ត្រូវ​ប្រើ​ពេល​វេលា​យ៉ាង​តិច​ក៏​៣​ថ្ងៃ​​ទម្រាំអាច​ចូលទៅ​ដល់។​​នៅពេល​ដែល​គេ​បាន​ចូល​ទៅ​ដល់​ទីកន្លែងរងមហន្តរាយ ប្រជាជន​ដែល​នៅ​រស់រាន​មាន​ជីវិត​និងកំពុង​​ស្រេក​ឃ្លាន​ខ្លាំង នាំគ្នា​ដើរ​លុក​លុយ​លួចអីវ៉ាន់គេ​នៅ​តាម​ផ្ទះ​សម្បែង​និង​ហាង​លក់​​​​ទំនិញណា​​ខ្លះ​​​​ដែល​នៅ​សេស​សល់គេច​​ផុត​ពី​ព្យុះសង្ឃរា​។​

ឥឡូវនេះ ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​​នៅ​តែ​មិន​ទាន់បានសម្រេច​​ក្នុង​​ការ​​​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​​​ឲ្យបាន​​គ្រប់​​គ្រាន់​​​ដល់​ប្រជាជន​អត់ឃ្លាន ​ប្រមាណ​ជា​២៥​ម៉ឺន​នាក់​ដែល​បាន​បាត់​បង់អស់​ផ្ទះ​សម្បែង​របស់​គេ។ មួយវិញទៀត​ ក្នុងពេល​​ចែក​ចាយ​ស្បៀង​អាហារ​ម្តងៗ ប្រជាជន​នាំ​គ្នា​រត់​បោល​​​សម្រុក​បុក​ជាន់​គ្នាជម្រុញ​ឲ្យ​​ការ​ចែកចាយ​ស្ពៀងកាន់តែមានការពិបាកខ្លាំងថែមទៀត​។​​ លើសពីនេះ ​ប្រជាជន​ហ្វីលីពីន​​​ជា​ច្រើន​ពាន់​នាក់​ទៀត នាំគ្នា​ដើរ​ស្មូម​ទាន​គេ​នៅ​តាម​ដង​បណ្តោយ​​ផ្លូវ​​​ក្នុង​​​ក្តី​សង្ឃឹម​​​ថា ​អ្នកធ្វើ​ដំណើរ​នឹង​ដាក់​ទាន​ជា​ម្ហូបអាហារឲ្យ​ដល់​ពួក​គេ។

ម្យ៉ាងទៀត នៅ​ក្នុង​ក្រុង Cateel លើ​កោះ Mindanao ទី​កន្លែង​ដែល​ព្យុះសង្ឃរា​ បាន​​វាយ​ប្រហារ​ខ្ទេច​ខ្ទីរ​​ទី​លំនៅឋាន ប្រជាជន គ្មាន​អ្វីដើម្បី​​ចំអែត​ក្រពះ​ឡើយ​ក្រៅតែ​ពីទទួលទាន​​ផ្លែ​ដូងអស់​ជា​ច្រើន​​ថ្ងៃ​​មក​ហើយ​​ដែល​ធ្លាក់រាយប៉ាយ​​នៅ​ពេញ​ដី​ដោយ​សារ​ខ្យល់​ព្យុះ​បោកបក់។
 

ចំណែករដ្ឋាភិបាលវិញ បាន​ប្រកាស​វិបត្តិភ័យ​ជាតិ​ហ្វីលីពីន នៅ​ក្នុង​តំបន់​រង​មហន្តរាយ​ទាំង​អស់​ ដើម្ប​ចាត់​ចែងវិធានការជំនួយ​សង្គ្រោះឲ្យ​បានល្អត្រឹមត្រូវជូនដល់ប្រជាជនរងគ្រោះ​។ រីឯ ក្រុម​​អ្នក​សង្គ្រោះវិញ គេ បាន​បន្ត​ការងារ​ស្វែង​រក​ជនរងគ្រោះ​ត​ទៀត ជាអាទិ៍​នៅ​តាម​បណ្តោយ​ទន្លេ​និង​ក្នុង​ដី​ភក់ ​ខ្លាច​ក្រែង អាច​​​ឃើញ​សាកសព ​នៅទីនោះ​ជាយថាហេតុ ពីព្រោះ​យោងតាម​អាជ្ញាធរហ្វីលីពីន មនុស្សចំនួន ៧០០​នាក់ ​នៅតែ​ប្រកាសបាត់ខ្លួនដដែល៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ