អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន​ចង្អុលមុខ​ក្រសួង​ស៊ើបការសម្ងាត់​បរទេស​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​ប្រឆំាង​សណ្ឋាគារ​សេរឺណា

នៅ​ថ្ងៃ​អាទិត្យ ទី២៣ មីនា រដ្ឋាភិបាល​ទីក្រុង​កាប៊ូល​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ចោទ​ក្រសួង​ស៊ើបការសម្ងាត់​បរទេស​ពី​បទ​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​ប្រឆំាង​នឹង​សណ្ឋាគារ​សេរឺណា​ក្នុង​ទីក្រុង​កាប៊ូល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២០ មីនា​កន្លង​ទៅ ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៩នាក់ ក្នុង​នោះ​មាន​អ្នកកាសែត AFP ម្នាក់។ ទោះ​បី​ជា​ទីក្រុង​កាប៊ូល​មិន​បាន​ចង្អុល​មុខ​ចំ​ប្រទេស​ណា​មួយ​ក៏​ដោយ ក៏​គេ​អាច​ដឹង​ថា ប្រហែល​ជា​ចង់​ទម្លាក់​កំហុស​ដាក់​ប្រទេស​ប៉ាគីស្ថាន​ជិតខាង។

លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ហាមីដ ការហ្សាយ
លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ហាមីដ ការហ្សាយ REUTERS/Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

« ការ​វិភាគ​ដោយ​ផ្អែក​លើ​ទិន្នន័យ​បាន​មក​ពី​សាក្សី ព្រម​ទំាង​ព័ត៌មាន​ដំបូង​របស់​ក្រុម​ស៊ើបអង្កេត​អាហ្វហ្កានីស្ថាន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​វាយប្រហារ​នោះ​ត្រូវ​បាន​រៀបចំ និង​បញ្ជា​ដោយ​ផ្ទាល់​ពី​ក្រសួង​ស៊ើបការ​បរទេស » នេះ​ជា​ការ​បញ្ជាក់​របស់​វិមាន​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​មួយ។ ដោយ​ផ្អែក​លើ​ព័ត៌មាន​ផ្តល់​ដោយ​ក្រសួង​ស៊ើបការសម្ងាត់​អាហ្វហ្កានីស្ថាន ទីក្រុង​កាប៊ូល​បាន​បញ្ជាក់​ថា មាន​អ្នកកាទូត​ប៉ាគីស្ថាន​ម្នាក់​បាន​មក​សណ្ឋាគារ​សេរឺតា​នា​ពេល​ថ្មីៗ​នេះ​ដើម្បី​ជួល​បន្ទប់​កីឡា​របស់​សណ្ឋាគារ ព្រម​ទំាង​បាន​ឆ្លៀត​ថត​រូប​នៅ​បរិវេណ​ខាង​ក្នុង​របស់​សណ្ឋាគារ​ទៀត​ផង។

សូម​ជម្រាប​ជូន​ថា សណ្ឋាគារ​សេរឺតា​ជា​សណ្ឋាគារ​ដ៏​ទំនើប​ផុតលេខ​នៅ​ក្នុង​ទីក្រុង​កាប៊ូល ប្រទេស​អាហ្វហ្កានីស្ថាន និង​ដែល​ទើប​បាន​ទទួល​រង​ការវាយប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២០ មីនា​កន្លង​ទៅ ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៩នាក់​ក្នុង​នោះ​មាន​អ្នកកាសែត AFP ម្នាក់។ ការ​វាយប្រហារ​នោះ​បាន​កើត​មាន​ឡើង ២សប្តាហ៍​មុន​ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​អាហ្វហ្កានីស្ថាន។ ភ្លាមៗ ក្រុមឧទ្ទាម​តាលីបង់​ដែល​គេ​ស្គាល់​ថា ជា​មេភ្លើង​បង្ក​ភេរវកម្ម​ប្រឆំាង​នឹង​រដ្ឋាភិបាល​ក្រុង​កាប៊ូល​តំាង​ពី​ឆ្នំា ២០០១ មក​នោះ បាន​​ចេញ​មុខ​ប្រកាស​ថា ជា​ស្នាដៃ​របស់​ខ្លួន។

តែ​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ហាមីដ ការហ្សាយ​មិន​សូវ​មាន​ជំនឿ​ប៉ុន្មាន​ទេ ដោយ​ផ្អែក​លើ​ការ​ប្រកាស​សារភាព​របស់​ពួក​ឧទ្ទាម​តាលីបង់ និង​យុទ្ធសាស្រ្ត​នៃ​ការ​វាយប្រហារ​ដែល​ខុស​ប្លែក​ពី​សព្វ​មួយ​ដង​របស់​ពួក​ឧទ្ទាម។ ការ​និយាយ​យ៉ាង​ដូច​នេះ មក​ពី​លោក​កាហ្សាយ​ចង់​ទម្លាក់​កំហុស​ដាក់​ប្រទេស​ប៉ាគីស្ថាន​ជិត​ខាង។ គួរ​រម្លឹក​ជូន​ថា ប៉ាគីស្ថាន ជា​ប្រទេស​ទីមួយ​ដែល​បាន​គំាទ្រ​ពួក​តាលីបង់​ក្នុង​ពេល​ដែល​ពួក​នេះ​កាន់​អំណាច​នៅ​អាហ្វហ្កានីស្ថាន​ពី​ឆ្នំា ១៩៩៦ ដល់​ឆ្នំា ២០០១។ តែ​នៅ​ពេល​ធ្លាក់​ពី​អំណាច​ក្នុង​ឆ្នំា ២០០១ ពួក​តាលីបង់​ភាគ​ច្រើន​បាន​រត់​ទៅ​ជ្រកកោន​ក្នុង​ទឹកដី​ប៉ាគីស្ថាន។ អ៊ីចឹង​ហើយ​បាន​ជា​ទីក្រុង​កាប៉ូល​តែងតែ​ចោទ​ទីក្រុង​អ៊ីស្លាម៉ាបាត​ពី​បទ​បាន​រៀបចំ និង​បញ្ជា​ឲ្យ​មាន​អំពើ​ភេរវកម្ម​ក្នុង​ទឹកដី​របស់​ខ្លួន។ គឺ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​ប៉ាគីស្ថាន​តែងតែ​ឆ្លើយ​បដិសេធ​ជានិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ