អានតួអត្ថបទ

អ៊ីរ៉ង់ចុះហត្ថលេខា​ទិញ​យន្តហោះ​ប៊ូអ៊ីញ​៨០​គ្រឿង

ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់ បាន​ចុះ ហត្ថលេខា​នៅ​ថ្ងៃ​អាទិត្យ​ទី ១១ ធ្នូ​ ២០១៦ ​ ជាមួយ​​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក ប៊ូអ៊ីញ ​លើកិច្ចសន្យាទិញ​យន្តហោះ​ចំនួន​៨០​គ្រឿង ក្នុង​តម្លៃ​ទឹក​ប្រាក់​១៦,៦ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​ជា​កិច្ចសន្យា​​ទិញ​យន្តហោះ​ដ៏​ធំ​បំផុត​ មិន​ធ្លាប់​មាន​ឡើយ​សម្រាប់​អ៊ីរ៉ង់ និង​ប៊ូអ៊ីញ គិត​តាំង​ពីឆ្នាំ​១៩៧៩​មក។

ក្រុមហ៊ុនអាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់ និង​ប៊ូអ៊ីន​ចុះ​កិច្ច​សន្យា​ទិញ​យន្តហោះ​៨០​គ្រឿង
ក្រុមហ៊ុនអាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់ និង​ប៊ូអ៊ីន​ចុះ​កិច្ច​សន្យា​ទិញ​យន្តហោះ​៨០​គ្រឿង Simon Dawson/Bloomberg via Getty Images
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាន​ចរចា​អស់​ជា​ច្រើន​ខែ កិច្ចសន្យា​ទិញ​យន្តហោះ​៨០​គ្រឿង ក្នុង​នោះ​៥០​គ្រឿង​ជាយន្តហោះប្រភេទ ៧៣៧ និង​៣០​គ្រឿង​ជា​ប៊ូអ៊ីញ ៧៧៧ ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្រោម​អធិបតីភាព​របស់​រដ្ឋមន្ត្រី​​ក្រសួង​ដឹកជញ្ជូន​អ៊ីរ៉ង់តែ​ម្តង​ នៅ​ទីក្រុង​តេហេរ៉ង់។ 

ប៉ុន្តែការ​ចុះ​​កិច្ច​សន្យា ​ ប្រព្រឹត្ត​ទៅ​ចំពេល​ដែល​សភា​និង​ព្រឹទ្ធសភា​អាមេរិក​កំពុង​តែ​ពិភាក្សា​​​ដាក់ទណ្ឌកម្ម​ជា​ថ្មី​លើអ៊ីរ៉ង់​សម្រាប់​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខទៀត ក្រោ​មក្រសែ​ភ្នែក​ ខឹង​សម្បាររបស់​តេហេរ៉ង់។ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​អ៊ីរ៉ង់ទាំង​មូល បាន​សន្យា​ថា​នឹង​ឆ្លើយ​តប​ឱ្យ​សក្តិសមផង និង​ចាត់​ទុក​ការបន្ត​​ដាក់ទណ្ឌកម្ម​ថ្មី​នេះ​ថា​​ផ្ទុយ​នឹង​អត្ថន័យ​នៃ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពី​ខែ​កក្កដាឆ្នាំ​២០១៥។ ប្រមុខ​សាសនា​ខាមេណី ធ្លាប់​បាន​ទាំង​ចោទ​សួរ​កាលពី​ខែ​មិថុនា​ថា តើ​គួរ​ទិញយន្តហោះ​ប៊ូអ៊ីញ​ជា​អាទិភាព​​របស់​ប្រទេស​ដែរឬទេ។

ថ្វីបើ​អាមេរិក​បាន​ព្យួរ​​ទណ្ឌកម្ម​ពី​អ៊ីរ៉ង់ ក្រោយ​​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មែន តែ​អាមេរិក​នៅ​បន្ត​សើរើ​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់ ជា​រៀង​រាល់​១០​ឆ្នាំ​ម្តង គិតចាប់​ពី​ឆ្នាំ​១៩៩៦ ជុំ​វិញ​ការ​មិន​គោរព​សិទ្ធិមនុស្ស​ ទំនាក់ទំនង​​នឹង​អំពើ​ភេរវនិយម និង​កម្មវិធី​មីស៊ីលបាលីស្ទិក។ ទណ្ឌកម្ម​លើ​វិស័យ​ធនាគារ ឧស្សាហកម្ម​ថាមពល​និង​ការពារ​ជាតិ ដែល​បាន​ធ្វើ​ឱ្យ​​សេដ្ឋកិច្ច​អ៊ីរ៉ង់ មាន​កំណើន​តិច​ជាង​ក្តី​សង្ឃឹម។

ក្រៅ​ពី​បានចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប៊ូអ៊ីញ​អាមេរិក អ៊ីរ៉ង់​ក៏​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​យន្តហោះអឺរ៉ុប អ៊ែរប៊ូស​ (គូប្រជែងរបស់​ប៊ូអ៊ីញ) ចង់​ទិញ​យន្តហោះ​ចំនួន​មួយ​រយ​គ្រឿង ព្រោះ​អ៊ីរ៉ង់​​ត្រូវ​ធ្វើ​ទំនើប​កម្មវិស័យ​អាកាសចរណ៍​ស៊ីវិល​ ដោយ​ចង់​​ប្តូរ​ផ្លាស់​យន្តហោះ​ដឹកអ្នក​ដំណើរ​ប្រមាណ​ពី ៤ ទៅ​៥​រយគ្រឿង សម្រាប់​រយៈពេល​១០​ឆ្នាំ​ខាង​មុខ។ អ៊ីរ៉ង់​ក៏​បាន​បញ្ជា​ទិញ​រួច​ហើយ​ដែរ​ យន្តហោះ​៤០​គ្រឿង​ពី​ក្រុមហ៊ុន​បារាំង ៥០ ពី​ក្រុមហ៊ុនប្រេស៊ីល និង​២០​ពី​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ