អានតួអត្ថបទ
អាមេរិក-ជីប៊ូទី

ទស្សនកិច្ច​​រដ្ឋមន្ត្រី​​ការពារ​ជាតិ​​អាមេរិក​​​​​​​នៅ​​​​​​ជីប៊ូទី​

ថ្ងៃអាទិត្យ​នេះ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក ជីម ម៉ាទីស បានធ្វើដំណើរ​​ទៅដល់​​ប្រទេស​ជីប៊ូទី ស្ថិត​ក្នុង​ទ្វីបអាហ្វ្រិក ដើម្បី​ជជែក​ពី​ទំនាក់ទំនង​ទ្វេភាគី ក្នុង​​ការកំចាត់​ក្រុមភេរវជ​ន​ក្នុងតំបន់។ នៅ​ជីប៊ូទី អាមេរិក​មាន​មូលដ្ឋានទ័ព​​​យុទ្ធសាស្ត្រ តែ​នៅ​ក្បែរ​​​មូលដ្ឋាន​ទ័ព​អាមេរិក ចិន​ក៏​កំពុង​សង់​ទីតាំង​យោធា​ខ្លួន​ផងដែរ។​

រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​លោក​ម៉ាទីស ​​នៅ​មូលដ្ឋាន​យោធាអាមេរិក នៅ​ជីប៊ូទី និង​មេបញ្ជាការ​យោធាលោកThomas Waldhauser (ស្តាំ)​
រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​លោក​ម៉ាទីស ​​នៅ​មូលដ្ឋាន​យោធាអាមេរិក នៅ​ជីប៊ូទី និង​មេបញ្ជាការ​យោធាលោកThomas Waldhauser (ស្តាំ)​ Reuters
ផ្សាយពាណិជ្ជកម្ម

ប្រមុខការពារ​ជាតិ​អាមេរិក​ ជីម ម៉ាទីស បាន​ចាកចេញ​ពី​កាតា និង​ធ្វើដំណើរ​ទៅដល់​ប្រទេស​ជីប៊ូទី នៅ​អាហ្វ្រិក នៅថ្ងៃអាទិត្យ​នេះ និង​បាន​ទៅទស្សនកិច្ច​មូលដ្ឋានទ័ព​អាមេរិក នៅ​ទីនោះ។ លោក​ម៉ាទីស មាន​កម្មវិធី​ជួប​មេដឹកនាំ​ជីប៊ូទី ពិសេស​ប្រធានាធីបតី​ អ៊ីស្មាអែល អូម៉ា ហ្គូអេឡិក។ ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ស្ថិត​ក្នុង​​​ក្របខណ្ឌ​ទស្សនកិច្ចនៅ​​តំបន់បូព៌ា និង​អាហ្វ្រិក។

ជីប៊ូទី​មា​នមូលដ្ឋានទ័ព​អាមេរិក​មួយកន្លែង ហៅ​ថា បន្ទាយ​ឡឺ ម៉ូញ៉េ Lemonnier មានទាហាន​​​នៅទីនោះ​ប្រមាណ​៤ពាន់នាក់។ ​ជា​ទីតាំង​យោធា​យុទ្ធសាស្ត្រ​អចិន្ត្រៃយ៍​តែមួយគត់​របស់​អាមេរិក នៅទ្វីប​អាហ្វ្រិក។ មូលដ្ឋាន​ទ័ពអាមេរិក​មួយនេះ ​ធ្វើកិច្ចការ​​គាំទ្រ​ប្រតិបត្តិការ​យោធា​នៅ​អាហ្វ្រិក ពិសេស​នៅ​​សូម៉ាលី។​នៅ​សូម៉ាលី ​​អាមេរិក​ជួយ​ទាហាន​សូម៉ាលី​កំចាត់​ក្រុមភេរវជន​ស្ហេបាប់ ដែល​ជាប់ពាក់ព័ន្ធ​ក្រុ​មអាល់កៃដា។ ​មូលដ្ឋានទ័ព​មួយនេះ ក៏​ប្រើ​សម្រាប់​ប្រតិបត្តិការ​អាមេរិក​​កំចាត់​ក្រុមភេរវជន​នៅ​យេម៉ែន​ផងដែរ។

កន្លងមក ​មេយោធា​អាមេរិកមួយរូប​ នៅ​មូលដ្ឋានទ័ព​នៅ​ជី​ប៊ូទី​ គឺ​លោកThomas Waldhauser បាន​សំដែង​ការបារម្ភ​ទៅកាន់​ប្រធានាធិបតី​ជីប៊ូទី ទាក់ទង​​សកម្មភាពរបស់​ចិន ដែល​កំពុង​តែ​​សាងសង់​ទីតាំង​យោធា​ នៅ​ក្បែរ​មូលដ្ឋាន​ទ័ពអាមេរិក ​ឡឺម៉ូញេ។ ​ទីតាំង​យោធា​ចិនអាច​ទទួល​នាវា​យោធា​ចិន​អោយ​ចូលចត​បាន។

ក្រុង​ប៉េកាំង​ធ្លាប់បាន​ប្រាប់​ជីប៊ូទី​រួចហើយ កាលពី​ឆ្នាំ២០១៥ ពី​បំណង​សង់​ទីតាំង​យោធា​របស់​ខ្លួន។ ​ចិន​ប្រាប់ថា ចង់​ចូលរួម​គាំទ្រ​ទាហាន​មួកខៀវ​នៅអាហ្វ្រិក ចង់​ប្រយុទ្ធ​នឹង​ចោរ​សមុទ្រ​នៅ​សូម៉ាលី រឺ​ក៏​ចង់​​ជួយ​ជម្លៀស​មនុស្ស​នៅ​អាហ្វ្រិក​ ​ករណី​មាន​វិបត្តិ​ជាដើម។ ចិន​វិនិយោគ​​នៅ​​ជីប៊ូទី​​ ​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់បែបយ៉ាង។​ ​​​ប៉ុន្តែ គេមើលឃើញថា ចិន​ជួយ​ជីប៊ូទី គឺ​​ដើម្បី​​ឆ្លៀត​រក​ប្រយោជន៍​សេដ្ឋកិច្ច​នៅ​អាហ្វ្រិ​ក​ច្រើនជាង។ ​

ជីប៊ូទី​ជារដ្ឋតូចមួយ តែ​ស្ថិត​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​លំដាប់ទី១ ដោយសារ​ជីប៊ូទី​ស្ថិត​នៅក្បែរ​ច្រកឆ្នេរ​បាប់ អាល់ ម៉ាន់ដេប ជា​ច្រក​ចេញ​ពី​​សមុទ្រ​ក្រហម ឆ្ពោះទៅ​សមុទ្រ​ឥណ្ឌា ជា​កន្លែង​យុទ្ធសាស្ត្រ​ដ៏ល្អ​សម្រាប់​ការធ្វើ​​ពាណិជ្ជកម្ម៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ