អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

ចិន​បដិសេធ​មិនឲ្យ​នាវា​ចម្បាំង ​អាមេរិក​ចូលចត​នៅ​ហុងកុង

ក្រសួង​ការពារជាតិ​អាមេរិក​បាន​ផ្តល់​ដំណឹង​ថា ​កាល​ពី​ថ្ងៃ​ទី​២៩​មេសា ​អាជ្ញាធរ​ចិន​បាន​បដិសេធ​មិន​ឲ្យនាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក​ ព្រមទាំង​នាវា​រណប​តូចៗ​ផ្សេងទៀត​ចូល​ចត​ នៅ​កំពង់ផែ​ក្រុង​ហុងកុង​ទេ។ ការ​បដិសេធ​របស់​ចិន​នេះ ​ គឺធ្វើឡើង​ក្នុង​ខណៈ​ដែល​ជម្លោះ​ដែនទឹក ​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ កាន់តែ​ឡើង​កំដៅ ​ ហើយ​ទន្ទឹម​ពេល​ដែល​អាមេរិក​ បាន​សន្យា​ជួយ​ការពារ​ហ្វីលីពីន ​ ក្នុងការ​ការពារ​ដែន​ទឹក​របស់​ខ្លួន ​ក៏ដូច​ជា​ការ​ពារ​តំបន់​ចរាចរណ៍​ផ្លូវ​សមុទ្រ​អន្តរជាតិ។

នាវាផ្ទុកយន្តហោះ ឈ្មោះ USS Stennis របស់​កងទ័ព​​ជើងទឹក​​អាមេរិក
នាវាផ្ទុកយន្តហោះ ឈ្មោះ USS Stennis របស់​កងទ័ព​​ជើងទឹក​​អាមេរិក REUTERS/U.S. Navy
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​មន្ទីរ​ប៉ង់តាហ្គូន ​បាន​ផ្តល់​ដំណឹង​ថា ​នាវា​ចម្បាំង​ប្រភេទ​ផ្ទុក​យន្តហោះ​ឈ្មោះ ​USS​ Stennis​ និង​នាវា​រណប​ជាច្រើន​គ្រឿង​ទៀត ​ ដែល​មាន​គម្រោង​ចូលចត​សម្រាក​នៅ​កំពង់ផែ​ហុងកុង ​ត្រូវបាន​អជ្ញាធរ​ចិន​បដិសេធ ​មិន​ឲ្យ​ចូលចត​ទេ។ លោក​បន្ត​ថា ​ អាជ្ញាធរ​ចិន​នៅ​ហុងកុង ​ មិនបាន​បញ្ជាក់​មូលហេតុ​ឲ្យ​បាន​ច្បាស់ ​ស្តី​ពី​ការ​បដិសេធ​នេះ​ទេ ​ តែ​យ៉ាងណា​ក៏​ដោយ ​ ហេតុផល​ដែល​អាច​ឲ្យ​គេ​ស្មាន​បាន​ គឺ​មក​ពី​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

 
អ្នកនាំពាក្យ​ដដែល​បាន​បន្ថែម​ថា ​នាវា​របស់​កងទ័ព​អាមេរិក​ ធ្លាប់​បាន​ចូលចត​នៅ​កំពង់ផែ​ហុងកុង​ រាប់សិប​ដង​មក​ហើយ ​មិនដែល​មាន​បញ្ហា​អ្វី​ទេ ​ហើយ​បច្ចុប្បន្ន​នេះ​ទៀត ​នៅ​ហុងកុង​ក៏​មាន​នាវា​អាមេរិក​មួយ​ឈ្មោះ ​USS Blue Ridge ​កំពុង​តែ​សំចត​ផងដែរ។ ខាង​អាមេរិក​ សង្ឃឹម​ថា​នាវា​នេះ ​ នឹង​នៅ​តែ​អាច​បន្ត​ចត​នៅ​ទីនោះបាន​តទៅ​ទៀត។

សូម​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​១៥​មេសា ​គឺ​នៅ​លើ​នាវា​ USS Stennis ​នេះ​ហើយ​ដែល​លោក​ Ashton Carter​ បាន​ទៅ​ទស្សនកិច្ច ​នៅ​ហ្វីលីពីន ​ក្នុង​តំបន់​កោះ​ដែល​នៅ​ទល់មុខ​នឹង​ប្រជុំ​កោះ​ Spratleys ​ជា​កោះ​ដែល​ចិន​ដណ្តើម​ថា​ជា​របស់​ខ្លួន។ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា​ អាមេរិក​នឹង​ធ្វើ​គ្រប់​យ៉ាង ​ ដើម្បី​ធានា​និង​រក្សា​សន្តិសុខ ​ស្ថិរភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​និង​ជា​ពិសេស​គឺ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​ ដែល​ជា​ផ្លូវ​ឆ្លងកាត់​នៃ​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​មួយ​ ​ដ៏​សំខាន់។ ​ក្នុង​ន័យ​នេះ ​រដ្ឋាភិបាល​អាមេរិក​ បាន​សន្យា​ជួយ​ប្រទេស​ដែល​កំពុង​តែមាន​ជម្លោះ​ជាមួយ​ចិន ​ជុំវិញ​ដែន​អធិតេយ្យ​ក្នុង​សមុទ្រ ​ដូចជា​ហ្វីលីពីន ​វៀតណាម​ ម៉ាឡេស៊ី​ជាដើម ​ដើម្បី​តទល់​ជាមួយ​ភាព​ក្រអឺតក្រទម​ វាទទី​របស់​ចិន។

សម្រាប់​ពេលនេះ ​ អជ្ញាធរ​ចិន​ បាន​បដិសេធ​មិន​ឲ្យ​នាវា​ចម្បាំង​អាមេរិក​ចូលចត ​ ​គឺ​ជា​ការ​ប្រកាស​មួយ​ជា​ឱឡាឫក ​ថា​ចិន​ មិនពេញចិត្ត​នឹង​គោល​ជំហរ​របស់​អាមេរិក​ ដែល​ចូល​មក​លូកដៃ​ក្នុង​កិច្ចការ​ជម្លោះ ​ដែល​ចិន​កំពុងតែ​មាន​ជា​មួយ​ប្រទេស​តូចៗ​ក្នុង​តំបន់​ទេ។ ដោយ​ឡែក ​យើង​ក៏​អាច​ស្មាន​ត្រឡប់​ទៅវិញ​ថា ​អាមេរិក​អាច​មាន​ចេតនា​ចង់​សាកចិត្ត​ចិន​ដែរ ​ដោយបាន​សុំ​ចូលចត​នាវា​ចម្បាំង​របស់​ខ្លួន​នៅ​ហុងកុង ​នា​ពេល​នេះ ​ព្រោះ​មិន​ខ្វះ​ទេ​​កន្លែង​ដែល​អាច​ចូលចត​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ