អានតួអត្ថបទ
ចិន-អាកាសចរណ៍

C919​ យន្តហោះ​ស៊ីវីល​ចំងាយ​មធ្យម​ផលិត​ក្នុង​ស្រុក​របស់​ចិន ​ចាប់ផ្តើម​ហោះ​ដើម​ឆ្នាំ​២០១៧

យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ចិន ​កាល​ពី​ថ្ងៃ​ចន្ទ ​ទី​៦​កុម្ភៈ ​បាន​ឲ្យ​ដឹង​ថា​ យន្តហោះ​ដឹក​អ្នក​ដំណើរ​ចំងាយ​មធ្យម ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ ឈ្មោះ​Comac ​នឹង​ត្រូវ​ដាក់​ឲ្យ​ហោះហើរ​ជា​ផ្លូវការ​ នៅ​រវាង​ឆមាស​ទីមួយ​ឆ្នាំ​២០១៧​នេះ។ រដ្ឋាភិបាល ​និង​វិស័យ​ឯកជន​ចិន ​កំពុង​ព្យាយាម​អភិវឌ្ឍន៍​ ការ​ផលិត​យន្តហោះ​ដោយ​ខ្លួនឯង​ ដើម្បី​បំពេញ​តំរូវការ​នៃ​ការ​ធ្វើ​ដំណើរ ​ក្នុង​ស្រុក ​ដែល​កាន់តែ​កើន​ឡើង​ ជា​លំដាប់។ មក​ទល់​ពេល​នេះ ​មាន​តែ​យន្តហោះ ​Airbus​របស់​អឺរ៉ុប​ និង ​Boeing ​របស់​អាមេរិក​ប៉ុណ្ណោះ​ ដែល​គ្រប់គ្រង​ទីផ្សារ​អាកាសចរណ៍​ស៊ីវីល​ នៅ​ចិន។

យន្តហោះ C919 ​របស់ចិន​ ក្នុង​ពិធី​​តាំង​បង្ហាញ
យន្តហោះ C919 ​របស់ចិន​ ក្នុង​ពិធី​​តាំង​បង្ហាញ Reuters
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ C919 ​គឺ​ជា​ស្នាដៃ​ផលិត​ក្នុង​ស្រុក​របស់​ចិន​សុទ្ធ​សាធ។ ក្រុមហ៊ុន​ផលិត​យន្តហោះ​រដ្ឋ ​របស់​ចិន​ ឈ្មោះ ​Comac​ បាន​អះអាង​ថា​ គេ​នឹង​ប្រឹងប្រែង​ ប្រជែង​ឲ្យបាន​ ជាមួយ​យន្តហោះ ​Airbus A320 ​និង ​យន្តហោះ​​Boeing B737​  ដែល​ជា​យន្តហោះ​ចំងាយ​មធ្យម​ ពេញ​និយម​ជាង​គេ។ យន្តហោះ​ C919 ​របស់​ចិន​ មាន​សមត្ថភាព​ដឹក​មនុស្ស​បាន​១៥០​នាក់ ​ ក្នុង​រយៈចំងាយ​៤០៧៥​គីឡូម៉ែត្រ។

 
បើ​តាម​ការ​ចុះផ្សាយ​របស់ ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី ​បាន​អះអាង​ថា ​គេ​នៅ​សល់​តែ​រៀបចំ​ដំឡើង​ប្រព័ន្ធ​អេឡិចត្រូនិក ​មួយ​ចំនួន​តូច​ ដែល​មិន​ជាប់​ពាក់ព័ន្ធ​ដល់​ប្រព័ន្ធ​បញ្ជា​យន្តហោះ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​យន្តហោះ ​C919 ​នឹង​អាច​ហោះហើរ​លើ​មេឃ​របស់​ចិន ​ នៅ​រវាង​ឆមាស​ទីមួយ ​ឆ្នាំ​២០១៧​នេះ។ យ៉ាងណាមិញ​ ក្រុម​ហ៊ុន ​Comac ​បាន​បញ្ជាក់​ថា ​គេ​បាន​ទទួល​ការ​បញ្ជា​ទិញ​យន្តហោះ ​C919​ នេះ​ ចំនួន​៥៧០​គ្រឿង​រួច​ហើយ ​ពី​សំណាក់​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​២៣។

គួររំលឹក​ថា ​ក្រុមហ៊ុន​Comac ​ធ្លាប់​បាន​ប្រកាស​ថា​ដាក់​ឲ្យ​ហោះហើរ​ យន្តហោះ ​C919 ​នេះ ​កាល​ពី​ឆ្នាំ​២០១៥ ​តែ​កាលបរិច្ឆេទ ​ត្រូវ​បាន​រុញ​រំកិល​ជា​ច្រើន​លើក ​ ដោយសារ​តែ​នៅ​មាន​ការ​ខ្វះខាត​បច្ចេកទេស ​ហើយ​មិន​ទាន់​បាន​ទទួល​លិខិត​អនុញ្ញាត​បច្ចេកទេស ​សព្វគ្រប់។ ដោយឡែក​ក្រុមហ៊ុន​ចិន​នេះ ​ ក៏​ធ្លាប់​បាន​ផលិត​យន្តហោះ​ខ្នាត​តូច​ប្រភេទ ​ARJ21 ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ហោះហើរ​ជា​ផ្លូវការ​ នៅ​ចិន​ កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៦។

សូមបញ្ជាក់ ​តម្រូវ​ការ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ចំងាយ​មធ្យម ​សម្រាប់​ការ​ហោះហើរ​ក្នុង​ស្រុក ​នៅ​ក្នុង​ប្រទេស​ចិន ​បាន​កើនឡើង​ជា​លំដាប់ ​ ដោយសារ​តែ​ប្រជាជន​ចិន​​ដែល​មាន​ជីវភាព​ធូរធា​មាន​កាន់​តែ​ច្រើន ​ ហើយ​ព្រម​ជាមួយ​នឹង​ការ​រីកចំរើន​ នៃ​វិស័យ​ទេសចរណ៍។ យោង​តាម​តួលេខ​របស់​ក្រុមហ៊ុន​ Airbus ​បាន​បង្ហាញ​ថា ​ទីផ្សារ​អាកាសចរណ៍​ស៊ីវីល​ចិន​ ត្រូវការ​យន្តហោះ​ប្រមាណ​ជា​៦០០០​គ្រឿង​បន្ថែមទៀត ​ក្នុង​កំឡុង​ពេល​២០ឆ្នាំ​ ទៅ​មុខ។ តំរូវ​ការ​នេះ ​បើ​គិត​ជា​ទឹកប្រាក់ ​ស្មើនឹង​៩៤៥​លាន​ដុល្លារ។ ដោយ​ឡែក​ក្រុមហ៊ុន​ Boeing ​បាន​ប៉ាន់​ប្រមាណ​តួលេខ ​លើសពី​នេះ​បន្តិច​ទៀត​ផង។

ដើម្បី​អាច​ឈរជើង​លើ​ទីផ្សារ​ចិន    ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ក្រុមហ៊ុន​Airbus  និង Boeing ​បាន​ព្យាយាម​​យកចិត្ត​រដ្ឋាភិបាល​ចិន ​ ​ តាម​រយៈ​ការ​បង្កើត​រោងចក្រ​តំឡើង ​និង​បាញ់​ថ្នាំ​យន្តហោះ​របស់​ពួកគេ ​នៅ​ក្នុង​ស្រុក​ចិន។ តែ​យ៉ាងណា ​ជាមួយ​នឹង ​យន្តហោះ ​C919 ​ស្នាដៃ​របស់​ចិន ​ ប្រាកដ​ជា​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​ប្រែប្រួល​មិន​ខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ