អានតួអត្ថបទ
គៀរហ្ស៊ីស្តង់

សភាពអាសន្ន ត្រូវ​បាន​ប្រកាស​នៅ Djalal-Abad ជា​ទីក្រុង​ទី២ នៅ​ខាង​ត្បូង​ប្រទេស Kirghizstan

សាធារណរដ្ឋ Kirghizstan នៅថ្ងៃសៅរ៍ម្សិលមិញ ១២មិថុនា- ​បាន​ប្រកាស​សភាព​អាសន្ន​នៅទី​ក្រុង​ទី ២ Djalal-Abad ខាង​ត្បូង​ប្រទេស​នេះ នៅ​អាស៊ី​កណ្តាល និង​បាន​បញ្ជា​ឲ្យ​មាន​កំណែន​មួយ​ភាគ​នៃ​កងទ័ព​ បន្ទាប់ពី​មាន​ហិង្សា​បង្ហូរ​ឈាម​រវាង​ក្រុម​ជាតិ​ពន្ធុ Ouzbeks និង Kirghizs ចាប់​ផ្តើម​​តាំង​​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​មក​ថ្ងៃ​សុក្រ​១១​មិថុនា។

អគារ​មួយ​នៅ​​ក្នុង​ក្រុង​ Ochត្រូវ​ភ្លើង​ឆាប​ឆេះ ឯអំពើ​ហិង្សា​ក៏​កំពុង​បន្ត
អគារ​មួយ​នៅ​​ក្នុង​ក្រុង​ Ochត្រូវ​ភ្លើង​ឆាប​ឆេះ ឯអំពើ​ហិង្សា​ក៏​កំពុង​បន្ត Alexei Osokin/Reuters
ផ្សាយពាណិជ្ជកម្ម

02:05

សេចក្តី​រាយការណ៍​របស់ វីនស្តុន រតនា

សភាពអាសន្ន​ត្រូវ​បាន​រដ្ឋាភិបាល​ស្តីទី ប្រកាស​នៅ​ទីក្រុង​Djalal-Abad​ ជា​សេចក្តី​សំរេចចិត្ត​ធ្វើ​ទាំង​បង្ខំ​ ពីព្រោះ​មណ្ឌល​អស្ថិរកម្ម​រីករាលដាល។ អំពើ​ហិង្សា ​ចំនួន​នៃ​ការ​លួច​ប្លន់​ឆក់​ និង​ការ​សម្លាប់​រង្គាល​កើន​ឡើង។ ប្រសិន​បើ​គេ​ពុំ​ចាត់​វិធានការ​សម​ស្រប​យ៉ាង​សក្តិសិទ្ធិ​ទេ​នោះ​ចលាចល​អាច​រីក​កាន់​តែ​ធំ​ និង​ប្រែ​ក្លាយ​ទៅ​ជា​អធិករណ៍​ភូមិភាគ។

 
ដើម្បីរ៉ាប់រងសន្តិសុខសំរាប់ពលរដ្ឋការពាររបបត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនិងធ្វើឲ្យ​មាន​របៀប​រៀប​រយ​ឡើង​វិញ​រដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​មាន​កំណែន​មួយ​ភាគ​នៃ​កងទ័ព។ ម្យ៉ាង​ទៀត​រដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​កង​កម្លាំង​រក្សា​របៀប​រៀប​រយ​បាញ់​ដោយ​ពុំ​ចាំ​បាច់​ស្រែក​ព្រមាន​ប្រាប់​ជា​មុន ទៅ​លើ​ក្រុមជន​ណា​ដែ​​លប្រើ​កាំភ្លើង​នៅ​ខាង​ត្បូង​ប្រទេស។

ចាប់ពីថ្ងៃសុក្រ១១មិថុនាមក សភាពការណ៍​ប្រែក្លាយ​ទៅ​ជា​មាន​លក្ខណៈ​ពុំ​អាច​ឲ្យ​ត្រួត​ពិនិត្យ​បា​ន​ទៀត​ឡើយ-​នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​ប្រធានាធិបតី​ស្តី​ទី​ Roza Otounbaïeva បន្ទាប់​​ពី​​ទិវា​​ទី ២ នៃ​​ហិង្សា​​រវាង​​ពួក Kirghizs និង​ជនជាតិ​ភាគ​តិច Ouzbeks ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​៧៩​នាក់​និង​របួស​ជិត​១០០០​នាក់​-​ស្រប​តាម​តួលេខ​ថ្មី​របស់​ក្រសួង​សុខាភិបាល Kirghizstan។

នៅថ្ងៃសុក្ររដ្ឋាភិបាលបាន​ប្រកាស​សភាព​អាសន្ន និង​បំរាម​គោចរ​នៅ​ទីក្រុង 0ch និង​នៅ​ស្រុក​ជិត​ខាង​ជាច្រើន​ទៀត។

ពួកជនក្លាហានបំផុតចេញដើរតាមផ្លូវទទេគ្មានមនុស្ស​ម្នា​ដើម្បី​កត់​សំគាល់​ការខូច​ខាត។ ពួក Ouzbeks ពិភាក្សា​រួម​គ្នា​អំពី​អាវុធ​ដែល​ពួក​ខ្លួន​មាន និង​អំពី​ការ​អាច​មាន​អំពើ​សងសឹក​តប​ត​វិញ​នៅ​ថ្ងៃ​មុខ។

ប្រទេសរុស្ស៊ីបានផ្តល់ជំនួយមនុស្សធម៌ឲ្យ Kirghizstan ប៉ុន្តែ Kirghizstan បាន​បដិសេធ​ជំនួយ​យោធា។

ស.រ.អា. នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ «កសាង​សន្តិភាព និង​សណ្តាប់​ធ្នាប់​ជា​សាធារណៈ​ឡើង​វិញ​ឲ្យ​បាន​ឆាប់​រហ័ស»​ នៅ​ខាង​ត្បូង Kirghizstan និង បាន​ថ្លែង​ការ​គាំទ្រ​ចំពោះ​ការ​ខំ​ប្រឹង​ប្រែង​របស់​អ.ស.ប. និង​អឺរ៉ូប​ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​រវាង​ក្រុម​ជាតិពន្ធុ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ