អានតួអត្ថបទ
សិង្ហបូរី

សិង្ហបូរី រង​គ្រោះដោយ​ផ្សែង​​ដែល​មាន​ជាតិពុលលើស​​កម្រិតធម្មតា

ប្រជាជន​សិង្ហបូរី កំពុង​តែ​ទទួល​រង​នូវ​ផ្សែង​ពុល​យ៉ាង​ខ្លាំងក្លា ​ធ្វើ​ឱ្យ​ប្រជាជន​ទាំងអស់​មាន​ការ​ព្រួយ​បារម្ភ ពី​បញ្ហា​​សុខភាព។ ផ្សែង​ដែល កកកុញ​ពាស​ពេញ​អាកាស បណ្តាល​មក​ពី​ការ​ដុត​ព្រៃ ដោយ​ចេតនា នៅ​តំបន់​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូណេស៊ី។

ប្រជាជន​ពាក់ម៉ាស​ការពារ​​ផ្សែង​ពុល នៅ​តាម​ដង​ផ្លូវ នៃ​ទីក្រុង​សិង្ហបូរី ថ្ងៃទី២១ មិថុនា ឆ្នាំ២០១៣
ប្រជាជន​ពាក់ម៉ាស​ការពារ​​ផ្សែង​ពុល នៅ​តាម​ដង​ផ្លូវ នៃ​ទីក្រុង​សិង្ហបូរី ថ្ងៃទី២១ មិថុនា ឆ្នាំ២០១៣ REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

អស់​រយៈ​ពេល​ជិត​មួយ​សប្តាហ៍​មក​ហើយ ប្រជាជន​សិង្ហបូរី បាន​រស់​នៅ ក្រោម​ឥទ្ធិពល នៃ​ផ្សែង​ពុល ដែល​សាយភាយ​ពាសពេញ​ទីក្រុង​ទាំងមូល បណ្តាល​មក​ពី​ការ ដុត​ព្រៃ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​សិង្ហបូរី បាន​ធ្វើ​ការ​ប្រកាស​អាសន្ន អំពី​គ្រោះថ្នាក់​នេះ​ដោយ​ប្រតិកម្ម​ខ្លាំងៗ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ចំពោះ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ដែល​ហាក់​ដូច​ជា​មិន​សូវ​ចង់​ទទួល​ខុសត្រូវ​លើ​បញ្ហា​ខាង​លើ។

 
ជា​រៀងរាល់​ឆ្នាំ នៅ​រដូវ​នេះ ទី​ក្រុងសិង្ហបូរី​តែងតែ​ទទួល​រង​នូវ​ផ្សែង​ពុល​ដូចគ្នា ព្រោះ​ថា​ប្រជាជន​ដែល​រស់​នៅ​កោះ ស៊ូម៉ាត្រា មិន​ចោល​ប្រពៃណី នៃ ការ​ដុត​ព្រៃ​របស់​ខ្លួន​ដើម្បី​សម្អាត​ដី​ចំការ។ តែឆ្នាំនេះ គេ​បាន​រក​ឃើញ​ថា ក្នុង​ផ្សែង​មាន​កម្រិត​ជាតិ​ពុល លើស​ពី​កម្រិត​ធម្មតា ដែល​វា​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព​ប្រជាជន​សិង្ហបូរី ដែល​មាន​ប្រមាណ​ជាង ៥លាន ៣សែន​នាក់។

ឆ្លើយ​តប​នឹង​ប្រតិកម្ម​របស់​សិង្ហបូរី រដ្ឋមន្ត្រី​ព្រៃឈើ​របស់​ឥណ្ឌូណេស៊ី បាន​ឆ្លើយ​ដោយ សោះកក្រោះ​ថា សូម​សិង្ហបូរី បញ្ឈប់​នូវ​ប្រតិកម្ម ដែល​ហាក់​ដូច​ជា​កូនក្មេង​នេះ​ទៀត​ទៅ។ ដោយ​រដ្ឋមន្ត្រី​រូប​នោះ​បាន​អះអាង​ថា កំហុស​ទាំងអស់​មិនមែន​បណ្តាល​មក​ពី​ភាគី ឥណ្ឌូណេស៊ី​ទាំងអស់​នោះ​ទេ។ គឺ​វា​បណ្តាល​មក​ពី អ្នក​ដាំ​ដូងប្រេង​របស់​សិង្ហបូរី​ផ្ទាល់ និង​ម៉ាឡេស៊ី ដែល​មាន​ដី​ចំការ​នៅ​កោះស៊ូម៉ាត្រា បាន​នាំ​គ្នា​ដុត​ចំការ​របស់​ខ្លួន​ផង​ដែរ។

ទីក្រុង​សិង្ហបូរី​ទាំងមូល មាន​សុទ្ធសឹង​តែ​អគារ ដែល​មាន​កម្ពស់​ជាង​៥០ជាន់។ តែ​ពេល​នេះ គេ​ឃើញ​មាន​តែអព្ទផ្សែង​ពាសពេញ​មេឃ។ នៅ​សឹង​គ្រប់​ឧសថស្ថាន គេ​ស្ទើ​តែ​ដើរ​រក​ទិញ​មិន​បាន​នូវ​ម៉ាស់ការពារ ដោយ សារ​តែ​គេ​លក់​អស់​រលីង​ពី​ស្តុក។ ចំណែក​ភោជនីយដ្ឋាន​មួយ​ភាគធំ​វិញ បាន​បិទទ្វា​របស់​ខ្លួន។

បើ​សិន​ជា​ផ្សែងពុល​នៅ​តែ​បន្ត​មាន រហូត​ដល់​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត រដ្ឋាភិបាល របស់​ប្រទេស​​ដ៏​​តូច​មួយ​​នេះ មាន​ការ​បារម្ភថា នឹង​មាន​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ និង​ជា​ពិសេស​ដល់​វិស័យ​ទេសចរណ៍។

ដើម្បី​ដោះស្រាយ​បញ្ហា​ខាង​លើ អជ្ញាធរ ឥណ្ឌូណេស៊ី គ្រោង​នឹង​បង្តើត​ឱ្យ​មាន​ជា​ភ្លៀង សប្បនិម្មិត។ ដោយ​គេ​ប្រើ​យន្តហោះ និង​ឧទ្ថម្ភាគចក្រ ដើម្បី​បាច​ទឹក​នៅ​លើ​អាកាស។

សូម​រម្លឹក​ថា នៅ​ក្នុង​ឆ្នាំ១៩៩០ ប្រទេស​ជា​ច្រើន​នៅ​ក្នុង​បណ្តា​ប្រទេស អាស៊ី​អាគ្នេយ៍ បាន​រង​ផល​ប៉ះពាល់​ដោយ​ផ្សែង​ពុល​ម្តង​រួច​ទៅ​ហើយ។ កាល​នោះ បាន​ធ្វើ​ឱ្យ​ខូចខាត ដល់​វិស័យ​ជា​ច្រើន ជា​ពិសេស​វិស័យ​អាកាសចរ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ២០លាន​ដុល្លា​សហរដ្ឋអាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ