អានតួអត្ថបទ
កូរ៉េខាងជើង

យន្តហោះ​ជំនាន់​សូវៀត​ពីរ​គ្រឿង ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​កប៉ាល់​របស់​កូរ៉េ​ខាង​ជើង

ប៉ាណាម៉ាបាន​រក​ឃើញ​យន្ដហោះ​ចម្បាំង​ចំនួន​២​គ្រឿង ដែល​ផលិត​តាំង​ពី​សម័យ​សហភាព​សូវៀត នៅ​ក្នុង​កប៉ាល់​របស់​កូរ៉េ​ខាង​ជើង។ ជា​យន្តហោះ​សេរ៊ី MiG-21 ដែល​មាន​វ័យ​ចំណាស់ កប់​នៅ​ក្រោម​គំនរ​ស្ករ​ស ក្នុង​កប៉ាល់​របស់​កូរ៉េ​ខាង​ជើង​ដែល​អាជ្ញាធរ​ប៉ាណាម៉ា​បាន​ឃាត់​ទុក កាល​ពី​ពាក់​កណ្ដាល ខែ​កក្កដា​នេះ​។

កប៉ាល់​កូរ៉េខាង​ជើង ឃាត់​នៅ​ Panama
កប៉ាល់​កូរ៉េខាង​ជើង ឃាត់​នៅ​ Panama Reuters
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​សព្វាវុធ​ចាស់​ៗ ឥឡូវ​នេះ អាជ្ញាធរ​នៃ​សាធារណរដ្ឋ​ប៉ាណាម៉ា បាន​ប្រកាស​ជា​ថ្មី​ទៀត​ថា ខ្លួន​បាន​រក​ឃើញ​យន្ដហោះចម្បាំង ​​ប្រភេទ MiG-21 ដ៏​ចំណាស់​​​ចំនួន​២​គ្រឿង ដែល​ផលិត​តាំង​ពី​សម័យ​​សហភាព​សូវៀត។

យន្ដហោះ​ចម្បាំង​​ប្រភេទ​ល្បឿន​លឿន​ជាង​សំឡេង MiG-21 ទាំង​ពីរ​គ្រឿង​នេះ ត្រូវ​បាន​គេ​រក​ឃើញ នៅ​ក្បែរ​គំនរ​គ្រាប់​មីស៊ីល និង​គ្រឿង​សព្វាវុធ ដែល​កប់​នៅ​ពី​ក្រោម​បាវ​ស្ករស។ ប៉ាណាម៉ា​យល់​ថា ការ​ដឹក​ជញ្ជូន​យន្ដហោះ​ចម្បាំង​នេះ ជា​ការ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។ ជា​​សេចក្តីសម្រេច​លេខ ១៧១៨ ចុះថ្ងៃទី១៤ ខែ​តុលា ឆ្នាំ​២០០៦ អំពី​ការ​ហាមឃាត់​រាល់ការ​នាំចេញ និង​នាំចូល​ទៅ​កូរ៉េ​ខាងជើង នូវ​រាល់​គ្រឿង​សព្វាវុធ​​ធុន​ធ្ងន់ ដូចជា រថក្រោះ រថពាសដែក មីស៊ីល យន្តហោះចម្បាំង ព្រមទាំង​គ្រឿង​បន្លាស់ និង​ផ្នែក​ផ្សេងទៀត ដែល​គណៈកម្មាធិការ​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជា​អ្នក​កំណត់។

កូរ៉េខាងជើង និង​គុយបា​វិញ បានអះអាង​​ថា គ្រឿ​ង​សព្វាវុធ និង​គ្រាប់​មីស៊ីល​ចាស់ៗ នៅ​លើ​កប៉ាល់នោះ គឺ​ជា​​របស់​​គុយបា ដែល​បញ្ជូនទៅ​ឲ្យ​កូរ៉េ​ខាង​ជើង​​ជួសជុល។ ​យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​ប៉ាណាម៉ា​បាន​ស្នើ​សុំ​​​ឲ្យ​អ្នក​ជំនាញ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ មក​​ពិនិត្យ​​កប៉ាល់​របស់​កូរ៉េ​ខាងជើង ហើយ​តាម​គម្រោង អ្នក​ជំនាញ​របស់​ អ.ស.ប. នឹង​ម​កដល់​ប៉ាណាម៉ា នៅ​ថ្ងៃទី៥ សីហា​ខាងមុខ។

អ្នក​ដើរ​កប៉ាល់​៣៥​នាក់​របស់​កប៉ាល់​កូរ៉េ​ខាង​ជើង​​ខាង​លើ ត្រូវ​បាន​សាធារណរដ្ឋ​ប៉ាណាម៉ា ឃាត់​ខ្លួន ហើយ​ថែម​ទាំង​អាច​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ពី​បទ​ជួញ​ដូរ​សព្វាវុធ​ថែម​ទៀត​ផង។ កូរ៉េខាង​ជើង​ឯ​ណេះ​វិញ បាន​ទាម​ទារ​យ៉ាង​ទទូច ​ឲ្យ​ប៉ាណាម៉ា​ដោះ​លែង​អ្នក​ដើរ​កប៉ាល់​ទាំង​អស់​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប៉ាណាម៉ា​បាន​ឃាត់​កប៉ាល់​មួយ​ដែល​មាន​ដោត​ទង់​ជាតិ​កូរ៉េ​ខាង​ជើង​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ កក្កដា​កន្លង​ទៅ។ ប៉ាណាម៉ា ឃាត់​កប៉ាល់​ខាង​លើ ព្រោះ​​សង្ស័យ​ថា មាន​ដឹក​ថ្នាំញៀន។ ប៉ុន្តែ ក្រោយ​ពី​​ចុះឆែកឆេរ​គ្រប់កន្លែង​ក្នុង​កប៉ាល់ គេ​ឃើញ​បាវ​ស្ករ​ជាង​២ម៉ឺនតោន​ ដែល​គេ​ដាក់គរ​បាំង​កុងទឺណឺ។ ហើយ​ក្នុង​កុងទឺណឺ​ទាំង​នោះ គេ​រកឃើញ គ្រាប់​មីស៊ីល គ្រឿង​សព្វាវុធ និង​គ្រឿង​បន្លាស់​របស់​វា​ជា​ច្រើនទៀត។ ចុង​ក្រោយ​នេះ ប៉ាណាម៉ា ទើប​តែ​រក​ឃើញ​យន្ដហោះ​ចម្បាំង​ដ៏​ចំណាស់​ពីរ​គ្រឿង​ទៀត ដែល​កប់នៅ​​ក្រោម​គំនរ​បាវ​ស្ករ​ជា​ច្រើន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ