អានតួអត្ថបទ
ប៉ាគីស្ថាន-អាមេរិក

ប្រមុខ​ការបរទេស​អាមេរិក​ទៅ​ប៉ាគីស្ថាន​ដើម្បី​ស្តារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ

ដោយមិនប្រកាស​ឲ្យ​ដឹងមុន លោកប្រមុខការបរទេស​អាមេរិក John Kerry​បាន​ធ្វើដំណើរ​ទៅប្រទេស​ប៉ាគីស្ថាន កាលពីថ្ងៃ​ពុធ ដោយ​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី​ថ្មី​របស់​ប៉ាគីស្ថាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១ សីហា ២០១៣។ ទស្សនកិច្ច​មិនព្រាងទុក​របស់​រដ្ឋមន្រ្តីការបរទេស​អាមេរិក​មាន​គោលដៅ​បញ្ចុះបញ្ចូល​កងទ័ព និង​​រដ្ឋាភិបាល​អ៊ីស្លាម៉ាបាត ឲ្យ​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ចលនា​ពួកឧទ្ទាម​អ៊ីស្លាមជ្រុល​និយម ដែល​កំពុង​បង្ក​សម្បុក​លាក់ខ្លួន ក្នុង​ទឹកដី​ប៉ាគីស្ថាន ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អាហ្វហ្កានីស្ថាន។

លោក​ប្រមុខការបរទេស​អាមេរិក (ឆ្វេង)ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ប៉ាគីស្ថាន​ដែល​ត្រូវ​បញ្ចប់​អាណត្តិ
លោក​ប្រមុខការបរទេស​អាមេរិក (ឆ្វេង)ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ប៉ាគីស្ថាន​ដែល​ត្រូវ​បញ្ចប់​អាណត្តិ ©REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

 

លោក​ John Kerry​បាន​ប្រគល់​លិខិត​អញ្ជើញ​មួយ​របស់​លោកប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ដែល​ចង់​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ​Nawar Sharif ដែល​ទើប​ជាប់​ឆ្នោត និង​ចូលកាន់តំណែង កាលពី​ខែ​មិថុនា​កន្លងទៅ។ ដោយ​អញ្ជើញ​ថ្នាក់ដឹកនាំថ្មី​របស់​ប៉ាគីស្ថាន ឲ្យ​ចូលជួប​ជាមួយ​លោក​អូបាម៉ា ទីក្រុង​វ៉ាស៊ីនតោន​សង្ឃឹម​ស្តារ​ទំនាក់ទំនង​ឲ្យ​ល្អ​ឡើងវិញ ជាមួយ​ទីក្រុង​អ៊ីស្លាម៉ាបាត។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​ជាប់គាំង និង​ល្អក់កករ បន្ទាប់ពី​កងទ័ព​អាមេរិក​បាន​បើក​ការប្រយុទ្ធ សម្លាប់​អូសាម៉ា បិនឡាដិន ក្នុង​ទឹកដី​ប៉ាគីស្ថាន ដោយ​មិន​ជូនដំណឹង​ជាមុន​ដល់​រដ្ឋាភិបាល​ម្ចាស់ស្រុក កាលពី​ខែ​ឧសភា ឆ្នាំ ២០១១​កន្លងទៅ។

ចាប់តាំង​ពី​ប៉ាគីស្ថាន​មាន​នាយក​រដ្ឋមន្រ្តីថ្មី នេះ​ជា​លើកទីមួយ ដែល​មន្រ្តី​ជាន់ខ្ពស់​របស់​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​ប៉ាគីស្ថាន។ ក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្រ្តី Nawar Sharif ប្រមុខការបរទេស​អាមេរិក​ទាមទារ​សុំ​ឲ្យ​ភាគី​ប៉ាគីស្ថាន​ចាត់​វិធានការ​ប្រយុទ្ធ​ប្រឆាំង នឹង​ក្រុម​ឧទ្ទាម​តាលីបង់ ដែល​សម្ងំ​លាក់ខ្លួន នៅក្នុង​ទឹកដី​ប៉ាគីស្ថាន ក្បែរ​ទៅរក​ព្រំដែន​ជាមួយ​អាហ្វហ្កានីស្ថាន ជាទី​ដែល​អាមេរិក​ត្រូវ​ដក​កងទ័ព​ចេញ​ឲ្យ​អស់ នៅ​ចុងឆ្នាំ ២០១៤។ តាមមន្រ្តីទូត ការទាមទារ​របស់អាមេរិក​ពី​ប៉ាគីស្ថាន​បានទទួល​លទ្ធផល​តិចតួច ដោយ ប៉ាគីស្ថាន ដែល​ជា​ប្រទេស​អ៊ីស្លាម​តែមួយ មាន​អាវុធ​នុយក្លេអ៊ែរ មិនសូវ​សហការ​ណាស់ណា​ជាមួយ​អាមេរិក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមអ៊ីស្លាមជ្រុលនិយម។

អាមេរិក និង​ប៉ាគីស្ថាន​ទាមទារ​ចង់បាន​រៀងៗ​ខ្លួន។ ប៉ាគីស្ថាន​​ចង់​បាន​ពី​អាមេរិក នូវ​ការគោរព​បូរណភាព​ទឹកដី​របស់​ប៉ាគីស្ថាន។ ពោល​គឺ​អាមេរិក​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ការបើក​វាយប្រហារ​របស់​យន្តហោះ គ្មានមនុស្ស​បើកDrones ក្នុង​ទឹកដី​ប៉ាគីស្ថាន។

ក្នុង​កែវភ្នែក​របស់​ប៉ាគីស្ថាន ការវាយប្រហារ​របស់​យន្តហោះ​Drones របស់​អាមេរិក ក្នុង​ទឹកដី​ប៉ាគីស្ថាន មិនត្រឹម​តែ​រំលោភ​លើ​អធិបតេយ្យ​ភាព​របស់​ប៉ាគីស្ថាន​ប៉ុណ្ណោះទេ ប៉ុន្តែ វា​បាន​សម្លាប់​ប្រជាជន​ស៊ីវិល រាប់រយ​នាក់។

ប៉ុន្តែ សម្រាប់​អាមេរិក​វិញ គេ​ចាំបាច់​ត្រូវ​ប្រើ​យន្តហោះ​Drones ព្រោះ​វា​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមអ៊ីស្លាម​ជ្រុលនិយម។ នាយករដ្ឋមន្រ្តី​ថ្មី​របស់​ប៉ាគីស្ថាន​ធ្លាប់​បាន​បញ្ជាក់​ហើយថា លោក​ចង់​ពង្រឹង​ទំនាក់ទំនង​ល្អ​ឡើងវិញ​ជាមួយ​អាមេរិក ប៉ុន្តែ ក្នុង​លក្ខខណ្ឌ​ដែល​អាមេរិក​យល់ដឹង​ពី​ការព្រួយបារម្ភ​របស់​ប៉ាគីស្ថាន ទាក់ទង​នឹងនយោបាយ​វាយប្រហារ​តាម​យន្តហោះ​Drones ក្នុង​ទឹកដី​ប៉ាគីស្ថាននេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ